អន្តរជាតិ
រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិស្នើស៊ើបអង្កេតសង្គ្រាមអាហ្វហ្គានីស្ថាន
× អគ្គរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានស្នើឲ្យមានការបើកការស៊ើបអង្កេតបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីបានតាមដានស្ថានការណ៍អស់ពេលច្រើនឆ្នាំមក។ វិសាលភាពនៃការស៊ើបអង្កេតនឹងចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០០៣ ដោយផ្ដោតលើសកម្មភាពរបស់សម្ព័ន្ធមិត្តយោធាលោកខាងលិចដឹកនាំដោយអាមេរិក និងកម្លាំងយោធាអាហ្វហ្គានីស្ថាន។
លោកស្រី Fatou Bensouda ជាអគ្គរដ្ឋអាជ្ញា បានស្នើទៅកាន់ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីសុំសិទ្ធិបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មក្នុងបរិបទជម្លោះប្រដាប់អាវុធនៅអាហ្វហ្គានីស្ថាន។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២០ ខែវិច្ឆិកា តុលាការឧក្រិដ្ឋកម្មអន្តរជាតិនិយាយថា សំណើនេះធ្វើឡើង បន្ទាប់ពីការត្រួតពិនិត្យស្ថានការណ៍តាំងពីឆ្នាំ២០០៦ មក និងរកបានភស្តុតាងច្រើនដើម្បីបន្តនីតិវិធីស៊ើបអង្កេត។
លោកស្រី Fatou Bensouda រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC (រូបភាពពីគេហទំព័ររបស់ ICC)
ការស៊ើបអង្កេតនឹងធ្វើលើបទឧក្រិដ្ឋដែលកើតឡើងនៅលើទឹកដីអាហ្វហ្គានីស្ថាន ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ មក និងបទល្មើសនានាទាក់ទងជម្លោះនេះ ដែលកើតឡើងចាប់តាំងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ ។ ភាគីដែលស្ថិតក្រោមការស៊ើបអង្កេតនេះរួមមានក្រុមជ្រុលនិយមអាល់កៃដា និងក្រុម Haqqani ជាបណ្ដាញរបស់ខ្លួន ក៏ដូចជាកម្លាំងសន្តិសុខ និងប៉ូលិសអាហ្វហ្គានីស្ថាន ជុំវិញករណីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ដោយឡែក ក្រុមសម្ព័ន្ធមិត្តអន្តរជាតិមានអាមេរិកជាអ្នកដឹកនាំមុខ ក៏ស្ថិតក្រោមការស៊ើបអង្កេតដែរ។ ទីភ្នាក់ងារចារកម្មកណ្ដាល (CIA) ត្រូវសង្ស័យថាបានបង្កើតកន្លែងឃុំឃាំងសម្ងាត់នៅលើទឹកដីអាហ្វហ្គានីស្ថាន និងនៅឯទឹកដីសម្ព័ន្ធមិត្តរបស់ខ្លួនដែលជាសមាជិកនៃលក្ខន្តិកៈក្រុងរ៉ូម។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិអះអាងថា ខ្លួនបានវាយតម្លៃយ៉ាងប្រុងប្រយ័ត្នលើព័ត៌មានក្នុងដៃដើម្បីកំណត់មុខសញ្ញាទាំងអស់។
កន្លែងឃុំខ្លួនអាថ៌កំបាំង ឬទីតាំងខ្មៅទាំងនោះ ត្រូវបានភ្នាក់ងារអាមេរិកប្រើប្រាស់ដើម្បីឃុំខ្លួន និងសួរចម្លើយជនសង្ស័យ ក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ដោយប្រើប្រាស់វិធីសាស្ត្រដ៏ឃោរឃៅ។ ការប្រើកន្សែងគ្របមុខរួចចាក់ទឹកពីលើ ការបង្កើតស្ត្រេស និងការបង្អត់ដំណេកជាដើម សុទ្ធតែជាវិធីសាស្ត្រសួរចម្លើយដែលត្រូវបានប្រើប្រាស់ដោយមន្ត្រីអាមេរិក ដើម្បីស្វែងរកព័ត៌មាន។ កន្លែងឃុំឃាំងបែបនេះមាននៅប៉ូឡូញ អាហ្វហ្គានីស្ថាន ថៃ រូមានី និងលីទុយអានី។
ប្រសិនបើទទួលបានការអនុញ្ញាតអង្គបុរេជំនុំជម្រះមែននោះ រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋអន្តរជាតិបញ្ជាក់ពីជំហររបស់ក្នុងការបំពេញការងារដោយឯករាជ្យ និងមិនលម្អៀងឡើយ។ ជាមួយនឹងភស្តុតាងដែលប្រមូលបាន រដ្ឋអាជ្ញានឹងចេញដីកាកោះហៅ ឬដីកាចាប់ខ្លួនជនណាដែលត្រូវបានជឿថា ជាអ្នកទទួលខុសត្រូវខ្ពស់បំផុត មិនថាគេជានរណាឡើយ គឺឲ្យតែទាក់ទងឧក្រិដ្ឋកម្មដែលកើតឡើងនៅអាហ្វហ្គានីស្ថាន៕
Tag:
ICC
អាមេរិក
អាហ្វហ្គានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com