អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស៊ីម​បា​វ៉េ​៖ អនាគត​ប្រធានាធិបតី​ដែលមាន​រហស្សនាម​ថា «​ក្រពើ​» វិល​ចូល​ស្រុក​វិញ
22, Nov 2017 , 3:18 pm        
រូបភាព
លោក Emmerson Mnangagwa ដែលមានរហស្សនាម​ថា ក្រពើ។ រូបថត AFP
លោក Emmerson Mnangagwa ដែលមានរហស្សនាម​ថា ក្រពើ។ រូបថត AFP
​អតីត​អនុ​ប្រធានាធិបតី​ស៊ីម​បា​វ៉េ Emmerson Mnangagwa ត្រឡប់​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ដើម្បី​ត្រៀម​ចូលកាន់​តំណែង​ប្រធានាធិបតី ជំនួស​លោក រ៉ូបឺត មូ​ហ្កា​បេ ដែល​លាលែង​មួយថ្ងៃ​មុននេះ​។ លោក Mnangagwa បាន​ភៀសខ្លួន​ទៅកាន់​បរទេស ក្រោម​ហេតុផល​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយ​ត្រូវ​លោក មូ​ហ្កា​បេ បណ្ដេញ​ចេញពី​តំណែង ដោយ​ចោទប្រកាន់ថា មិន​ស្មោះត្រង់​ចំពោះ​ប្រធានាធិបតី​។​



​មន្ត្រី​បក្ស​កាន់អំណាច​ស៊ីម​បា​វ៉េ Zanu-PF បាន​និយាយថា លោក Emmerson Mnangagwa ដែល​កំពុង​ភៀសខ្លួន​នៅក្រៅ​ប្រទេស នឹងធ្វើ​ដំណើរ​ចូល​ស្រុក​វិញ ដើម្បី​ត្រៀម​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​។ លោក Larry Mavhima សម្ព័ន្ធមិត្ត​របស់​អតីត​ប្រធានាធិបតី​រូបនេះ និយាយថា លោក Mnangagwa អាច​ទៅដល់​ស៊ីម​បា​វ៉េ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា គឺ​មួយថ្ងៃ​ក្រោយ​មេដឹកនាំ​ចាស់វស្សា រ៉ូបឺត មូ​ហ្កា​បេ ចុះ​ចេញពី​តំណែង​។  

​មាន​រហស្សនាម​ថា «​ក្រពើ​» លោក Mnangagwa ដែល​រត់គេច​ទៅ​បរទេស​ក្រោយ​ត្រូវ​លោក មូ​ហ្កា​បេ បញ្ឈប់​ពី​តំណែង រំពឹងថា​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឬ​ថ្ងៃទី​២៣ តែម្ដង​។ លោក​ក៏មាន​ភារៈ​ដឹកនាំ​បក្ស Zanu-PF ចូលរួម​ក្នុងការ​បោះឆ្នោត​ទូទៅ​ឆ្នាំ​២០១៨ ដែរ​។ លោក Mnangagwa ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សមាជិក​បក្ស និង​ក្រុម​យោធា ដែល​ក្រុម​នេះហើយ​ជា​អ្នក​បញ្ចប់​ការ​កាន់អំណាច​រយៈពេល​ជិត​បួន​ទសវត្សរ៍​របស់លោក មូ​ហ្កា​បេ នោះ​។​

​ការលាលែង​របស់លោក មូ​ហ្កា​បេ កើតចេញពី​មហិច្ឆតា​ដែល​ចង់​ឲ្យ​ប្រពន្ធ​របស់ខ្លួន​បន្ត​តំណែង និង​បាន​មើលរំលង​មន្ត្រី​ជើងចាស់​ដែល​ធ្លាប់​តស៊ូ​ជាមួយគ្នា​សម័យ​សង្គ្រាម​ដណ្ដើម​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​។ ក្រុម​យោធា​បាន​អន្តរាគមន៍​ចូលក្នុង​នយោបាយ និង​ចាប់​លោក មូ​ហ្កា​បេ ឃុំ​ក្នុងផ្ទះ​ជាង​មួយ​សប្ដាហ៍ មុននឹង​បញ្ចុះបញ្ចូល​ដោយ​ជាមួយ​លក្ខខណ្ឌ​ជាច្រើន ទើប​លោក មូ​ហ្កា​បេ សម្រេចចិត្ត​ចាកចេញ​ពី​អំណាច​។​

​តាមពិតទៅ លោក មូ​ហ្កា​បេ ត្រូវបាន​ប្រជាជន​អាហ្វ្រិក​ចាត់ទុកជា​អ្នក​រំដោះប្រទេស​ពី​អាណានិគម និង​ពី​ក្រុម​ចក្រពត្តិ​លោកខាងលិច​។ ប៉ុន្តែ​លោក​ក៏​ជា​អ្នកនយោបាយ​ដែល​បន្សល់ទុក​មរតក​ដ៏​អាក្រក់​និង​ភាពហិនហោច​សម្រាប់​ប្រជាជាតិ​ស៊ីម​បា​វ៉េ​ដូចគ្នា​ដែរ​ក្នុង​រជ្ជកាល​នយោបាយ​ជិត​បួន​ទសវត្ស​ន៍​មកនេះ​។ ដោយសារ​មូលហេតុ​នេះ ប្រជាជន​ស៊ីម​បា​វ៉េ​ភាគច្រើន មិន​ពេញចិត្ត​លោក​ឡើយ ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​លោក​បានដែរ​។​

​ការចាកចេញ​របស់លោក មូ​ហ្កា​បេ និង​ការឡើង​កាន់អំណាច​រប​ស់លោក Mnangagwa គឺជា​សករាជ​ថ្មី​នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ស៊ីម​បា​វ៉េ ដែល​ធ្លាប់​ឃើញ​មុខ​មេដឹកនាំ​តែមួយ​អស់​ពេល​រាប់សិប​ឆ្នាំ​មកហើយ​។ ពលរដ្ឋ​ស៊ីម​បា​វ៉េ ដែល​រាំច្រៀង​តាម​ដងផ្លូវ​សង្ឃឹមថា ស្ថានភាព​ប្រទេសជាតិ​នឹង​ប្រសើរឡើង​ជាង​មុន ឯ​ក្រុម​បក្សប្រឆាំង​រំពឹងថា ការបោះឆ្នោត​នាពេលខាងមុខ​នឹងធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ​ជាង​សម័យកាល​លោក មូ​ហ្កា​បេ ដែរ​៕   
អត្ថបទទាក់ទង


Tag:
 ស៊ីម​បា​វ៉េ​
  រ៉ូបឺត មូ​ហ្កា​បេ​
  Emmerson Mnangagwa
© រក្សាសិទ្ធិដោយ thmeythmey.com