អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សហភាព​អាហ្វ្រិក​៖«​វីរភាព​ទាមទារ​ឯករាជ្យ​របស់​លោក មូ​ហ្កា​បេ នឹង​ត្រូវគេ​ចងចាំ​ជានិច្ច​»
22, Nov 2017 , 10:39 pm        
រូបភាព
​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ រ៉ូបឺត មូ​ហ្កា​បេ ប្រកាស​ចាក​ចេញពី​តំណែង​ព្រោះ​រង​សម្ពាធ​ខ្លាំង សហភាព​អាហ្វ្រិក​បានចេញ​មុខ​ស្វាគមន៍​ការសម្រេចចិត្ត​នេះ​។ ស្ថាប័ន​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា មេដឹកនាំ​ស៊ីម​បា​វ៉េ​វ័យ​៩៣​ឆ្នាំនេះ នឹងត្រូវ​បានគេច​ង​ចាំ​ជា​អ្នកតស៊ូ​រំដោះ​អាហ្វ្រិក​ពី​នឹម​អាណានិគម​បរទេស​ផងដែរ​។



​ស្រប​ពេលដែល​ប្រជាជន​ស៊ីម​បា​វ៉េ​បន្ត​ប្រារព្ធ​ពិធី​អបអរសាទរ​ការចាក​ចេញពី​តំណែង​របស់​ប្រធានាធិបតី រ៉ូបឺត មូ​ហ្កា​បេ ដែល​កាន់ ៣៧ ឆ្នាំ​មក​នោះ គេ​ឃើញ​សហភាព​អាហ្វ្រិក​ចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ការផ្ទេរអំណាច​នេះដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់​សម្តី​ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក​លោក Moussa Faki Mahamat ដូច្នេះ​ថា​៖ «​សហភាព​អាហ្វ្រិក​ស្វាគមន៍​ការសម្រេចចិត្ត​របស់លោក មូ​ហ្កា​បេ ដែល​ព្រម​ផ្ទេរអំណាច​ដោយ​សន្តិវិធី ក្នុងនាម​ជា​ប្រមុខរដ្ឋ​ក្រោយ​ចំណាយ​ពេលវេលា​ច្រើន​ឆ្នាំ​បម្រើ​ជាតិ​»​។

​តំណាង​អង្គការ​តំបន់​នេះ​ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​តស៊ូ​របស់លោក​ក្នុងការ​រំដោះប្រទេស​ជាតិ​ពី​នឹម​អាណានិគម​ផងដែរ​កន្លងមក​។ បុព្វហេតុ​ការពារជាតិ​របស់លោក​នឹងត្រូវ​មនុស្ស​គ្រប់គ្នា​ចងចាំ​ទៅ​អនាគត​។

«​ប្រធានាធិបតី មូ​ហ្កា​បេ នឹង​ត្រូវគេ​ចងចាំ​ជានិច្ច​ជា​អ្នក​ប្រយុទ្ធ​រំដោះ​តំបន់​អាហ្វ្រិក និង​ជា​បិតា​ឯករាជ្យ​របស់​ប្រទេស​ស៊ីម​បា​វ៉េ​ទាំងមូល​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក  Moussa ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។

​បន្ទាប់ពី​គ្រប់គ្រង​អំណាច​អស់​រយៈពេល ៣៧ ឆ្នាំ​មក រជ្ជកាល​នយោបាយ​រប​ស់លោក មូ​ហ្កា​បេ ត្រូវបាន​បញ្ចប់​ថ្ងៃ​អង្គារ​ទី ២១ ខែវិច្ឆិកា​ម្សិលមិញ​នេះ ដោយ​លោក មូ​ហ្កា​បេ បង្ខំចិត្ត​លាលែង​ពី​តំណែង​ក្នុងពេលដែល​សភា​ប្រជុំ​រក​ដកតំណែង​លោក​ជា​ប្រធានាធិបតី​ផង​។ ការលាលែង​ពី​តំណែង​នេះ ក៏​កើតឡើង​បន្ទាប់ពី​ក្រុម​យោធា​ដណ្តើម​អំណាច និង​ចាប់​លោក​ឃុំ​ក្នុងផ្ទះ​។ មក​ចុង​សប្តាហ៍​កន្លងទៅ គណបក្សកាន់អំណាច ZANU PF សម្រេច​ដកហូត​ដំណែង​ល​លោក​ជា​ប្រធាន​បក្ស​ទៀត​។

​ទោះជា​យ៉ាងនេះ​ក្តី  សហភាព​អាហ្វ្រិក​មិន​ចាត់ទុក​ការអន្តរាគមន៍​របស់​យោធា​ជា​រដ្ឋប្រហារ​ឡើយ​។ ស្ថាប័ន​នេះ​ចាត់ទុកថា វា​ជាការ​បញ្ចេញ​ឆន្ទៈ​ស្របច្បាប់​របស់​ពលរដ្ឋ​ស៊ីម​បា​វ៉េ​ប៉ុណ្ណោះ​។​

​លោក  Moussa  បាន​បន្ថែម​ដូច្នេះ​៖«​សហភាព​អាហ្វ្រិក​ទទួលស្គាល់ថា ប្រជាជន​ស៊ីម​បា​វ៉េ​បញ្ចេញ​ឆន្ទៈ​របស់​ខ្លូន​ក្នុងការ​ចង់បាន​ការផ្ទេ​រ​អំណាច​ដោយ​សន្តិវិធី​ដែល​អាច​រក្សាបាន​នូវ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅក្នុង​ប្រទេស​»៕
 

Tag:
 សហភាព​អាហ្វ្រិក​
  រូ​បឺត មូ​ហ្កា​បេ​
  Moussa Faki Mahamat
© រក្សាសិទ្ធិដោយ thmeythmey.com