អន្តរជាតិ
ILO នឹង​ត្រួតពិនិត្យ​ដំណើរការ​អនុវត្ត​កិច្ចព្រមព្រៀង​ពលករ​ចំណាកស្រុក​អាស៊ាន​ឆ្នាំក្រោយ​
22, Nov 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​បញ្ជាក់ថា នៅ​ឆ្នាំ​ក្រោយនេះ​ខ្លួន​នឹង​ចាប់ផ្តើម​ពិនិត្យ​ការអនុវត្ត កិច្ចព្រមព្រៀង​រួម​របស់​អាស៊ាន​ស្តីពី​ការលើកកម្ពស់ និង​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ដែល​ទើប​ចុះហត្ថលេខា​កាលពី​សប្តាហ៍​មុន​។ កិច្ចព្រមព្រៀង​ថ្មី​នេះ​មាន​គោលដៅ​ជួយ​ពង្រឹង​ការការពារ​សិទ្ធិ​ពលករ​នៅក្នុង​តំបន់​នៅពេល​ខាងមុខ​។



​កិច្ចព្រមព្រៀង​រួម​របស់​អាស៊ាន​ស្តីពី​ការលើកកម្ពស់ និង​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក (The ASEAN Consensus on the Protection and Promotion of the Rights of Migrant Workers) ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​កាលពី​ថ្ងៃ ១៤ វិច្ឆិកា​កន្លងទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ នៅ​ហ្វីលីពីន​។ វា​ជា​សមិទ្ធផល​សំខាន់​ក្នុង​ខួប​លើក​ទី ៥០ ឆ្នាំ នៃ​ការបង្កើត​អាស៊ាន​។​

​ដោយសារ​កិច្ចព្រមព្រៀង​ការពារ​ព​លករ​អាស៊ាន​នេះ​គ្មាន​អនុភាព​គតិយុត្តិ រដ្ឋ​ហត្ថលេខី​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​បង្កើត​ផែនការ​សកម្មភាព និង​អនុវត្តតាម​កិច្ចព្រមព្រៀង​ឲ្យ​ស្របតាម​ការប្តេជ្ញាចិត្តរ​បស់​ខ្លួន​ដែរ​។ ពាក់ព័ន្ធ​បញ្ហា​នេះ អង្គការ​ពលកម្ម​អន្តរជាតិ​អះអាងថា​ខ្លួន​នឹង​ត្រួតពិនិត្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​នៅក្នុង​រដ្ឋ​អាស៊ាន​ទាំង​ដប់​ផងដែរ​នៅ​ឆ្នាំ ២០១៨​។​

​យោងតាម​សារព័ត៌មាន Manila Bulletin លោក Nilim Baruah អ្នកជំនាញ​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​ពលករ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​បានលើកឡើង​ថា កិច្ចព្រមព្រៀង​នឹង​ក្លាយជា​បញ្ហាសំខាន់​មួយ​ដែល​នឹងត្រូវ​ពិភាក្សា​នៅក្នុង​វេទិកា​អាស៊ាន​ស្តីពី​ពលករ​ចំណាកស្រុក​ដែល​ត្រូវ​រៀបចំឡើង​នៅ​ត្រីមាស​ទី​បួន​ឆ្នាំក្រោយ​។

​មន្ត្រី​រូបនេះ​បាន​អះអាងថា អង្គការ​ពលកម្ម​អន្តរជាតិ​នឹង​ពិនិត្យ​មើលថា​តើ​កិច្ចព្រមព្រៀង​រួម​ថ្មី​នេះ​វា​អនុលោម​តាម​បទបញ្ញត្តិ​ដែលមាន​កំណត់​ក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី​ការការពារ និង​លើកស្ទួយ​សិទ្ធិ​ពលករ​ចំណាកស្រុក​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៧ នៅ​ក្រុង​សេ​ប៊ូ ប្រទេស​ហ្វីលីពីន​។ ហើយ​លោក​រំពឹងថា បណ្តា​រដ្ឋ​អាស៊ាន​នឹង​ចាប់ផ្តើម​អនុម័ត​ផែនការ​សកម្មភាព​ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។​

«​កិច្ចព្រមព្រៀង​នេះ​មិនមាន​អនុភាព​ចាប់បង្ខំ​ឡើយ ដូច្នេះហើយ​វា​ពឹង​ផ្អែកលើ​ផែនការ​សកម្មភាព​រប​ស់អា​ស៊ាន​ដែល​ត្រូវអនុម័ត​ឡើង​នៅពេល​ខាងមុខ​។ ខ្ញុំ​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​បង្កើត​ស្តង់ដា​រួម​ក្នុងការ​ការពារ​ពលក​រ​ចំណាកស្រុក​ក្នុង​តំបន់​អាស៊ាន​ដែរ​»​។ លោក​Nilim Baruah បាន​សង្កត់ធ្ងន់​ដូច្នេះ​៕


Tag:
 ILO
  អាស៊ាន​
  ពលករ​ចំណាកស្រុក​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com