ជាតិ
ជប៉ុនផ្ដល់ជំនួយ ៤០ម៉ឺនដុល្លារ ដើម្បីសង់អគារសិក្សា និងអប់រំបរិស្ថាន
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយចំនួន ៤០៥ ២៦០ ដុល្លារអាមេរិកដល់កម្ពុជា ដើម្បីសាងសង់អគារសិក្សាចំនួន ៤ខ្នងនៅទីជនបទ និងលើកកម្ពស់ការអប់រំបរិស្ថាន។
ក្នុងទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារនេះ ថវិកាចំនួនជាង ២៧ម៉ឺនដុល្លារ សម្រាប់សាងសង់អគារសិក្សាចំនួន៤ខ្នងនៅក្នុងខេត្តចំនួន៣ ដែលថវិកានេះស្ថិតក្រោមគ្រោងការណ៍ជំនួយឧបត្ថមឥតសំណងសម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ ថវិកាជាង ១៣ម៉ឺនដុល្លារទៀត សម្រាប់លើកកម្ពស់ការអប់រំបរិស្ថានតាមបែបអនុវត្ត ក្រោមគ្រោងការណ៍ជំនួយឧបត្ថមឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជ៉បុន។
កិច្ចសន្យាផ្ដល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២១ខែវិច្ឆិកា ដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុន និងតំណាងស្ថាប័នទទួលជំនួយទាំងបួន ដែលរួមមានប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងប្រធានមន្ទីរខេត្តប៉ៃលិន រួមទាំងនាយិការអង្គការ Nature Center Risen ។
ឯកអគ្គរដ្ឋទូតជប៉ុនរូបនេះ បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយនេះ យ៉ាងដូច្នេះថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាគម្រោងដែលបានចុះហត្ថលេខាថ្ងៃនេះនឹងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ជូនប្រជាជន និងសិក្សានុសិស្សនៅតាមតំបន់គោលដៅ ថែមទាំងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាបន្ថែមទៀត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកា ក្រោមជំនួយទាំងពីរប្រភេទខាងលើ អស់ពេលជាច្រើនឆ្នាំមកហើយ។ ជំនួយគូសាណូណិ ចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ១៩៩១ ដែលមកដល់ពេលនេះមានថវិកាសរុបជាង ៥៧លានដុល្លារអាមេរិក។ ជំនួយនេះ រដ្ឋាភិបាលផ្ដល់ឲ្យកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមមូលដ្ឋាន។ រីឯជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមពីឆ្នាំ ២០០២ សម្រាប់គាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលប៉ុន ក្នុងការប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ដែលមកទល់ពេលនេះមានថវិកាសរុបជាង ៣០លានដុល្លារ លើគម្រោងចំនួន ១០៤ ដោយផ្ដោតសំខាន់លើវិស័យអប់រំ សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន៕
© រក្សាសិទ្ធិដោយ thmeythmey.com