អន្តរជាតិ
វិបត្តិ​ស៊ី​រី​៖ រុស្ស៊ី​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចចរចា​ដែលមាន​គ្រប់ភាគី​ស៊ី​រី តែ​គ្មាន​បរទេស​
23, Nov 2017 , 11:43 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី អ៊ីរ៉ង់ និងតួកគី ក្នុងជំនួបត្រីភាគីនៅទីក្រុងស៊ូជី (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី អ៊ីរ៉ង់ និងតួកគី ក្នុងជំនួបត្រីភាគីនៅទីក្រុងស៊ូជី (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានធ្វើ​ម្ចាស់ផ្ទះ​ជំនួប​ត្រីភាគី​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ និង​តួ​ក​គី ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​ស៊ី​រី​។ ក្រោយ​ជំនួប​នៅ​ទីក្រុង​ស៊ូ​ជី ថ្ងៃទី​២២ ខែវិច្ឆិកា មេដឹកនាំ​ទាំងបី​ប្រទេស​ឯកភាពគ្នា​លើ​គំនិត​ផ្ដួចផ្ដើម​បង្កើត​ការចរចា​មួយ ដែលមាន​សមាសភាព​ម​ក​ពី​គ្រប់ភាគី​របស់​ស៊ី​រី និង​គ្មាន​វត្តមាន​បរទេស​ឡើយ​។ ទីក្រុង​ស៊ូ​ជី ជាប់មាត់​សមុទ្រ​ខ្មៅ នឹង​ទទួល​រៀបចំ​កិច្ចចរចា​នេះ ដែល​សំដៅ​បញ្ចប់​ជម្លោះ​រយៈពេល​៧​ឆ្នាំ​មកនេះ​។​



​រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី បាន​ព្រមព្រៀងគ្នា​បង្កើត​យន្តការ​ថ្មី​មួយទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ស៊ី​រី​។ ការចរចា​ដែល​ចូលរួម​ដោយ​ភាគី​ជម្លោះ​នៅ​ស៊ី​រី​ទាំងអស់ ត្រូវបាន​លើកឡើង​ដោយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​គាំទ្រ​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី និង​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ក្នុងជំនួប​នៅ​ទីក្រុង​ស៊ូ​ជី​។ លោក ពូ​ទីន ជួប​មេដឹកនាំ​ទាំងពីរ​នេះ បន្ទាប់ពី​ជជែក​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ រួចមក​។​

​ថ្លែង​ក្រោយ​ជំនួប​ត្រីភាគី ថ្ងៃទី​២២ ខែវិច្ឆិកា លោក ពូ​ទីន និយាយថា ការចរចា​ដែលមាន​តែ​ភាគី​ស៊ី​រី​នេះ នឹងមាន​វត្តមាន​ក្រុមប្រឆាំង​កាន់តែ​ទូលាយ​ថែមទៀត​។ ពោល គឺ​ការចរចា​នឹង​ធ្វើឡើង​នៅត្រឹម​កម្រិត​សមរម្យ​មួយ ហើយ​តំណាង​គ្រប់ភាគី​ទាំងអស់​នឹងត្រូវ​ធានាថា មានមុខ​ក្នុង​តុ​ចរចា ដែល​ត្រូវ​រៀបចំ​នៅ​ទីក្រុង​ស៊ូ​ជី​តែម្ដង​។ លោក​បន្តថា មន្ត្រី​រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកចូលរួម​ទាំងអស់ និង​កាលបរិច្ឆេទ​ផង​។

​យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua គោលដៅ​នៃ​កិច្ចចរចា​ដែល​ស្នើ​ឲ្យ​រុស្ស៊ី​នេះ​មាន​គោលដៅ​ប្រមូល​គ្រប់​ក្រុម​នយោបាយ​នៅ​ស៊ី​រី ទាំង​ក្រុមប្រឆាំង រដ្ឋាភិបាល តំណាង​គ្រប់​ជនជាតិ​នៅ​ស៊ី​រី ដើម្បី​ស្វែងរក​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ ជាជាង​ការ​បង្ហូរឈាម​។ ប្រធានាធិបតី​រុស្ស៊ី​អ៊ីរ៉ង់ និង​តួ​ក​គី មានគំនិត​ដូចគ្នា ជោគជ័យ​នៅ​សមរភូមិ​បាន​បើកផ្លូវ​ដល់​លទ្ធភាព​ចរចា​បញ្ចប់​ជម្លោះ​ដោយ​សន្តិភាព​។​

​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​រុស្ស៊ី​ពេលនេះ ហាក់​កំពុង​ប្រជែង​ជាមួយ​កិច្ចចរចា​ដែលមាន​ស្រាប់​នៅ​ទីក្រុង​អា​ស្តា​ណា​។ កិច្ចចរចា​នៅឯ​រដ្ឋធានី​កា​ហ្សា​ក់​ស្ថាន​មានការ​ចូលរួម​ពី​គ្រប់ភាគី​ស៊ី​រី និង​ប្រទេស​ផ្សេង​ដូចជា​រុស្ស៊ី អាមេរិក ចិន និង​អង្គការសហប្រជាជាតិ​ជាដើម​។ ទាក់ទង​បញ្ហា​នេះ មេដឹកនាំ​រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី បានទទួល​ស្គាល់​គុណសម្បត្តិ​នៃ​កិច្ចចរចា​នេះ ដែល​ក៏បាន​លើកឡើងថា ការចរចា​បានមក​ដំណាក់កាល​ថ្មី គឺ​ការចរចា​នយោបាយ​ម្ដង​។​

​ជំនួប​ទល់មុខ​រវាង​មេដឹកនាំ​រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី ស្ដីពី​វិបត្តិ​ស៊ី​រី គឺជា​រឿង​កម្រ​មួយ ព្រោះ​ភាគី​ទាំងអស់​គាំទ្រ​ក្រុម​ជម្លោះ​រៀងៗ​ខ្លួន​។ រុស្ស៊ី និង​អ៊ីរ៉ង់​ជា​អ្នកគាំទ្រ​របប​លោក អាសាដ ប៉ុន្តែ​តួ​ក​គី​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​។ ដោយសារ​វត្តមាន​តួ​ក​គី កាលបរិច្ឆេទ​នៃ​កិច្ចចរចា​របស់​ស៊ី​រី​ខាងលើ​ក៏​មិនទាន់​កំណត់​ច្បាស់លាស់ ដ្បិត​តួ​ក​គី​ជំទាស់​វត្តមាន​ក្រុម​ឧទ្ទាម​ឃើ​ដ​ខ្លះ ដែលជា​ភាគី​ពាក់ព័ន្ធ​ក្នុង​វិបត្តិ​មួយ​នេះដែរ​៕      

Tag:
 ស៊ី​រី​
  រុស្ស៊ី​
  តួ​ក​គី​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com