ជាតិ
នយោបាយជាតិ
កៅអី CNRP ពីសភាទៅក្រុមប្រឹក្សាឃុំ-សង្កាត់៖ បក្សខ្លះយក បក្សខ្លះមិនយក
× ភ្នំពេញ៖ រហូតមកដល់ពេលនេះ មានគណបក្ស៤ ប្រកាសទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានតុលាការកំពូល រំលាយចោល។ តែគណបក្ស៤ទៀត មិនយល់ព្រមទទួលយកនោះទេ។
មួយសប្តាហ៍ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល គណបក្សបី រួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា បានបង្ហាញបំណងរបស់ខ្លួន ទៅកាន់សារព័ត៌មាននានា កន្លងមរួចមកហើយថា នឹងទទួលយកអាសនៈ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បែងចែកឲ្យ។
ចំពោះគណបក្សខ្មែររួបរួមជាតិ មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយ ឬក៏ដាក់លិខិតផ្លូវការទៅកាន់គ.ជ.បនោះទេ ហើយក៏មិនទាន់មានដំណឹងច្បាស់លាស់ បែកខ្ចរខ្ចាយទៅដល់បណ្តាញសារព័ត៌មានដែរ ជុំវិញការទទួលយកអាសនៈ របស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោក រុណ មាត្រា អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា គណបក្សរបស់លោក នឹងគោរពតាមច្បាប់ ដោយមិនប្រកែកឡើយ នៅពេលគ.ជ.ប បែងចែកអាសនៈឲ្យខ្លួន។
គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា នឹងទទួលបានអាសនៈទាំងពីប្រភេទ គឺអាសនៈជាតំណាងរាស្ត្រនិងអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ ប៉ុន្តែ គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ នឹងទទួលបានតែអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះ រីឯអាសនៈជាតំណាងរាស្ត្រ មិនអាចទទួលបានឡើយ ពីព្រោះគណបក្សទាំងពីរនេះ ទើបតែនឹងបង្កើត ដោយពុំបានចូលរួមការបោះឆ្នោតក្នុងឆ្នាំ២0១៣ នោះទេ។
ទន្ទឹមគ្នានេះ គណបក្ស៤ រួមមាន គណបក្សអំណាចខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសមិនទទួលយកអាសនៈ របស់គណបក្សសង្គ្រោះជាតិ។ ការបដិសេធរបស់គណបក្សអំណាចខ្មែរ គឺធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ កាលពីកន្លងមក។ ហើយគណបក្សខ្មែរឈប់ក្រ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរលិខិតទៅកាន់លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដោយផ្ទាល់តែម្តង ដើម្បីបញ្ជាក់ជំហររបស់ខ្លួន ថាមិនចង់បានអាសនៈទាំងនោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្សគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា ក្រោយថ្ងៃទី២៤ ខែវិច្ឆិកា គ.ជ.ប នឹងចាប់ផ្តើមបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនានា។ ប៉ុន្តែ ត្រង់ថា គណបក្សនីមួយៗ ត្រូវទទួលបានអាសនៈចំនួនប៉ុន្មាននោះ លោក មិនទាន់អាចបញ្ជាក់បានឡើយ។
គណបក្សផ្សេងទៀត ដែលអាចទទួលបានអាសនៈ ពីការបែងចែករបស់គ.ជ.ប នៅរក្សាភាពស្ងៀមស្ងាត់ នៅឡើយ។ គណបក្សទាំងនោះ រួមមាន គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលបានចូលរួមការបោះឆ្នោតតាំងពីឆ្នាំ២0១៣មក រួមទាំងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលទើបនឹងចូលរួមការបោះឆ្នោតក្នុងឆ្នាំ២0១៧នេះ។
សូមរម្លឹកថា ការបោះឆ្នោតក្នុងឆ្នាំ២0១៣ គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈក្នុងរដ្ឋសភា ចំនួន៥៥ ហើយការបោះឆ្នោតក្នុងឆ្នាំ២0១៧ គណបក្សនេះ ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រមាណជា ៥ពាន់ឯណោះ។ ប៉ុន្តែភាពជាតំណាងទាំងអស់របស់គណបក្សសង្គ្រោះជាតិ ត្រូវអស់សុពលភាព ក្រោយតុលាការកំពូល រំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ហើយអ្នកដែលស្នើឲ្យក្រសួងមហាផ្ទៃ ប្តឹងទៅតុលាការកំពូល គឺគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់៕
Tag:
គជប
ចែកអាសនៈ
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com