កីឡាជាតិ
ជាតិ
ប្លែកៗ
នយោបាយជាតិ
លោក ហង្ស ពុទ្ធា ស្តាយចំពោះការលាលែងសហការី៣រូប តែអះអាងថាគ.ជ.ប មិនរង្គោះរង្គើឡើយ សមាសភាពគ.ជ.ប នាពិធីផ្ទេរតំណែងកន្លងមក
× ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិកមួយរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក៏មានតួនាទីជាអ្នកនាំពាក្យផងនោះ សោកស្តាយយ៉ាងខ្លាំង ដែលសហការី៣រូប រួមមាន លោក គួយ ប៊ុនរឿន អនុប្រធាន និងសមាជិក២រូបគឺ លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង សុំលាលែងពីគ.ជ.ប ព្រមគ្នា ។
ក្នុងនាមជាសហជីវិន-សហជីវិនី ដែលធ្លាប់ធ្វើការជាមួយគ្នាមួយរយៈពេលកន្លងមក លោក ហង្ស ពុទ្ធា ពិតជាមិនចង់ឲ្យបាត់បង់វត្តមានរបស់លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ពីស្ថាប័នគ.ជ.ប ឡើយ។ ប៉ុន្តែ លោក បញ្ជាក់ថា លោក នៅតែគោរពការសម្រេចចិត្តរបស់អ្នកទាំង៣ ហើយចាត់ទុកការលាលែងពីគ.ជ.ប ជាសិទ្ធិរបស់បុគ្គល។
សម្រាប់លោក ហង្ស ពុទ្ធា អវត្តមានរបស់អនុប្រធាន និងសមាជិក-សមាជិកាទាំង៣ ខាងលើ មិនប៉ះពាល់ដល់កិច្ចការទាំងមូលរបស់គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត នាឆ្នាំ២0១៨ នោះទេ។ លោក អះអាងថា គ.ជ.ប នៅតែមានលទ្ធផលក្នុងការរៀបចំការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ្នកនាំពាក្យគ.ជ.បរូបនេះ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«គ.ជ.ប ធ្វើការជាក្រុម។ ទោះជាអវត្តមានអ្នកណាក៏ដោយ ក៏គ.ជ.ប នៅតែអាចប្រព្រឹត្តទៅបានជាធម្មតា»។
នៅថ្ងៃទី២០ វិច្ឆិកា លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង បានសរសេរលិខិតរួមគ្នាមួយ ផ្ញើទៅកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសុំឈប់ពីគ.ជ.ប។ ពួកគាត់ បញ្ជាក់មួលហេតុក្នុងលិខិតនោះថា ពួកគាត់ មិនអាចបន្តកាន់តំណែងក្នុងគ.ជ.ប ដើម្បីធ្វើជាអាជ្ញាកណ្តាល ដែលត្រូវយកអាសនៈរបស់គណបក្ស ដែលជាប់ឆ្នោត ទៅចែកឲ្យគណបក្សដទៃ ដែលមិនចាប់ឆ្នោតនោះទេ។ សម្រាប់អ្នកទាំង៣ ទង្វើបែបនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ហើយក៏ជាការរំលោភឆន្ទៈប្រជាពលរដ្ឋផងដែរ។
នៅពេលខាងមុខដ៏ខ្លីនេះ គ.ជ.ប នឹងបែងចែកអាសនៈក្នុងរដ្ឋសភា និងអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូល រំលាយចោល ទៅឲ្យគណបក្សដទៃ។
សូមបញ្ជាក់ថា សមាជិកគ.ជ.បថ្មី ទាំងអស់ មានចំនួន៩រូប ដែលកើតចេញពីការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២0១៤មក។ ក្នុងនោះ សមាជិក៤រូប មកពីគណបក្សប្រជាជនកម្ពុជា និង៤រូប មកពីគណបក្សសង្គ្រោះជាតិ ហើយ១រូបទៀត មកពីសង្គមស៊ីវិល៕
© រក្សាសិទ្ធិដោយ thmeythmey.com