កីឡាជាតិ
ជាតិ
អគ្គិសនី​កម្ពុជា​ជា​ក្រុមទី​១​ឡើង​វគ្គ​១/២​ពានរង្វាន់​ សម្តេច ហ៊ុន សែន​ ក្រោយ​ទម្លាក់​នគរបាលជាតិ​
22, Nov 2017 , 5:30 pm        
រូបភាព
ដោយ:
​ក្រុមបាលទាត់​អគ្គិសនី​កម្ពុជា​បាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣-១​។ អគ្គិសនី​កម្ពុជា​ជា​ក្រុម​ដំបូង​គេ​ដែល​បាន​ឡើងទៅ​វគ្គ​១/២ ខណៈ​ក្រុម​ដទៃទៀត​ត្រូវ​ប្រជែង​គ្នា​នៅ​ល្ងាច​នេះ​។



​សម្រាប់​ការប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កីឡាករ ទុំ សា​រ៉ា​យ បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​អគ្គិសនី​កម្ពុជា​នៅ​នាទី​ទី​៦ មុន​កីឡាករ អ៊ុ​ល រ៉ាវី រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​នាទី​ទី​១១​។ កីឡាករ លន់ ចំរើន ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី​២៦​ក្រោយ​ប៉ះ​ទ​ង្កិ​ច​ជាមួយ​កីឡាករ​អគ្គិសនី​កម្ពុជា​។ ទោះបី​ប៉ូលិស​បាន​បាត់បង់​សមាជិក​ម្នា​ក់នៅ​ពាក់កណ្តាល​វគ្គ​ក៏ដោយ តែ​ក្រុម​នេះ​បាន​រក្សា​លទ្ធផល​ស្មើ ១-១ រហូត​ចប់​វគ្គ​ទី​១​។

​នៅ​នាទី​ទី​៦៥​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ទទួលបានបាល់​ពិ​ន័យ​១១​ម៉ែត្រ​ពី​ក្រុម​អគ្គិសនី​កម្ពុជា​ដោយ​កីឡាករ ទិ​ត្យ ឌី​ណា ទទួលភារៈ​សម្រេច​ឱកាស​មាស​នេះ​តែ​ធ្វើ​មិនបាន​សម្រេច​។ ឱកាស​មាសបាន​ធ្លាក់​ទៅលើ​ក្រុម​អគ្គិសនី​កម្ពុជា​ម្តង​នៅ​នាទី​ទី​៧៤ ដោយ​កីឡាករ​ពាក់អាវ​លេខ​២៧​ទទួលបានបាល់​ដាច់​ម្នាក់ឯង​តែ​ធ្វើ​មិនបាន​សម្រេច​ដូចគ្នា​។ កីឡាករ ម៉ាត់ នូ​រុណ ដែល​ដូរ​ចូល​ជំនួស​កីឡាករ ជិន ជុំ រកបាន​១​គ្រាប់​បន្ថែម​ដើម្បី​ជួយ​ឲ្យ​អគ្គិសនី​នាំមុខ ២-១ នៅ​នាទី​ទី​៨៦​ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ២-១ សម្រាប់​អគ្គិសនី​ផងដែរ​។  

​តាមរយៈ​ជ័យជម្នះ ២-១ ក្នុង​ជើង​ទី​២ និង​ជ័យជម្នះ ១-០ ក្នុង​ជើង​ទី​១​បាន​ជួយ​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ៣-១៕ 



Tag:
 Hun Sen Cup 2017
  អគ្គិសនី​កម្ពុជា​
  ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com