ជាតិ
សេដ្ឋកិច្ច
PPWSA គ្រោង​សង់រោង​ចក្រ​ទឹកស្អាត​មួយទៀត តម្លៃ​ជាង​២០០​លាន​ដុល្លារ​នៅ​បាក់​ខែង​
23, Nov 2017 , 9:22 am        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋាករទឹកស្វយ័យក្រុងភ្នំពេញ
រូបភាពពីហ្វេសប៊ុករដ្ឋាករទឹកស្វយ័យក្រុងភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA) គ្រោង​ទឹកប្រាក់​ជំនួយ និង​បដិភាគ​សរុប​ជាង​២០០​លាន​ដុល្លារ បង្កើត​រោងចក្រ​ប្រ​ពឹ​ត្ត​កម្ម​ទឹកស្អាត​មួយទៀត នៅ​សង្កាត់​បាក់​ខែង​។ គម្រោង​នេះត្រូវ​ប្រើរយៈពេល​សាងសង់​ចំនួន ៣​ឆ្នាំ​៩​ខែ ដែល​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៩ ហើយ​អាចដាក់​ដំណើរការ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២​។ នេះ​បើតាម PPWSA ដែល​បញ្ជាក់ទៀតថា រោងចក្រ​ទឹកស្អាត​នេះ អាច​ផលិត​ទឹកបាន​១៩៥,០០០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ​។



​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA) គ្រោង​បង្កើត​រោងចក្រ​ប្រ​ពឹ​ត្ត​កម្ម​ទឹកស្អាត​មួយទៀត ដើម្បី​ពង្រីក​វិសាលភាព នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​របស់ខ្លួន​ជូន​ប្រជាពលរដ្ឋ​។ រោងចក្រ​ទឹកស្អាត​នេះ អាច​ផលិត​ទឹកបាន​១៩៥,០០០​ម៉ែត្រ​គីប ក្នុង​មួយថ្ងៃ​គ្រោង​ធ្វើឡើង​នៅ​សង្កាត់​បាក់​ខែង រាជធានី​ភ្នំពេញ​។ នេះ​បើតាម​លិខិត​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ 

​បើតាម PPWSA ការសិក្សា​គម្រោង​នេះ នឹង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ ហើយ ការរៀបចំ​ឯកសារ​ដេញថ្លៃ ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ជ្រើសរើស​អ្នកម៉ៅការ​សាងសង់ ត្រូវ​បញ្ចប់ នៅ​ខែមីនា ឆ្នាំ​២០១៨​។ តាម​ផែនការ រោងចក្រ​ទឹកស្អាត​បាក់​ខែង​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​សរុប ២២៨.៥​លាន​ដុល្លារ ក្នុងនោះ​ប្រមាណ​១៧៨.៦​លាន​ដុល្លារ ជា​ថវិកា​ឥណទាន និង​ចំនួន​៤៩.៩​លាន​ដុល្លារ ជា​ថវិកាបដិភាគ​។ គម្រោង​នេះ ត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៣​ឆ្នាំ​៩​ខែ ដែល​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៩ ហើយ​អាចដាក់​ដំណើរការ​ប្រ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២​។

​ក្នុង​លិខិត​ដដែល​នេះ PPWSA ក៏បាន​ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គាំទ្រ​ការបង្កើត​រោងចក្រ​នេះ​ផងដែរ​។ PPWSA ក៏បាន​គូសបញ្ជាក់​ពី​ចំណាប់អារម្មណ៍​លើ​គម្រោង​នេះ ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​(AFD) និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA)​ផងដែរ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​អនុញ្ញាត​ឲ្យ​ផ្ដល់​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​និរោធ​ជំហាន​ទី​១ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​ចំនួន ១៣០,០០០​ម៉ែត្រ​គីប ក្នុង​មួយថ្ងៃ ដោយ​ភាពជោគជ័យ​ផង​។​

​យោងតាម PPWSA គម្រោង​សង់រោង​ចក្រ​ប្រ​ពឹ​ត្ត​ទឹកស្អាត​នេះ  ជា​ផែនការមេ​ទី​៣ ដើម្បី​ផលិត​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​ទឹកស្អាតរ​បស់​រដ្ឋាភិបាល ដែល​កំណត់ថា នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីជនបទ និង​ទីប្រជុំជន ទូទាំងប្រទេស ចំនួន​៩០​ភាគរយ ត្រូវ​ទទួលបាន​សេវាកម្ម​ទឹកស្អាត តាម​បំពង់​សម្រាប់​ប្រើប្រាស់ និង​១០​ភាគរយ​ទទួលបាន​ទឹកស្អាត​ពី​ប្រភពផ្សេងៗ​៕



Tag:
 PPWSA
  ​ទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com