ជាតិ
ឈុត​អលង្ការ​មាស​សម័យអង្គ​រ នឹង​ដង្ហែ​ពី​អង់គ្លេស​មក​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​
21, Nov 2017 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស
រូបភាពពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស
​ឈុត​អលង្ការ​មាស​សម័យអង្គ​រ ដែលមាន​ចំនួន​១០​គ្រឿង នឹងត្រូវ​ដង្ហែ ពី​ចក្រភព​អង់គ្លេស មក​ប្រទេស​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​នេះ​។ ឈុត​អលង្ការ​មាស​សម័យអង្គ​រ​នេះ មាន​រង្វង់​សម្រាប់​លម្អ​ព្រះ​សិរ ដើមដៃ និង​ដើមទ្រូង ក្រវិល ខ្សែក និង​ខ្សែក្រវ៉ាត់​។​



​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​យុវជន និង​ថ្នាក់ដឹកនាំ​ក្រសួង ទៅ​ចក្រភព​អង់គ្លេស ក្នុង​ដំណើរ​ដង្ហែ​ឈុត​គ្រឿងអលង្ការ​មាស​សម្រាប់​លម្អរូប​ចម្លាក់​នា​សម័យអង្គរ  មក​កម្ពុជា​វិញ នាពេល​ដ៏​ខ្លី​ខាងមុខ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ ស​.​ស​.​យ​.​ក​ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​។



​សូមបញ្ជាក់ថា ឈុត​អលង្ការ​មាស​សម័យអង្គ​រ​នេះ មាន​ចំនួន​១០​គ្រឿង រួមមាន រង្វង់​សម្រាប់​លម្អ​ព្រះ​សិរ ដើមដៃ និង​ដើមទ្រូង ក្រវិល ខ្សែក និង​ខ្សែក្រវ៉ាត់​។ គ្រឿងអលង្ការ​មាស​នេះ កំពុង​ស្ថិតនៅ ស្ថាន​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស នាទី​ក្រុង​ឡុង​ដ៍ បន្ទាប់ពី​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker AntoniaTozer Asian Art បាន​ស្ម័គ្រចិត្ត​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ តាំងពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​មក​។



​បើតាម​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ថៃ នរៈ​សត្យា ដែល​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក ឈុត​អលង្ការ​មាស​ទាំងនេះ នឹង​បញ្ជូនមក​កម្ពុជា​ដើម្បី​តម្កល់ទុក​នៅក្នុង​សារមន្ទីរ​ជាតិ​។ សម្រាប់​អ្នកនាំពាក្យ​ដដែល ឈុត​អលង្ការ​នេះ ជា​រតនសម្បត្តិ​មហាសាល​មួយ បន្ទាប់ពី​កម្ពុជា​បានទទួល​ព្រះ​សិរ​ព្រះ​ហរិ​ហរៈ រចនាប័ទ្ម​ភ្នំ​ដា នា​សតវត្ស​ទី​៦-៧  ពី​សារមន្ទីរ​ជាតិ​សិល្បៈ​អាស៊ី​ហ្គី​មេ ប្រទេស​បារាំង ហើយ​ព្រះ​សិរ និង​ដងខ្លួន​ព្រះ​ហរិ​ហរ បាន​ត​ភ្ជាប់​គ្នា​ឡើងវិញ កាលពីដើមឆ្នាំ​២០១៦ បន្ទាប់ពី​បែក​គ្នា​អស់​រយៈកាល​១៣០​ឆ្នាំ​៕









Tag:
 អលង្ការ​
 ​ សម័យអង្គរ​
 ​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com