សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី សុំ​យោបល់​ធនាគារពិភពលោក​ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ​ឲ្យ​លូតលាស់​
22, Nov 2017 , 5:51 pm        
រូបភាព
ដោយ:
​ទំនងជា​ដោយសារតែ​សេដ្ឋកិច្ចជាតិ​លូតលាស់​យឺត រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានស្នើ​ឲ្យ​ធនាគារពិភពលោក​ជួយ​វាយតម្លៃ​ទាំង​កំហុស និង​ភាពទន់ខ្សោយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​ជាតិ ក៏ដូចជា​ផ្តល់​អនុសាសន៍​បន្ថែម​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ឥណ្ឌូណេស៊ី​មាន​លក្ខណៈ​ល្អប្រសើរ និង​ជឿនលឿន ។​



​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃ​២១ វិច្ឆិកា បាន​អះអាងថា លោក​បានស្នើ​ធនាគារពិភពលោក​តាម​រយៈ​លោក Rodrigo Chaves តំណាង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ឥណ្ឌូណេស៊ី ពាក់ព័ន្ធ​ការ​ព្យាករ​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី ដែល​រាប់បញ្ចូល​ទាំង​កំហុសឆ្គង​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​របៀប​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​ល្អប្រសើរ ។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​បើក​ចិត្ត​ទូលាយ​ក្នុងការ​ទទួលយក​ការផ្តល់​អនុសាសន៍​ពី​ស្ថាប័ន​ផ្សេងៗ ដែល​រាប់បញ្ចូល​ទាំង​ធនាគារពិភពលោក​ផងដែរ​នោះ ដើម្បី​យកទៅ​អភិវឌ្ឍ​កម្មវិធី និង​គោលនយោបាយ​នៅក្នុង​រដ្ឋបាល​ដឹកនាំ​របស់លោក ។

​តាម​ប្រភពព័ត៌មាន​ដដែល ក្នុងជំនួប​នោះ ប្រធានាធិបតី​បាន​ពិភាក្សា​ជាមួយ​អ្នកតំណាង​ធនាគារពិភពលោក​ច្រើន​ពាក់ព័ន្ធ​សេដ្ឋកិច្ច​ក្នុងស្រុក និង​សកល​។ អ្នកតំណាង ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ពង្រឹងគុណភាព​ធនធាន​មនុស្ស​ឥណ្ឌូណេស៊ី ដែល​អ្នកតំណាង​ជឿជាក់ថា ការពង្រឹង​គុណភាព​នេះ នឹងចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុងការ​ព​ន្លឿ​ន​ទាំង​ការលូតលាស់​សេដ្ឋកិច្ច និង​វិនិយោគ ៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com