ជាតិ
«​តោះ​នាំគ្នា​សំអាតផ្ទះ​របស់​យើង​» ជា​ប្រធានបទ នៃ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ឆ្នាំនេះ​
23, Nov 2017 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
ដោយ:
ក្រសួងបរិស្ថាន នឹង​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ ក្នុង​ខេត្តកោះកុង​។  ទិវាអនាម័យ​បរិស្ថាន​ជាតិ ឆ្នាំ​២០១៧​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​«​តោះ​នាំគ្នា​សំអាតផ្ទះ​របស់​យើង​»​។ ដើម្បី​ធានាបាន​គុណភាព​បរិស្ថាន សោភ័ណភាព​ទីប្រជុំជន និង​សុខភាព​សាធារណៈ ក្រសួងបរិស្ថាន ក៏បាន​ណែនាំ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់ ការលើកកម្ពស់​ការគ្រប់គ្រង​សំរាម ការ​វេច​ខ្ចប់ និង​ការញែក​សំរាម​តាម​ប្រភេទ ឲ្យ​បាន​ត្រឹមត្រូវ​។​



​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ហើយ​នៅ​ឆ្នាំនេះ  ទិវា​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​តោះ​នាំគ្នា​សំអាត ផ្ទះ​របស់​យើង​»​។ នៅ​ឆ្នាំនេះ ក្រសួងបរិស្ថាន នឹង​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ សំអាត​អនាម័យ​តំបន់ឆ្នេរ ក្នុង​ខេត្តកោះកុង​។ បើតាម​ក្រសួងបរិស្ថាន ទិវា​នេះ​រៀបចំឡើង​ក្នុង​បំណង​បំផុស​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សិស្ស និស្សិត ឲ្យ​ចូលរួម​ធ្វើ​អនាម័យ កែលម្អ​សោភ័ណភាព​ទីក្រុង​-​ប្រជុំជន ដើម្បី​ធានា​នូវ​គុណភាព​បរិស្ថាន និង​សុខភាព​សាធារណៈ​។ 

​ដើម្បី​ធានា​នូវ​គុណភាព​បរិស្ថាន សោភ័ណភាព​ទីប្រជុំជន និង​សុខភាព​សាធារណៈ​នេះ គឺ​ចាំបាច់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​លារ​លើកកម្ពស់​ការគ្រប់គ្រង​សំណល់​រឹង​ឲ្យ​បាន​ត្រឹមត្រូវ តាមរយៈ​វេច​ខ្ចប់ និង​ការញែក​សំរាម​តាម​ប្រ​ភេ​។ នេះ​បើតាម​ក្រសួងបរិស្ថាន ដែល​បន្ត​ណែនាំ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចូលរួម​ឲ្យ​កាន់តែ​សស្រាក់សស្រាំ ដើម្បី​ឲ្យ​ការ​ប្រារព្ធ ទិវា​អនាម័យ​បរិស្ថាន​ជាតិ នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​។​

​ក្រសួងបរិស្ថាន បាន​ណែនាំ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវ​ចាត់វិធានការ ធ្វើ     អនាម័យ​នៅតាម​ទីសាធារណៈ​ជាប់​ជាប្រចាំ ដោយ​ត្រូវ​ប្រមូល​សំរាម​នៅតាម​ដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីធ្លា ទីផ្សារ និង​ដាំ​កូនឈើ​តាម​ដងផ្លូវ ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ការប្រមូល​ទុកដាក់​សំរាម សំណល់​រឹង​ឲ្យ​បាន​ត្រឹមត្រូវ​នេះ ក៏ត្រូវ​ធ្វើជា​ប្រចាំ​នៅ តាម​ក្រសួង ស្ថាប័ន សាលារៀន វត្ត​អារាម និង​មន្ទីរពេទ្យ រោងចក្រ សហគ្រាស សិប្បកម្ម និង​នៅតាម​បណ្តា រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​នានា ដើម្បី​ធានាបាន​ផាសុកភាព និង​ភាព​មនោ​រម្យ​ក្នុង​ការផ្ដល់សេវា​សម្រាក លំហែ របស់​ភ្ញៀវទេសចរ​។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​បរិស្ថាន​នៅតាម​លំនៅដ្ឋាន និង​តាម​ទីកន្លែង​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​ណែនាំ​ពី​ការ​ទុកដាក់​សំរាម សំណល់​រឹង​ឲ្យ​បាន​សមស្រប  ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព​បរិស្ថាន សោភ័ណ​ភូមិដ្ឋាន និង​សុខភាព​អនាម័យ​៕

Tag:
 បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com