អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​៖ «​ស្វាគមន៍​ការសម្រេចចិត្ត​របស់លោក មូ​ហ្កា​បេ ដែលជា​មិត្ត​ល្អ​របស់​ចិន​»
22, Nov 2017 , 9:19 pm        
រូបភាព
​បន្ទាប់ពី​លោក រ៉ូបឺត មូ​ហ្កា​បេ ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រមុខរដ្ឋ តំណាង​រដ្ឋាភិបាល​ចិន​បាន​អះអាងថា ខ្លួន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​អាហ្វ្រិក​មួយ​នេះ​ក្នុងការ​ផ្ទេរអំណាច​។ ចិន​បន្ត​ចាត់ទុក​លោក មូ​ហ្កា​បេ ជា​មិត្ត​ល្អ​របស់ខ្លួន និង​ជា​អ្នក​ទាមទារ​ឯករាជ្យ​ដល់​រដ្ឋ​អាហ្វ្រិក​ដែរ​។



​ក្រសួងការបរទេស​ចិន​បញ្ជាក់ថា ខ្លួន​រីករាយ​ដែល​ស៊ីម​បា​វ៉េ​អាច​ដោះស្រាយ​បញ្ហានយោបាយ​ក្នុងស្រុក​បាន​ដោយ​ការជជែក​ពិភាក្សាគ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចិន ក៏​ស្វាគមន៍​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​វ័យ​ជរា​ស៊ីម​បា​វ៉េ​ដែល​ចាក​ចេញពី​តំណែង​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Lu Kang បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់ខ្លួន​ដូ​ច្នេ​៖ «​ចិន​គោរព​ការសម្រេចចិត្ត​ចុះចេញ​ពី​តំណែង​របស់លោក មូ​ហ្កា​បេ​។  លោក​នៅតែ​ជា​មិត្ត​ល្អ​របស់​ប្រជាជន​ចិន​»​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែម​ផងដែរ​ថា លោក មូ​ហ្កា​បេ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​រំដោះ និង​ទាមទារ​ឯករាជ្យ​របស់​រដ្ឋ​ស៊ីម​បា​វ៉េ​ផងដែរ​។

​សូម​រម្លឹក​បន្តិច​ថា កាលពី​ថ្ងៃ ១៥ វិច្ឆិកា ក្រុម​យោធា​បាន​ដណ្តើម​អំណាច​ដោយ​ដាក់​ឃុំ​មេដឹកនាំ​វ័យ ៩៣​ឆ្នាំ លោក មូ​ហ្កា ក្នុងផ្ទះ ដែល​ខ្លះ​ហៅថា​ជាការ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​។ ទោះជា​បែបនេះ​ក្តី​លោក មូ​ហ្កា​បេ នៅតែ​ក្រាញននៀល​មិន​ចុះ​ចេញពី​តំណែង​ទោះ​មាន​សម្ពាធ​ក៏ដោយ ហើយ​មកដល់​ចុង​សប្តាហ៍​មុន គណបក្សកាន់អំណាច​ស​ម្រេច​ដកហូត​តំណែង​លោក​ជា​ប្រធាន​បក្ស​កាន់អំណាច ZANU FP​។

​ក្រោយមក រហូតដល់​ថ្ងៃ​អង្គារ​ទី ២១ វិច្ឆិកា លោក មូ​ហ្កា​បេ ក៏​សម្រេចចិត្ត​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី មុនពេល​ដែល​សភា​ត្រៀម​បោះឆ្នោត​ដកតំណែង​លោក​នោះ​។ 

​តាមពិតទៅ​ចិន​និង​ស៊ីម​បា​វ៉េ មាន​ទំនាក់ទំនង​ស៊ីជម្រៅ និង​យូរអង្វែង​មកហើយ​ដោយសារ​ស៊ីម​បា​វ៉េ​ជា​រដ្ឋ​ដែលមាន​ជំហរ​ប្រឆាំង​បស្ចិម​លោក និង​រង​ទណ្ឌកម្ម​លោកខាងលិច​ទៀត​។ ក្រុមហ៊ុន​ចិន​ជាច្រើន​វិនិយោគ​នៅ​ស៊ីម​បា​វ៉េ​លើ​វិស័យ​រ៉ែ​, ថ្នាំជក់ ថាមពល និង​ឧស្សាហកម្ម​រថយន្ត ហើយ​ចិន​ក៏បាន​ចំណាយលុយ​ច្រើន​ដែរ​ឲ្យ​ស៊ីម​បា​វ៉េ​ខ្ចី​ដើម្បី​អភិវឌ្ឍ​ប្រទេស​កន្លងមក​។
 
​ទាក់ទិន​នឹង​ការជ្រើសរើស​មេដឹកនាំ​ស៊ីម​បា​វ៉េ​ថ្មី ចិន​ជឿជាក់ថា ស៊ីម​បា​វ៉េ​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​ដោយ​ជោគជ័យ ហើយ​ចិន​ក៏​សង្ឃឹម​យ៉ាង​មុន​មាំ​ថា ប្រទេស​ដទៃទៀត​នឹងមិន​លូកលាន់​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​ស៊ីម​បា​វ៉េ​ដូចគ្នា​។ ចិន​ក៏​ត្រៀមខ្លួន​ដើម្បី​ធ្វើ​កិច្ចការងារ និង​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​របស់​ស៊ីម​បា​វ៉េ  ដូចគ្នា​។​

​អតីត​អនុ​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​ដែល​ត្រូវគេ​បណ្តេញ​ពី​តំណែង​លោក Emmerson Mnangagwa អាច​នឹង​ក្លាយជា​មេដឹកនាំ​ស្តីទី​បន្ត​ពី​លោក មូ​ហ្កា​បេ មុន​មានការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​។ គេ​ដឹង​ច្បាស់​ថា អតីត​មេដឹកនាំ​ស៊ីម​បា​វ៉េ​នេះ ធ្លាប់មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​ក្រុង​ប៉េកាំង​ផងដែរ​កន្លងមក​៕



Tag:
 ចិន​
  Lu Kang
  រ៉ូបឺត មូ​ហ្កា​បេ​
  ស៊ីម​បា​វ៉េ​
  Emmerson Mnangagwa
© រក្សាសិទ្ធិដោយ thmeythmey.com