អន្តរជាតិ
អាំ​ស្ទែ​ដាំ​, ប៉ារីស ក្លាយជា​ទីតាំង​ថ្មី​សម្រាប់​ទីភ្នាក់ងារ​អឺរ៉ុប ដែល​ចាក​ចេញពី​ចក្រភព​អង់គ្លេស​
21, Nov 2017 , 3:46 pm        
រូបភាព
​ស្ថាប័ន​ធំៗ​ពីរ​នឹងត្រូវ​ប្តូរ​ទីតាំង​ពី​ចក្រភព​អង់គ្លេស​ទៅកាន់​ប្រទេស​ហូ​ឡង់ និង​បារាំង​មុន​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ជា​ផ្លូវការ​ឆ្នាំ ២០១៩​។  ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (European Medicines Agency) នឹង​ប្តូរ​ទៅ​តាំងទី​នៅ​រាជធានី​អាំ​ស្ទែ​ដាំ ខណៈដែល​អាជ្ញាធរ​ហិរញ្ញវត្ថុ​អឺរ៉ុប (European Banking Authority) នឹង​ទៅ​តាំងទី​នៅ​រដ្ឋធានី​ប៉ារីស​វិញ​។



​ទីក្រុង​អាំ​ស្ទែ​ដាំ និង​ប៉ារីស​បានឈ្នះ​ការប្រកួត​ដណ្តើមយក​ទីភ្នាក់ងារ​ធំៗ​ពីរ​របស់​អឺរ៉ុប នៅ​ថ្ងៃ ២០ ខែវិច្ឆិកា ក្រោយ​ឆ្លងកាត់​ការបោះឆ្នោត​ច្រើន​ជុំ​យ៉ាង​ស្មុគស្មាញ​។ ភ្នាក់ងារ​ធំៗ​ទាំងពីរ​នឹងត្រូវ​ចាក​ចេញពី​ចក្រភព​អង់គ្លេស​នៅត្រឹម​ដើមឆ្នាំ ២០១៩ ខាងមុខនេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ស្ថាប័ន​ធំៗ​របស់​អឺរ៉ុប​ទាំងពីរ​នោះ​មាន ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប និង​អាជ្ញាធរ​ហិរញ្ញវត្ថុ​អឺរ៉ុប​។ ទីក្រុង​អាំ​ស្ទែ​ដាំ​ដណ្តើមបាន​ទីភ្នាក់ងា​រឱស​ថ​អឺរ៉ុប ខណៈដែល​ទីក្រុង​ប៉ារីស​ដណ្តើមបាន​អាជ្ញាធរ​ហិរញ្ញវត្ថុ​អឺរ៉ុប​។

​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប​អេ​ស្តូ​នី Matti Maasikas បាន​និយាយថា ៖«​វា​ជាការ​ប្រកួតប្រជែង​មួយ​ប្រកបដោយ​តម្លាភាព ហើយ​ខ្ញុំ​ត្រូវ​ជ្រើសរើស​បេក្ខជន​មួយ​ក្នុង​បេក្ខជន​ដ៏​ច្រើន​។ នីតិវិធី​ត្រូវបាន​ទទួលយក​ដោយ​ភាគី​គ្រប់គ្នា រួមទាំង​ប្រធាន​ស្ថាប័ន​សហភាព​អឺរ៉ុប​ប្តូរ​វេន​អេ​ស្តូ​នី​ផង​»​។​

​ក្នុងការ​ប្រកួត​ដណ្តើម​ស្ថាប័ន​អឺរ៉ុប​នេះ ទីក្រុង​អាំ​ស្ទែ​ដាំ​ឈ្នះ​ទីក្រុង Milan របស់​អ៊ីតាលី ខណៈដែល​ក្រុងប៉ារីស​ឈ្នះ​ទីក្រុង​ឌុយ​ប្លាំ​ង (Dublin) នៃ​ប្រទេស​អ៊ៀ​កឡង់​។

​ក្រោយ​ការជ្រើសរើស​នេះ បារាំង​បានចេញ​មុខ​សរសើរ​ការសម្រេចចិត្ត​ដែល​ផ្តល់ឱកាស​ឲ្យ​បារាំង​ទទួលយក​អាជ្ញាធរ​ហិរញ្ញវត្ថុ​អឺរ៉ុប​នេះ​។ លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បាន​លើកឡើងថា ការសម្រេចចិត្ត​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ទាក់ទាញ​របស់​បារាំង​ផងដែរ​។

​ចំណែក​ហូ​ឡង់​ក៏បាន​លើកសរសើរ​ពី​ការសម្រេចចិត្ត​ផ្ទេរ​ស្ថាប័ន​សុខាភិបាល​អឺរ៉ុប​ទៅកាន់​ក្រុង​អាំ​ស្ទែ​ដាំ​ដូចគ្នា ហើយ​គេ​ចាត់ទុក​វា​ជា​ដំណឹង​ល្អ​សម្រាប់​មនុស្ស​រាល់គ្នា​នៅ​អឺរ៉ុប​ផងដែរ​។

​រដ្ឋមន្ត្រីការបរទេស​ហូ​ឡង់​លោក Halbe Zijlstra បានលើកឡើង​ដូច្នេះ​៖ វា​ត្រូវការ​ពេល​យូរ​ដើម្បី​សម្រេចចិត្ត ហើយ​ការជ្រើសរើស​នេះ​វា​តឹងតែង​។ ប៉ុន្តែ​វា​បង្ហាញ​ឲ្យ​ឃើញថា សមាជិក​ទាំង ២៧ បានសម្រេច​ចិត្ត​ត្រឹមត្រូវ ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​»៕


Tag:
 ​អាំ​ស្ទែ​ដាំ​
  ប៉ារីស​
  European Banking Authority
  European Medicines Agency
© រក្សាសិទ្ធិដោយ thmeythmey.com