អន្តរជាតិ
តុលាការហ្វីលីពីនបើកសវនាការដើម្បីសម្រេចលើធម្មនុញ្ញភាពនៃ«សង្គ្រាមគ្រឿងញៀន»
× តុលាការកំពូលហ្វីលីពីនចាប់ផ្តើមបើកសវនាការដើម្បីស្តាប់ការទាញហេតុផលពាក់ព័ន្ធញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្សដែលអះអាងថា សង្គ្រាមគ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ផ្ទុយរដ្ឋធម្មនុញញ្ញនាថ្ងៃអង្គារទី ២១ វិច្ឆិកាម្សិលមិញ។
ថ្ងៃអង្គារទី២១ ខែវិច្ឆិកា តុលាការកំពូលហ្វីលីពីនបានសម្រេចបើកសវនាការស្តាប់ការបកស្រាយរបស់ក្រុមមេធាវីមកពីស្ថាប័នផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ (Free Legal Assistance Group) ដែលបានដាក់ញត្តិស្នើសុំឲ្យបញ្ឈប់សង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ កាលពីខែមុន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្សនេះបានអះអាងថា សង្គ្រាមបង្ហូរឈាមរបស់រដ្ឋាភិបាលក្រុងម៉ានីលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដោយសារតែវាអនុញ្ញាតឲ្យប៉ូលិសសម្លាប់ជនសង្ស័យ ក្នុងករណីទប់ទល់ជាមួយជននោះពេលប្រតិបត្តិការបង្ក្រាប និងបោសសម្អាតគ្រឿងញៀននោះ។
ប្រធានក្រុមមេធាវីខាងលើ Chel Diokno បានប្រាប់តុលាការថា៖« នេះអាចជាករណីដែលប៉ូលិសបកស្រាយខុសពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ព្រោះគេយល់ថាពាក្យទប់ទល់អាចជាការសម្លាប់»។
រយៈពេលមួយឆ្នាំ បួនខែមកនេះ សង្គ្រាមគ្រឿងញៀនរបស់លោក ឌូទើតេ បានឆក់យកជីវិតជនជាតិហ្វីលីពីនអស់ច្រើនជាង ៣៩០០នាក់ ហើយប៉ូលិសអះអាងថា វាជាករណីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងពេលចាំបាច់ប៉ុណ្ណោះ។ ប៉ូលិសពន្យល់ទៀតថា ភាគច្រើនជនសង្ស័យបានប្រឆាំងប៉ូលិសមិនឲ្យចាប់ខ្លួនពួកគេផង។ យ៉ាងណាមិញ ក្រុមអ្នករិះគន់ និងបណ្តាសកម្មជនសិទ្ធិមនុស្សបានចោទប្រកាន់ថា វាមានការសម្លាប់រង្គាលទាំងលើជនស្លូតត្រង់ ហើយគ្មានឡើយការទទួលខុសត្រូវចំពោះបញ្ហានេះ។ ប៉ុន្តែប៉ូលិសតែងទាត់ចោលការចោទប្រកាន់នេះ។
ដោយឡែកមេធានការពារក្តីរដ្ឋាភិបាល Jose Calida បានបកស្រាយឲ្យអស់ចម្ងល់ក្នុងតុលាការថា វាគ្មានការបញ្ជាឬណែនាំឲ្យប៉ូលិសសម្លាប់ជនសង្ស័យឡើយ ហើយការចោទប្រកាន់ក្នុងញត្តិនេះជាការប៉ាន់ស្មានដែលគ្មានព័ត៌មានលម្អិត និងមូលដ្ឋានរឹងមាំឡើយ។
សូមជម្រាបថា ការចោទប្រកាន់កើតឡើងជារឿយៗចំពោះរដ្ឋាភិបាលហ្វីលីពីន រឿងសម្លាប់ជនស្លូតត្រង់ក្នុងសង្គ្រាមគ្រឿងញៀនពីសំណាក់ប៉ូលិស។ ដោយសារបញ្ហានេះ លោក ឌូទើតេបានសម្រេចដកប៉ូលិសចេញពីប្រតិបត្តិការ ដោយដាក់ភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនឲ្យបំពេញភារកិច្ចជំនួសវិញកាលពីខែមុន៕
Tag:
ហ្វីលីពីន
សង្គ្រាមគ្រឿងញៀន
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com