ជាតិ
ក្រុមហ៊ុន​អាកាសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក រួមគ្នា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​
22, Nov 2017 , 7:39 pm        
រូបភាព
​សៀមរាប​៖ ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា​អង្គរ​អ៊ែរ ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​ចំនួន​៣ ដើម្បី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហោះហើរ ក៏ដូចជា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។ អនុស្សរណៈ​នេះ មាន​គោលដៅ​សំខាន់ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ពិសេស​នោះ​ដើម្បី​រិត​ចំណង​ជាមួយ​ដៃគូ​ភ្នាក់ងារទេសចរណ៍​។​



​នៅក្នុង​ពិព័រណ៍​ទេសចរណ៍ Cambodia Travel Mart នៅ​ថ្ងៃទី​១៨ វិច្ឆិកា​កន្លងទៅ ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា​អង្គរ​អ៊ែរ បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ទីភ្នាក់ងារ​ក្នុងស្រុក​ចំនួន ៣ រួមមាន HG Traval  Tay Ho Group និង Southern Breeze Japan​។ អង្គរ​អ៊ែរ បានជ្រើសរើស​ទីភ្នាក់ងារ​ធំ​ទាំង​៣ ដែលមាន​ដំណើរ​ការល្អ​លើ​ការលក់​សំបុត្រ​យន្តហោះ និង​រៀប​កញ្ចប់​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស​។



​លោក លឹម កៅ នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ បានឱ្យដឹង​ក្នុង ពិធី​ដែល​ធ្វើ​នៅ​សណ្ឋាគារ សុខា​សៀមរាប នោះ​ថា អនុស្សរណៈ​ខាងលើនេះ ខាង​អង្គរ​អ៊ែរ​នឹង​ផ្តល់​ការ​កក់​សំបុត្រ​ក្នុងតម្លៃ​ពិសេស​សម្រាប់​អតិថិជន​របស់​ដៃគូ ពិសេស​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​តទៅ​មុខ​បន្ថែមទៀត​។​



​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ កំពុង​ប្រតិបត្តិការ​ក្នុងស្រុក​ចំនួន ២​ទីតាំង គឺ​ពី​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ មក​ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប ទៅកាន់​ក្រុងព្រះសីហនុ និង​ក្រៅ​ស្រុក ចំនួន ១៣​ទីតាំង ដោយមាន​យន្តហោះ​ចំនួន ៦​គ្រឿង​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ប្រើ​យន្តហោះ​ចំនួន ៦​គ្រឿង ដែល​រួមមាន  ATR ចំនួន ៣ គ្រឿង និង​យន្តហោះ Airbus 320 ចំនួន ៣ គ្រឿង និង​ក្រុមហ៊ុន Airbus 321 ។ ក្រុមហ៊ុន​នេះ​មាន គោលដៅ​បង្កើន​យន្តហោះ​ដឹកជញ្ជូន​ថ្មី​ចំនួន ១២​គ្រឿង នៅក្នុង​ឆ្នាំ ២០២០៕




Tag:
 អង្គរ​អ៊ែរ​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com