កីឡាជាតិ
ជាតិ
HUN SEN Cup៖ ណាហ្គា​វើ​ល​ត្រូវការ​ត្រឹម​ស្មើ​ភ្នំពេញ​ក្រោ​ន ឯ​ស្វាយរៀង​និង​ទ័ព​ត្រូវ​ប្រជែង​គ្នា​យកឈ្នះ​
22, Nov 2017 , 7:59 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ត្រូវ​ប្រកួត​បញ្ចប់​ដើម្បី​ចម្រាញ់​រក​ក្រុម​ជើង​ខ្លាំង​ឡើងទៅ​លេង​វគ្គ​១/២​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​។ ក្នុងនោះ​ក្រុម​ណាហ្គា​វើ​ល​ត្រូវការ​ត្រឹម​ស្មើ​ជាមួយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន រីឯ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​និង​ក្រសួងការពារជាតិ​ត្រូវ​ប្រជែង​យកឈ្នះ​ចាញ់​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ក្រោយ​ស្មើ ១-១ ក្នុង​ជើង​ទី​១​។ បឹងកេត​ត្រូវការ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​ដាច់ខាត​ដើម្បី​បន្ត​ឱកាស​ទៅ​វគ្គ​បន្ត ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា​ត្រូវការ​ត្រឹម​ស្មើ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។



​ក្រុម​ណាហ្គា​វើ​ល​ត្រូវការ​ត្រឹម​ស្មើ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​នា​ការប្រកួត​ជើង​ទី​២​នា​ប៉ុណ្ណោះ​ដើម្បី​ធានា​កៅ​ឡើង​ទៅលេង​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ ២-១ ក្នុង​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន R.S.N ស្វាគមន៍​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​នា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ពុធ ទី​២២ វិច្ឆិកា​នេះ​។ ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ត្រូវ​ធ្វើការ​ធ្ងន់​នៅ​ល្ងាច​នេះ​ដោយ​ពួកគេ​ទាមទារ​យកឈ្នះ​ក្រុម​ភ្ញៀវ​យ៉ាងតិច​ពីរ​គ្រាប់​ដើម្បី​បន្ត​ឱកាស​របស់ខ្លួន​នៅ​វគ្គ​បន្ត​។



​ក្រោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ ក្នុង​ជើង​ទី​១​ទាំង​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​និង​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ​ត្រូវ​ប្រជែង​គ្នា​យកឈ្នះ​ចាញ់​ក្នុងជំនួប​ជើង​ទី​២​នា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​១​ឡើងទៅ​លេង​នៅ​វគ្គ​១/២​។ ទន្ទឹមនឹងនេះ ក្រុម​បឹងកេត​ក្រោយ​ស្មើ ២-២ ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេត្តតាកែវ ក៏​ទាមទារ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​ក្នុងជំនួប​ជើង​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៦​ល្ងាច​នេះ​ផងដែរ ដើម្បី​ធានា​កៅ​កី​នៅ​វគ្គ​បន្ត​។

​ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា​ក្រោយ​យកឈ្នះ​ប៉ូលិស ១-០ ក្នុង​ជើង​ទី​១​ត្រូវ​ទប់​កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​ក្រុមប៉ូលិស​ក្នុង​ជើង​ទី​២​នា​វេលា​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ដើម្បី​ឡើងទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ ខណៈ​ប៉ូលិស​ត្រូវការ​ឈ្នះ​ដាច់ខាត​យ៉ាងតិច​២​គ្រាប់​៕  


Tag:
 Hun Sen Cup 2017
  ណាហ្គា​វើ​ល​
  ទ័ព​
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com