ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការរំលាយ CNRP៖ EU បន្ទោស តែ​ចិន​បង្ហាញ​ជំហរ​គាំទ្រ​
21, Nov 2017 , 11:28 am        
រូបភាព
រូបលោក វ៉ាង យី ចាប់ដៃជាមួយ​លោកស្រី Federica Mogherini និងរូបលោក ប្រាក់ សុខុន។ រូបថត AFP
រូបលោក វ៉ាង យី ចាប់ដៃជាមួយ​លោកស្រី Federica Mogherini និងរូបលោក ប្រាក់ សុខុន។ រូបថត AFP
​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ស្ថិតក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣​នៅ​ក្រុង​ណៃ​ពិដោរ ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នៅ​ទីនោះ លោក​ទទួលបាន​ការគាំទ្រ​ផង និង​ការបន្ទោស​ផង ជុំវិញ​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​។​



​រដ្ឋាភិបាល​ចិន ជឿជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា នា​ឆ្នាំ​២០១៨​ខាងមុខ នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​រំលាយ​។ នេះ​បើតាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីការបរទេស​ចិន ទៅកាន់​លោក ប្រាក់ សុខុន ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ក្នុងជំនួប​ទ្វេរ​ភាគី ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប (ASEM) នៅ​ក្រុង​ណៃ​ពិដោរ ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២០ វិច្ឆិកា លោក វ៉ាង យី បានបង្ហាញ​ជំហ​យ៉ាង​ដូច្នេះ​ថា​៖«​ចិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ដែល​ខិតខំ​ប្រឹងប្រែង​ការពារ​ស្ថេរភាព​នយោបាយ និង​សម្រេចបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ ចិន​ក៏​ជឿជាក់ថា រដ្ឋាភិបាល​កម្ពុជា នឹង​អាចដឹកនាំ​ប្រជាជន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងស្រុក និង​ក្រៅប្រទេស​។ ហើយ​វា​នឹងធ្វើ​ឲ្យ​ដំណើការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយនេះ ប្រព្រឹត្ត​ដោយ​រលូន​»​។​

​នាឱកាស​នោះ​ផងដែរ លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​សន្តិសុខ និង​ការបរទេស​នៃ​សហភាព មើលឃើញ​ផ្ទុយ​ពី​លោក វ៉ាង យី​។ លោកស្រី Federica ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​អឺរ៉ុប​ផងដែរ​នោះ បាន​វាយតម្លៃថា ការបន្ត​ឃុំខ្លួន​មេបក្ស​ប្រឆាំង និង​ការរំលាយ​គណបក្ស​មួយ​នេះ ជាការ​ដើរ​ឆ្ងាយ​ពី​ពហុបក្ស និង​ប្រជាធិបតេយ្យ​។​


                             រូបពីហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា

​ជាមួយនឹង​ការចង់​ឃើញ ការដកចេញ​នូវ​ចំណាត់ការ​នានា​លើ​បក្សប្រឆាំង លោកស្រី Federica ​បាន​រម្លឹក​ពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ការអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​ពឹងផ្អែក​សំខាន់​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​គោលការណ៍​ប្រជាធិបតេយ្យ​របស់​កម្ពុជា​។

​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេលខាងមុខ អាមេរិក​ក៏បាន​ព្រមាន​ផ្ដាច់ជំនួយ ដោយសារ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។ តែ​យ៉ាងណា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ធ្លាប់បាន​បញ្ជាក់ថា បើទោះជា​គ្មាន​ជំនួយ​ពី​បរទេស ក៏​ដំណើការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ជាធម្មតា​ដែរ ព្រោះ​រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​៥២​លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​មិន​ខ្វល់​ពី​បរទេស ដែល​មិន​ចង់​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា ដោយសារតែ​បញ្ហា​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។
អត្ថបទទាក់ទង

​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយរ​បស់​ថ្នាក់ដឹកនាំ​បក្ស​នេះ រយៈពេល​៥​ឆ្នាំ តាម​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ១៦ វិច្ឆិកា​។
​ក្រោយ​ការរំលាយ​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ដែល​វាយតម្លៃ​អំពី​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ ខណៈ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បានលើកឡើង​អំពី​ការ​លទ្ធភាព​នៃ​ការបាត់បង់​ជំនួយ​ខ្លះ​របស់​កម្ពុជា​ផងដែរ​៕



Tag:
 ប្រាក់ សុខុន​
 ​ ចិន​
 ​ បោះឆ្នោត​
  វ៉ាង យី​
  Federica Mogherini
© រក្សាសិទ្ធិដោយ thmeythmey.com