ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ត​រឹងមាំ ជាមួយ​វត្តមាន​មុខទំនិញ​នាំចេញ​ថ្មីៗ
22, Nov 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​ចុងក្រោយ​របស់​ធនាគារពិភពលោក បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែមាន​ភាពរឹងមាំ ជាមួយនឹង​ការលេចឡើង​នូវ​ការនាំចេញ​ទំនិញ​ប្រភេទ​ផ្សេង ក្រៅពី​សម្លៀកបំពាក់ ដូចជា គ្រឿង​ម៉ាស៊ីន គ្រឿងបន្លាស់​ជាដើម​។​



​បើ​ទោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ចុះ​ខ្លះមក​ត្រឹម ៦,៨ នៅ​ឆ្នាំ​២០១៧ បើ​ធៀប​នឹង ៧​ភាគរយ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពរឹងមាំ​ដោយសារ​កំណើន​នៃ​ការនាំចេញ​ស្បែកជើង គ្រឿង​ម៉ាស៊ីន​អគ្គិសនី បរិក្ខារ និង​គ្រឿងបន្លាស់​យានយន្ត​។ នេះ​របាយការណ៍​ប្រចាំឆមាស​របស់​ធនារ​គារ​ពិភពលោក (World Bank) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​នេះ​។ របាយការណ៍​នេះ អះអាងថា ពិពិធ​កម្ម​នាំចេញ​ខាងលើនេះ ព្រមទាំង​លំហូរ​ដ៏​ល្អ​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ធ្វើ​ឲ្យ​ទស្សនវិស័យ​រយៈពេល​ម​ធ្យ​ម​សម្រាប់​សេដ្ឋកិច្ចកម្ពុជា នៅតែមាន​ភាព​វិជ្ជមាន​។​

​ការលេចឡើង​នូវ​មុខទំនិញ​ថ្មីៗ​ទាំងនេះ បាន​ជួយ​យឹតយោង​ការ​ថយ​ល្បឿន​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​សំណង់ នៅ​ឆ្នាំ​២០១៧ នេះ​។ ការនាំចេញ​ទំនិញ​ផ្នែក​កម្មន្តសាល ដូចជា គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​ជាដើម បាន​កើន​ឡើងដល់ ៨,៧​ភាគរយ​នៃ​ការនាំចេញ​សរុប​នៅ​ឆ្នាំ​២០១៦ ដែល​កើនឡើង​ពី​ចំនួន​តិចជាង ២​ភាគរយ​នៅ​ឆ្នាំ ២០១០  ។

​លោកស្រី Inguna Dobraja នាយិការ​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ប្រទេស​កម្ពុជា​ស្ថិតនៅត្រង់​ចំណុច​មួយ​ដែល​បោះ​ជំ​ហ៊ាន​ឡើង​ក្នុង​ខ្សែសង្វាក់​តម្លៃ​ក្នុង​វិស័យ​កម្មន្តសាល ដែល​ផ្លាស់ប្ដូរ​ពី ការកើនឡើង​តែ​ផ្នែក​កាត់ដេរ មក​កើន​ផ្នែក​អគ្គិសនី និង​គ្រឿងបន្លាស់​យានយន្ត ហើយ​នោះ​គឺជា​ការអភិវឌ្ឍន​មួយ​ប្រកបដោយ​ក្ដីសង្ឃឹម​»​។ លោកស្រី​បន្តទៀតថា​៖«​ដើម្បី​ទទួលជោគជ័យ​ក្នុង​ការបង្កើន​ការវិនិយោគ និង​ពង្រីក​ការនាំចេញ​ច្រើន​ប្រភេទ​ទំនិញ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់រ​ចនាស​ម្ព័​ន្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ​បន្ថែមទៀត ដែល​ជួយ​ដោះស្រាយ​ថ្លៃ​ចំណាយ​ខ្ពស់​លើ​ថ្លៃ​អគ្គិសនី និង​ភស្តុភារ ព្រមទាំង​បញ្ហា​គម្លាត​ជំនាញ​»​។​

​សម្រាប់​ឆ្នាំ​២០១៨ World Bank ព្យាករ​ថា កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច ៦,៩​ភាគរយ​។ ប៉ុន្តែ​ការ​ព្យាករ​នេះ​ប្រឈម​នឹង​ហានិភ័យ ដូចជា ការធ្លាក់ចុះ​ដែល​អាច​កើតឡើង​នៃ​សេដ្ឋកិច្ច​នៅក្នុង​តំបន់ ជាពិសេស នៅក្នុង​ប្រទេស​ចិន និង​ភាពមិនប្រាកដប្រជា​ដែល​អាច​កើនឡើង​ទាក់ទង​នឹង​ការបោះឆ្នោត​នាពេលខាងមុខ​៕


Tag:
 GDP
  ធនាគារពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com