ជាតិ
នយោបាយជាតិ
គ.ជ.ប ចែកកៅអី CNRP ឲ្យបក្សផ្សេងរួចហើយ តែមិនទាន់ប្រកាសផ្លូវការ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប
× ភ្នំពេញ៖ អាសនៈទាំង៥៥ ក្នុងរដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បែងចែកទៅឲ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ ២០១៣ រួចរាល់ហើយ។ នេះបើតាមការអះអាងរបស់លោក សោម សូរីដា អគ្គលេខាធិការរងរបស់គ.ជ.ប។
លោក សោម សូរីដា ប្រាប់សារព័ត៌មានថ្មីៗថា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សម្រេចទទួលយកអាសនៈ ដែលគ.ជ.ប បែងចែកឲ្យ ឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ មិនទទួលយកនោះទេ។ លោក បានលើកឡើងថា តាមច្បាប់ គណបក្ស ដែលមានអាសនៈស្រាប់ក្នុងរដ្ឋសភា នឹងមានសិទ្ធិទទួលយកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បោះបង់ចោល។ បច្ចុប្បន្ន មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានឈ្មោះជាគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា និងកំពុងដឹកនាំរដ្ឋាភិបាល។
លោក សោម សូរីដា បន្តថា ក្នុងដំណាក់កាលនេះ គ.ជ.ប បែងចែកអាសនៈក្នុងរដ្ឋសភា តែប៉ុណ្ណោះ។ ចំពោះអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ប្រមាណជា៥ពាន់ លោក អះអាងថា គ.ជ.ប នឹងបែងចែកនៅពេលក្រោយ។
យ៉ាងណាក៏ដោយចុះ លោក សោម សួរីដា មិនទាន់អាចបង្ហើបបាននោះទេថា គណបក្សនីមួយៗ នឹងទទួលបានអាសនៈជាតំណាងរាស្ត្រចំនួនប៉ុន្មាន។ លោក បន្តថា លទ្ធផល ដែលគណបក្សនីមួយៗ ត្រូវទទួលបានអាសនៈនោះ នឹងត្រូវប្រកាសជាផ្លូវការ។ លោក បញ្ជាក់ដូច្នេះថា៖«ខ្ញុំ មិនអាចប្រាប់បានទេ នៅពេលនេះ។ ចាំប្រកាសផ្លូវការម្តងទៅ។ យើងនឹងប្រកាសក្នុងពេលឆាប់ៗនេះ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្សគ.ជ.ប ក៏បដិសេធក្នុងការអត្ថាធិប្បាយដែរ ជុំវិញចំនួនអាសនៈ ដែលគណបក្សនីមួយៗ ត្រូវទទួលបាន។ ប៉ុន្តែ លោក ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយថ្ងៃទី២៤ ខែវិច្ឆិកា គ.ជ.ប នឹងបង្ហាញចម្លើយនេះ។
ទោះជាមិនទាន់មានចម្លើយផ្លូវការពីការគ.ជ.បក្តី ប៉ុន្តែ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះថា គណបក្សសញ្ជាតិកម្ពុជា ទំនងជាបានអាសនៈក្នុងរដ្ឋសភាចំនួនពីរ។ បើតាមសម្តេច ហ៊ុន សែន មន្ត្រីមួយរូបនៃគណបក្សសញ្ញាតិកម្ពុជា ក៏អាចទទួលបានតំណែងជាសមាជិកគ.ជ.ប ផងដែរ។ សម្តេច ហុន សែន បន្តថា តំណែងជាអនុប្រធានគ.ជ.ប គួរតែបានទៅលើគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប្រមុខរដ្ឋាភិបាល និយាយពីបញ្ហានេះ ក្រោយអនុប្រធានគ.ជ.ប លោក គួយ ប៊ុនរឿន និងសមាជិក-សមាជិកាគ.ជ.ប ពីររូបទៀត គឺលោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ដែលជាកូតាគណបក្សសង្គ្រោះជាតិ សុំលាលែងពីតំណែង។
រីឯចំនួនអាសនៈក្នុងរដ្ឋសភា ដែលគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្រេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវទទួលបាន ក៏មិនទាន់មានការអះអាងនិងព័ត៌មានផ្លូវការដែរ។ ប៉ុន្តែ កន្លងមក ធ្លាប់មានការលើកឡើងថា គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រហែលជាទទួលបានអាសនៈក្នុងរដ្ឋសភាច្រើនជាងគេ រហូតដល់៤0ឯណោះ។
ការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនានា គឺធ្វើឡើងតាមច្បាប់ទាំងបួន ស្តីពីការបោះឆ្នោត ដែលត្រូវបានកែប្រែដោយក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ ច្បាប់ចំនួន៤ មានខ្លឹមសារជារួមថា «បើគណបក្សណាមួយ ត្រូវបានរំលាយ រាល់អាសនៈនៃគណបក្សនោះ ត្រូវបែងចែកទៅឲ្យគណបក្សដទៃ»។
ច្បាប់ទាំងបួននោះ រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំពិភាក្សារួចហើយ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២0១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com