កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tony Pulis ជាអ្នកចាត់ការទី៥ នៅ EPL ត្រូវបានបញ្ចប់តំណែង
× លោក Tony Pulis ត្រូវបានក្លិប West Bromwich Albion បញ្ឈប់ពីតំណែងអ្នកចាត់ការទូទៅបន្ទាប់ពីដឹកនាំក្រុមមិនបានល្អស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្បែរតំបន់ត្រូវកាត់ចោលពីក្របខណ្ឌ Premier League។
ក្រោមការដឹកនាំ១២ប្រកួតក្នុងលីកកំពូលអង់គ្លេសកន្លងមករបស់អ្នកចាត់ការសញ្ជាតិវេលស៍ វ័យ៥៩ឆ្នាំ ក្រុមរហស្សនាម Baggies ឈ្នះតែពីរប្រកួតដំបូងប៉ុណ្ណោះ ហើយ១០ប្រកួតចុងក្រោយទទួលបានត្រឹមស្មើនិងចាញ់។
ការប្រកួតចុងក្រោយចាញ់ក្រុម Chelsea ក្នុងផ្ទះខ្លួនឯងរហូត ៤-០ កាលពីថ្ងៃសោរ៍ទី១៨ ខែវិច្ឆិកា ទើប West Bromwich សម្រេចដកលោក Pulis ចេញពីតំណែងតែម្តង។
ដោយសារមិនទាន់រកអ្នកជំនួសតំណែងបាន លោក Gary Megson ដែលជាជំនួយការគ្រូបង្វឹកបច្ចុប្បន្ននឹងត្រូវឡើងកាន់កាន់កាប់ក្រុមបណ្តោះអាសន្នសិន។
សូមបញ្ជាក់ថា លោក Pulis ជាអ្នកចាត់ការទូទៅទី៥ហើយដែលត្រូវបានបញ្ចប់ពីតំណែងពីក្រុមក្នុងក្របខណ្ឌ Premier League រដូវកាលនេះ បន្ទាប់ពី លោក Frank de Boer ដែលត្រូវ Crystal Palace បណ្តេញចេញក្រោយដឹកនាំបាន៧៧ថ្ងៃ លោក Craig Shakespeare បានចាកចេញពី Leicester ក្នុងរយៈពេលត្រឹមតែ៤ខែបន្ទាប់ពីចុះកិច្ចសន្យារយៈពេល៣ឆ្នាំ។ លោក Ronald Koeman ចេញពី Everton និង លោក Slaven Bilic ចេញពី West Ham៕
Tag:
បាល់ទាត់
West Bromwich
Tony Pulis
© រក្សាសិទ្ធិដោយ thmeythmey.com