អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក មូ​ហ្កា​បេ ជា​មេដឹកនាំ​ផ្តាច់ការ ឬ​វីរបុរស​ជាតិ​?
21, Nov 2017 , 4:30 pm        
រូបភាព
ដឹកនាំ​ចលនា​តស៊ូ​មិន​ខ្លាច​ស្លាប់ សុខចិត្ត​ជាប់ឃុំ​ឃាំង​ដប់ឆ្នាំ​មិន​បោះបង់​ក្តី​ស្រមៃ ហើយ​ជួយ​រំដោះប្រទេស​ចេញពី​ក្រញាំ​ម្ចាស់​អាណានិគម​ស្បែក​ស​ជា​ឆាកជីវិត​ពិត​របស់​អ្នកនយោបាយ រ៉ូបឺត មូ​ហ្កា​បេ (Robert Mugabe) ដែល​គ្រប់គ្នា​ហៅថា​ជា​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​ប្រចាំ​អាហ្វ្រិក​នោះ​។  លោក​ប្រហែលជា​អ្នក​រំដោះប្រទេស​ពី​អាណានិគម និង​ពី​ក្រុម​ចក្រពត្តិ​លោកខាងលិច  ប៉ុន្តែ​លោក​ក៏​ជា​អ្នកនយោបាយ​ដែល​បន្សល់ទុក​មរតក​ដ៏​អាក្រក់​និង​ភាពហិនហោច​សម្រាប់​ប្រជាជាតិ​ស៊ីម​បា​វ៉េ​ដូចគ្នា​ដែរ​ក្នុង​រជ្ជកាល​នយោបាយ​ជិត​បួន​ទសវត្ស​ន៍​មកនេះ​។ 


-​រ៉ូបឺត មូ​ហ្កា​បេ​៖ ពី​វីរបុរស​ឯករាជ្យ​ទៅជា​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​

​លោក មូ​ហ្កា​បេ កើត​នៅក្នុង​ឆ្នាំ ១៩២៤ ហើយ​លោក​បាន​ផ្លាស់​ប្តូរជីវិត​ពី​គ្រូបង្រៀន​មកជា​វីរជន​ដែល​ទាមទារ​ឯករាជ្យ និង​ជា​មេដឹកនាំ​ចលនានយោបាយ​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។ លោក បានក្លាយ​មេដឹកនាំ ចលនា​ទាមទារ​ឯករាជ្យ​ពី​មហាអំណាច​អង់គ្លេស ដោយ​លោក​ដឹកនាំ​ចលនា​មួយ​ដែលមាន​ឈ្មោះថា សហភាព​ជាតិ​អាហ្វ្រិក​ស៊ីម​បា​វ៉េ (ZANU )​ក្នុង​ឆ្នាំ ១៩៦០ ។ ក្នុង​ឆ្នាំ ១៩៦៤ រដ្ឋាភិបាល​ស្ថិតក្រោម​ម្ចាស់​អាណានិគម​អង់គ្លេស​បានសម្រេច​មិន​ឲ្យ​ចលនា​របស់លោក​បន្តទៅ​មុខ​ទៀត ហើយ​លោក​ក៏ត្រូវ​គេ​ចាប់​ឃុំឃាំង​ទៀត​។ មួយឆ្នាំ​ក្រោយមក ក្រុម​ជនជាតិភាគតិច​ស្បែ​កស បានប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​ជា​ឯកតោភាគី ហើយ​បង្កើត របប​ដឹកនាំ​រើសអើង​ពូជសាសន៍​មួយ​ដែល​ក្រុម​ស្បែក​ស​កាន់កាប់​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ ។ 
 
ប៉ុន្តែ​ការរៀបចំ​នេះ​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​និង​ប្រជាជន​ស៊ីម​បា​វ៉េ​។ ១០ ឆ្នាំក្រោយ​លោក​ត្រូវគេ​ដោះលែង​ពី​ពន្ធនាគារ ហើយ​លោក​បាន​ត្រលប់​ចូល​ឆាកនយោបាយ​វិញ ប៉ុន្តែ​លោក​ត្រូវ​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង ម៉ូ​សំ​ប៊ិក ដើម្បី​តស៊ូ​ប្រឆាំង​របប​ដឹកនាំ​ដែល​រើសអើង​ពូជសាសន៍ ហើយ​លោក​បានជា​អ្នក​ជឿជាក់​លើ​លទ្ធិ​ម៉ៅ និង ម៉ាក ផងដែរ​។ ក្នុង​ឆ្នាំ ១៩៧៧ លោក​បាន​ត្រលប់មក​កាន់កាប់ សហភាព​ជាតិ​អាហ្វ្រិក​ស៊ីម​បា​វ៉េ (ZANU ) ពេញដៃពេញជើង និង​គ្រប់គ្រង​កងកម្លាំង​យោធា​ប្រឆាំង​របប​ដឹកនាំ​រើសអើង​ពូជសាសន៍​នៅ​ស៊ីម​បា​វ៉េ​ផងដែរ​។ កងទ័ព​របស់លោក ភាគច្រើន​ទទួលបាន​ជំនួយ​ពី​ប្រទេស​អឺរ៉ុប​ខាងកើត និង​ប្រទេស​សង្គមនិយម​មួយចំនួន​នៅ​អាស៊ី​ផងដែរ​។​

​ដល់​ឆ្នាំ ១៩៧៩ អង់គ្លេស​ចេញមុខ​ជួយ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ផ្សះផ្សា​រវាង​ជនជាតិ​ស្បែ​កស និង ស្បែក​ខ្មៅ  ប្រមែរ​ប្រមូល​គណបក្ស​ជាច្រើន​មក​រួមគ្នា បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​ឆ្នាំ ១៩៨០​ផង​។ ក្នុងការ​បោះឆ្នោត​លោក មូ​ហ្កា​បេ ត្រូវគេ​បោះឆ្នោត​ឲ្យ​កាន់តំណែង​នាយករដ្ឋមន្ត្រី ហើយ​លោក​បាន​កាន់កាប់​ប្រទេស​រហូត​ដណ្តើមបាន​តំណែង​ប្រមុខរដ្ឋ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ក្រោយ​ឡើងកាន់​អំណាច ក្រៅពី​ជា​អ្នក​រំដោះប្រទេស​លោក មូ​ហ្កា​បេ ក៏បាន​ប្រឹងប្រែង​ខ្លាំង​ដែរ​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​ផ្តល​សេវាសាធារណៈ​ដល់​ប្រជាជន​ស៊ីម​បា​វ៉េ​។ សាលារៀន មន្ទីរពេទ្យ​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ផ្សេងទៀត​ត្រូវបាន​សាងសង់ឡើង​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ ប៉ុន្តែ​បញ្ហា​សិទ្ធិមនុស្ស​កើតឡើង​ធ្ងន់ធ្ងរ​។    
 
​លោក​តែងតែ​ឈ្នះ​រាល់​ការបោះឆ្នោត ដែល​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស មានការ​បន្លំ​សន្លឹកឆ្នោត និង គំរាមកំហែង ថែម​ទៀតផង​។ រាល់​អ្នកនយោបាយ​ណា​ដែលមាន​បំណង​ចង់​ដណ្តើម​អំណាច ឬ​ចង់​ប្រជែង​លោក​នឹង​មិនមាន​លទ្ធផល​ល្អ​ឡើយ​។ កាលពី​ឆ្នាំមុន លោក​បានសម្រេច​ដកតំណែង​មន្ត្រី​ធំៗ​ជាច្រើន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្តួលរំលំ​លោក​ពី​អំណាច​និង មាន​មន្ត្រី​ខ្លះ​រង​ការចាប់ខ្លួន​ផងដែរ​។ លោក​ធ្លាប់​ប្រកាសថា លោក​បន្ត​កាន់តំណែង​រហូតដល់​ស្លា​ប់​តែម្តង​។​
 
​យ៉ាងណាមិញ រឿង​ដែល​គេ​មិន​នឹកស្មាន​ដល់​នោះបាន​កើតឡើង ដោយ​ក្រុម​យោធា​ចេញ​ដ​ណ្តើ​អំណាច​ពី​មេដឹកនាំ​រូបនេះ​ថ្ងៃ ១៥ ខែវិច្ឆិកា​។ ទោះ​ស្ថិតក្រោម​ការឃុំ​ឃាំង និង ក្រោម​សម្ពាធ​ក្តី មូ​ហ្កា​បេ មិនដែល​នឹកឃើញ​ចាក​ចេញពី​តំណែង​ឡើយ ហើយ​បន្ត​ក្រាញននៀល​ដើម្បី​រក្សា​អំណាច​។ ក្រោយមក​គណបក្ស ZANU PF បានសម្រេច​ដកហូត​តំណែង​លោក​ជា​ប្រធាន​បក្ស និង​មានការ​បង្ខំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ជា​ប្រធានាធិបតី​ផង​នៅពេល​ខាងមុខ​។ បើ​មិន​ដូច្នោះ​ទេ សភា​នឹង​ចាប់ផ្តើម​ប្រជុំ​ដកហូត​តំណែង​លោក​តែម្តង​។ បច្ចុប្បន្ននេះ​សភា​ស៊ីម​បា​វ៉េ ត្រៀម​បើក​អង្គប្រជុំ​ដើម្បី​បោះឆ្នោត​ដកហូត​តំណែង​មេដឹកនាំ​រូបនេះ ដោយ​ទទួលបាន​ញត្តិ​ពី​ក្រុមតំណាងរាស្ត្រ​បក្ស​កាន់អំណាច ZANU PF​នោះ​។​
 
​ដើម្បី​ដកហូត​តំណែង​ប្រធានាធិបតី គេ​តម្រូវ​ឲ្យ​មាន​សំឡេង​យល់ព្រម​ពី​សមាជិកសភា​ទាំងពីរ​ចំនួន​ពីរភាគបី​ផងដែរ​។ ប៉ុន្តែ​ដោយសារ​គណបក្សកាន់អំណាច ZANU PF ដែល​កាន់កាប់​អាសនៈ​ច្រើន​ក្នុង​សភា​នោះបាន​ចេញមុខ​ប្រឆាំង​លោក មូ​ហ្កា​បេ ផង​នោះ វា​មិនមែនជា​រឿង​លំបាក​ក្នុងការ​ដកហូត​តំណែង​លោក​ឡើយ​។ ក្នុងករណី​ដែល​លោក​ត្រូវ​សភា​ដកហូត​តំណែង 
​អនុ​ប្រធានាធិបតី​ដែល​ត្រូវគេ​ដកហូត​តំណែង​ដើមខែ​វិច្ឆិកា​លោក Emmerson Mnangagwa នឹងត្រូវ​ជ្រើសរើស​ជា​ប្រធានាធិបតី​ស្តីទី​ផង​។ បច្ចុប្បន្ន​លោក Mnangagwa បាន​ត្រឡប់​ចូល​ស្រុក​វិញ និង​ត្រូវបាន​គេ​តែងតាំង​ជា​ប្រធាន​បក្ស​កាន់អំណាច​ស្តីទី​ដូចគ្នា​។ លោក​ជា​អ្នកនយោបាយ​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ឧ​ត្ត​ម​សេនីយ៍​យោធា និង​បណ្តា​អ្នកនយោបាយ​ជើងចាស់​ផងដែរ​។ 

-​មូ​ហ្កា​បេ ធ្លាក់​អំណាច​ដោយសារតែ​ប្រពន្ធ​

​តាមពិតទៅ លោក មូ​ហ្កា​បេ ធ្លាក់​ពី​អំណាច​ដោយសារតែ​មហិច្ឆតា​លោភលន់ និង​ចង់​រៀបចំ​ផ្លូវ​ដើរ​នយោបាយ​សម្រាប់​ប្រពន្ធ​ខ្លួន​ស្ត្រី​ទីមួយ Grace Mugabe  ផង ប៉ុន្តែ​អ្នកនយោបាយ​ឯទៀត​ក្នុង​បក្ស​មិន​ពេញចិត្ត​ជាពិសេស​យោធា​ទើបបាន​ជាមាន​បញ្ហា​បែបនេះ​កើតឡើង​។ តាំងពី​យូរ​មកហើយ  លោក មូ​ហ្កា​បេ ប្រឹង​រៀបចំ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ប្រពន្ធ​ខ្លួន ហើយ​គេ​ដឹងថា លោកស្រី Grace បាន​កាន់កាប់​អំណាច​ស្ទើរតែ​ទាំងស្រុង​របស់​ប្តី​ជាពិសេស​សម្រេច​កិច្ចការងារ​រដ្ឋ​ធំៗ​ផង​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្រី​ក៏​កាន់​តែមាន​ប្រជាប្រិយភាព​ខ្ពស់​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ កន្លងមក​រាល់​កិច្ចការបក្ស​ក៏ត្រូវ​ឆ្លង​ការសម្រេច​របស់លោក​ស្រី​ជាមុន​ដែរ ហើយ​លោកស្រី​ជា​អ្នកកំណត់​ឬ​អនុញ្ញាត​ឲ្យ​មានការ​អនុវត្ត​គោលនយោបាយ​ជាតិ​ទៀត​។​
 
 អ្វីដែល​សំខាន់​លោកស្រី​ក៏​ជា​បាន បញ្ជា​ឲ្យ​គេ​បោសសម្អាត​ដល់​មនុស្ស​ដែល​លោកស្រី​ចាត់ទុកថា មិន​ស្មោះត្រង់​ជាមួយ​ស្វាមី​លោកស្រី​ដែរ​។  Grace Mugabe មាន​វ័យ ៥២​ឆ្នាំ ហើយ​លោកស្រី​ដើមឡើយ​ជា​លេខា​ផ្ទាល់​របស់លោក មូ​ហ្កា​បេ ប៉ុណ្ណោះ​។ ដោយសារតែ​ភរិយា​ទីមួយ​របស់លោក មូ​ហ្កា​បេ ស្លាប់ លោក​ក៏​សម្រេច​រៀបការ​ជាមួយ​លេខា​ផ្ទាល់​នេះ​តែម្តង​។ 
 
-​អភិជន​សោយសុខ រាស្ត្រ​រងទុក្ខវេទនា​
 
​អំពើពុករលួយ​រីកដុះដាល​ក្នុងសង្គម​ស៊ី​បា​វ៉េ ជាពិសេស​ក្នុង​ប្រព័ន្ធ​ដឹកនាំ​។ អភិជន​រស់នៅ​សុខ​ស្រួល ចាយវាយ​មិន​ខ្វះ ទោះ​ស្រុកទេស​ជួប​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​រកកលនឹង​ក្ស័យធន​ក្តី​។ 
​ប្រជាជន​ដែលមាន​លុយ​ក្នុង​ធនាគារ​មិនអាច​ដក​លុយ​ពី​គណនី​បាន​ស្រួល​ឬ​ដក​លើសពី ២០​ដុល្លារ​ក្នុង​មួយថ្ងៃ​ឡើយ ហើយ​ត្រូវ​ឈរ​តម្រង់​ជួរ​រាប់​ម៉ោង​ដើម្បី​ដក​លុយ​។ 
 
​បើ​ក្រឡេក​ទៅ​មើល សេវាសាធារណៈ​វិញ វា​ស្ទើរតែ​គ្មាន​ទៅហើយ​។  ប្រព័ន្ធ​សុខាភិបាល​ខ្វះសព្វខ្វះគ្រប់ ហើយ​មានតែ​រាស្ត្រ​ក្រីក្រ​ប៉ុណ្ណោះ​ដែល​ទៅ​ព្យាបាល​ជំងឺ​ដោយសារ​គ្មាន​លទ្ធភាព និង​ជម្រើស​។ ក្រុម​អភិជន​នយោបាយ រួមទាំង​ក្រុង​គ្រួសារ​លោក មូ​ហ្កា​បេ ផង​នោះ​ក៏​ចាក​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ព្យាបា​ជំងឺ​ដែរ​។ រដ្ឋបាល​លោក​មិនបាន​ប្រឹងប្រែង​កសាង​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក​ឡើយ ដោយ​លោក​បន្ត​ចាក​ចេញទៅ​ព្យាបាល និង ត្រួតពិនិត្យ​ជំងឺ​នៅ​សិង្ហ​បុរី​ជា​បន្តបន្ទាប់​កន្លងមក​។ នេះ​ក៏​ជា​ចំណុចខ្សោយ​ដ៏​ធំ​មួយ​របស់​រដ្ឋបាល​លោក មូ​ហ្កា​បេ ដូចគ្នា​។ 

​ចំណែក​រឿង​មួយទៀត ប្រពន្ធ​លោក មូ​ហ្កា​បេ រង​ការរិះគន់​ជា​ញឹកញាប់​ដោយសារ​លោកស្រី​ចាក​ចេញទៅ​ស៊ីចាយ​សប្បាយ​ហ៊ឺហារ​នៅ​បរទេស ចាយលុយ​ខ្ជះខ្ជាយ​ដូច​ក្រដាស​ដើម្បី​ទិញ​របស់របរ​ប្រើប្រាស់ និង​ចំណាយ​លុ​យេ​រាប់លាន​ដុល្លារ​ធ្វើ​ខួបកំណើត​ឲ្យ​ប្តី​រាល់​ឆ្នាំ ខណៈដែល​ប្រជាជន​ស៊ីម​បា​វ៉េ​រស់នៅ​យ៉ាង​លំបាក​វេទនា រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក​នោះ​។  
 
-​ដឹកនាំ​ស៊ីម​បា​វ៉េ​ជិត​បួន​ទសវត្ស​ន៍ មូ​ហ្កា​បេ បន្សល់​​ទុកតែ​បំណុល​?

កាលពី ៣៧ ឆ្នាំមុន​លោក មូ​ហ្កា​បេ ក្លាយជា​មេដឹកនាំ​ស៊ីម​បា​វ៉េ ក្រោយ​ដណ្តើមបាន​ឯករាជ្យ​ពី​អង់គ្លេស និង​ក្លាយជា​វីរៈបុរស​រដ្ឋ​ផង​។ កាលនោះ​ស៊ីម​បា​វ៉េ ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ល្អ និង​មាន​សក្តានុពល​អាច​ក្លាយជា​រដ្ឋ​ដែលមាន​សេដ្ឋកិច្ច​រីក​ច​ម្រី​ន​ជាងគេ​នៅក្នុង​តំបន់ Sub-Saharan អាហ្វ្រិក​ផង​។ ស្ថិតក្នុង​តំបន់​អាហ្វ្រិក ប្រទេស​នេះ​មាន​សក្តានុពល​ផ្នែក​កសិកម្ម​តាំងពី​យូរ​មកហើយ ហើយ​វា​ក៏​ជាប់​ឈ្មោះ​ជា​ប្រទេស​នាំចេញ​ផលិតផល​កសិកម្ម​ធំ​បំផុត​ដែរ​នៅក្នុង​តំបន់​។ 
 
​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ នៅ​ឆ្នាំ ២០០០ លោក រូ​បឺត មូ​ហ្កា​បេ  ចាប់ផ្តើម​ដាក់ចេញ​គោលនយោបាយ​ជំរុញ​ឲ្យ​មានការ​ដណ្តើម​ដី​កសិកម្ម​ពី​បណ្តា​ក្រុម​ម្ចាស់​កសិដ្ឋាន​ស្បែក​ស​ដោយ​ប្រើប្រាស់​ហិង្សា​។ សកម្មភាព​នេះ​បង្ក​ឲ្យ​មាន​កង្វះខាត​ផលិត​កសិកម្ម និង​មាន​គ្រោះ​ទុរភិក្ស​ក្នុងស្រុក​ទៀត​។ 
 
​បច្ចុប្បន្ន​ក្លាយជា​ប្រទេស​ដែល​ក្រីក្រ​បំផុត​ដោយ​សេដ្ឋកិច្ច​ក្បែរ​ក្ស័យធន​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Financial Times ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ម​នុស្ស​ម្នាក់​ថយចុះ​រហូត​ដល់ ១៥ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ១៩៨០​មក​នោះ​។​
 
​ក្នុង​ឆ្នាំ ២០០៩ ស៊ីម​បា​វ៉េ ត្រូវ​បង្ខំចិត្ត​បោះបង់​រូបិយវត្ថុ​របស់ខ្លួន ដោយសារ​ប្រទេស​នេះ​ប្រឈម​នឹង​បញ្ហា​អតិផរណា​កម្រិត​ខ្ពស់​។ ស្របពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​សម្រេច​យកលុយ​ដុល្លារ​ជា​មធ្យោបាយ​សម្រាប់​ដោះដូរ​ពាណិជ្ជកម្ម​។ កម្រិត​អតិផរណា​នៅពេល​បច្ចុប្បន្ន លើស ២០០ ភាគរយ ហើយ​អត្រា​នៃ​អ្នកគ្មានការងារ​ធ្វើ​គឺ​ស្ថិតនៅលើ ៩០​ភាគរយ​ឯណោះ​។​
 
​បញ្ហា​ដែល​ធំ​នោះ​គឺ ស៊ីម​បា​វ៉េ​ជំពាក់​គេ​រុំ​ក្បិន ដោយសារ​សេដ្ឋកិច្ច​ជួប​វិបត្តិ​ច្រើន​ឆ្នាំ​មកនេះ​ផង​។ កន្លងមក​ស៊ីម​បា​វ៉េ​បានទទួល​កម្ចី​ពី​ដៃគូ​អភិវឌ្ឍ និង​ស្ថាប័ន​ហរិញ្ញវត្ថុ​ជាច្រើន​ផងដែរ ហើយ​មកដល់​ថ្មី​នេះ​នេះ​ទៀត ស៊ីម​បា​វ៉េ បាន​កម្ចី​និង​ជំនួយ​ច្រើន​ពាន់​លាន​ដុល្លារ​ពី​ចិន​ផង​។ បើតាម​ការិយាល័យ​ហិរញ្ញវត្ថុ​សភា​ស៊ីម​បា​វ៉េ​ គិត​ត្រឹម​ឆ្នាំ ២០១៧ ខែ​មិន​ថុ​នា បំណុល​សាធារណៈ​របស់​ស៊ីម​បា​វ៉េ កើនឡើង​ដល់ ១១, ៦ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ស្មើនឹង ៨២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ផង​។ 

យ៉ាងណាក៏ដោយ​ប្រជាជន​ស៊ីម​បា​វ៉េ ហាក់​សប្បាយរីករាយ​ពេលដែល​លោក មូ​ហ្កា​បេ បាត់បង់​តំណែង ហើយ​វា​មានការ​រំពឹង​ផងដែរ​ថា​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិក​មួយ​នេះ​នឹង​កើនឡើង​រហ័ស​បន្ទាប់ពី​លោក មូ​ហ្កា​បេ ចាកចេញ​ថែមទៀត​។ បើតាម​សារព័ត៌មាន CNBC  អ្នកជំនាញ​សេដ្ឋកិច្ច​យល់ថា ការរីកចម្រើន​សេដ្ឋកិច្ច​រហ័ស​នឹង​កើតមានឡើង​នៅ​ស៊ីម​បា​វ៉េ ប៉ុន្តែ​កំណើន​នៃ​ការវិនិយោគ​ក្នុងស្រុក​ប្រហែលជា​ពឹង​សំខាន់​លើ​ប្រភេទ​រដ្ឋាភិបាល​ដែល​នឹង​កើតឡើង​ក្រោយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ដោះស្រាយ​ចប់សព្វគ្រប់​នោះ​។​

-​ប្រពន្ធ​មូ​ហ្កា​បេ លក់​ដំរីព្រៃ​កាច់​បំណុល​ចិន​
​និយាយ​ដល់​រឿង​បំណុល ស៊ីម​បា​វ៉េ​ជំពាក់​លុយ​ចិន​ច្រើន​ដែរ ហើយ​បំណុល​ទាំងនោះ​រាប់ទាំង​កម្ចី​ទិញ​អាវុធ​កាល​អំឡុង​ទសវត្ស​ន៍​ឆ្នាំ ១៩៩០ ផង​ពេល​លោក មូ​ហ្កា​បេ បញ្ជូន​ទ័ព​ទៅ​ច្បាំង​នៅ​កុង​ហ្គោ​។​
 
​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ដើម្បី​ដោះបំណុល​ចិន រដ្ឋាភិបាល​ក្រុង​ហា​រ៉ា​រ៉េ​បាន​យក​សត្វព្រៃ​ដោះបំណុល​ចិន​។  លោកស្រី Grace Mugabe បានសម្រេច​លក់​សត្វ​ដំរី​ជំទង់​ចំនួន ៣៥​ក្បាល សត្វ​តោ ៨​ក្បាល​, ឆ្កែព្រៃ ៨​ក្បាល និង​សត្វ​កវែង​មួយ​ក្បាល​ផងដែរ​ទៅ​ឲ្យ​ចិន​កាត់ថ្លៃ​បំណុល​។​
 
​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​មិនបាន​ប្រកាសថា​ខ្លួន​លក់​សត្វព្រៃ​ដើម្បី​ដោះបំណុល​ឡើយ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​ហា​រ៉េ​រេ​បាន​ជំពាក់​លុយ​ក្រុង​ប៉េកាំង​ច្រើនសន្ធឹក​បន្ទាប់ពី​ប្រទេស​នេះ​បញ្ជា​ទិញ​អាវុធ​ជាច្រើន​ពី​ចិន​នា​ឆ្នាំ ១៩៩៨​ដើម្បី​ជួយ​គាំទ្រ រដ្ឋាភិបាល​សាធារណរដ្ឋ​កុង​ហ្គោ របស់​ប្រធានាធិបតី Laurent Kabila នោះ​។​
 
​បើតាម​សារព័ត៌មាន​អាហ្វ្រិក All African ការលក់​សត្វព្រៃ​ឲ្យ​ចិន​នេះ​មិនមែនជា​រឿង​ថ្មី​ឡើយ​សម្រាប់​ប្រទេស​ស៊ីម​បា​វ៉េ ហើយ​វា​ក៏​មិនមែន​មានតែ​ប្រទេស​នេះ​មួយ​ដែរ​ដែល​ធ្វើ​របៀបនេះ​។ ប្រទេស​ជាច្រើន​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​សុទ្ធតែ​លក់​សត្វព្រៃ​ទៅ​ឲ្យ​ប្រទេស​ដទៃ​ជាពិសេស​ប្រទេស​ធំៗ ក្នុងនោះ​មាន​ទាំង​អាមេរិក​ផង​។ កាលពី​ខែមករា​ឆ្នាំ ២០១៦ អាមេរិក​បានអនុញ្ញាត​ឲ្យ​ប្រទេស​ស្វា​ស៊ី​ឡង់ នាំ​សត្វ​ដំរី ១៨​ក្បាល​ទៅកាន់​សួនសត្វ​របស់ខ្លួន​ផង​។ ហើយ​ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៤ សត្វ​រមាស​ពណ៌​ស​ចំនួន ៥០០​ក្បាល​និង​ដំរី​យ៉ាងហោចណាស់ ២០​ក្បាល​ត្រូវបាន​គេ​នាំ​ចេញពី​រដ្ឋ​អាហ្វ្រិក​ទាំងអស់​៕ 


Tag:
 រ៉ូបឺត មូ​ហ្កា​បេ​
  Grace Mugabe
  ស៊ីម​បា​វ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com