ជាតិ
នយោបាយជាតិ
ស៊ុយអែតបង្ហាញកង្វល់លើស្ថានការណ៍នយោបាយនៅកម្ពុជា លោកស្រី Margot Wallstrom រដ្ឋមន្ត្រីការបរទេសស៊ុយអែត
× ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែត សម្តែងការបារម្ភចំពោះការស្ថានភាពនយោបាយចុងក្រោយនៅកម្ពុជា។ ការវិវត្តចុងក្រោយដែលរដ្ឋាភិបាលនេះ ចាត់ទុកជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុធ្វើឲ្យរដ្ឋាភិបាលស៊ុយអែត ត្រួតពិនិត្យឡើងវិញ អំពីទំនាក់ទំនងជាមួយកម្ពុជា។ ស៊ុយអែត បញ្ជាក់យ៉ាងច្បាស់ពីការសម្រេចរបស់របស់ខ្លួន ថានឹងមិនបង្កើតកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឡើយ លើកលែងតែវិស័យអប់រំ និងស្រាវជ្រាវ។ ការសម្រចនេះ នឹងបន្តរហូតដល់មានការសម្រេចជាថ្មី សម្រាប់ភ្នាក់ងារ SIDA។
ការវិវត្តស្ថានភាពនយោបាយនៅកម្ពុជា បានធ្វើឲ្យរដ្ឋាភិបាលស៊ុយអែត បារម្ភយ៉ាងខ្លាំង។ តាមរយៈ ប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែត នៅក្រុងភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ស៊ុយអែត បានរំលឹក សម្តីរដ្ឋមន្ត្រីការបរទេសលោកស្រី Margot Wallström កាលពីសប្តាហ៍មុនថា ចំណាត់ការថ្មីៗ លើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល គឺជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះក៏មានការសម្រេចរបស់តុលាការកំពូលកាលពីសប្តាហ៍មុន រំលាយបណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជាដែរ។
ផ្អែកលើការវិវត្តថយក្រោយនៃនយោបាយនៅកម្ពុជា រដ្ឋាភិបាលស៊ុយអែត កំពុងត្រួតពិនិត្យឡើងវិញ នូវទំនាក់ទំនងជាមួយកម្ពុជា។ ស៊ុយអែតបញ្ជាក់ពីការផ្តោតសំខាន់ នៃកិច្ចសហប្រតិបត្តិអភិវឌ្ឍ លើការគាំទ្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលវាត្រូវបានពង្រឹងនៅក្នុងឆ្នាំ២០១៧ តាមរយៈការបង្កើនការគាំទ្រដល់អ្នកការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់យ៉ាងច្បាស់ពីការសម្រេចរបស់ស៊ុយអែត ថានឹងមិនបង្កើតកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឡើយ លើកលែងតែវិស័យអប់រំ និងស្រាវជ្រាវ។ «ដូច្នេះហើយ វាមិនអាចទៅរួចឡើយ ដែលស៊ុយអែត ត្រូវបន្តការគាំទ្រ ការកែទម្រង់វិមជ្ឈការនៅកម្ពុជា ក្នុងបរិបទបច្ចុប្បន្ននោះ»។ នេះជាការបន្ថែមរបស់រដ្ឋាភិបាលស៊ុយអែត ដែលបន្តទៀតថា ការសម្រេចនេះ នឹងមានសុពលភាព រហូតដល់មានការសម្រេចគោលការណ៍ថ្មី សម្រាប់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអ៊ែត (Sida) ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍស៊ុយអ៊ែត នៅកម្ពុជា។
ប្រទេសស៊ុយអែត បានក្លាយជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍រយៈពេលវែងមួយជាមួយប្រទេសកម្ពុជាហើយកំពុងធ្វើការក្នុងវិស័យសំខាន់ៗ ៣គឺលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសមភាពយេនឌ័រ ក្នុងនោះមានវិមជ្ឈការការអប់រំ ការងារ ភាពមានការងារធ្វើ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការរបស់យើង បច្ចុប្បន្នគ្របដណ្តប់សម្រាប់ឆ្នាំ ២០១៤-២០១៨។ យ៉ាងណា ស៊ុយអែតនៅតែប្ដេជ្ញាចិត្ត និងធ្វើការងារ ដើម្បីរកមធ្យោបាយ បន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា។ នេះជាការបញ្ជាក់ចុងក្រោយរបស់រដ្ឋាភិបាលស៊ុយអែត តាមសេចក្តីប្រកាសព័ត៌មានដដែល។
សហគមន៍អឺរ៉ុប សហអាមេរិក រដ្ឋាភិបាលអូស្ត្រាលី និងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សុទ្ធតែបានបង្ហាញពីកង្វល់ក្រោយតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ចិន បន្តគាំទ្រជានិច្ចរាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
Tag:
កម្ពុជា-ស៊ុយអែត
ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com