ជាតិ
សេដ្ឋកិច្ច
ស្ត្រី​ខ្មែរ ៧​រូប​ត្រូវ​ជ្រើសរើស​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​ប្រចាំឆ្នាំ​២០១៧
23, Nov 2017 , 8:59 pm        
រូបភាព
ឡូហ្គោកិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៧ (courtesy photo)
ឡូហ្គោកិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៧ (courtesy photo)
ដោយ: VOA
 វ៉ាស៊ីនតោន ៖ កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ នឹង​ចាប់ផ្តើម​បើក​កម្មវិធី​ដោយ​នាយករដ្ឋមន្ត្រី លោក Narendra Modi និង លោកស្រី Ivanka Trump ដែល​នេះ​ជា​លើកដំបូង​ដែល​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ភាគច្រើន​ជា​ស្ត្រី ដែល​មកពី​១២៧​ប្រទេស ក្រោម​ប្រធានបទ «​ស្ត្រី​ជា​ចម្បង ដើម្បី​វិបុលភាព​ទាំងអស់គ្នា​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក និង​ក្រុម​អ្នករៀបចំ​កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​ឆ្នាំ​២០១៧​ក្នុងប្រទេស​ឥណ្ឌា​។​



​ស្ត្រី​កម្ពុជា​ចំនួន ៧​រូប​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភព លោក​ប្រចាំឆ្នាំ​២០១៧ នៅ​ទីក្រុង Hyderabad ប្រទេស​ឥណ្ឌា នៅ​សប្តាហ៍​ក្រោយនេះ​។ ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ជ្រើសរើស​នោះ គឺ​អ្នកនាង Outhanvatey By ដែល​បច្ចុប្បន្ន​ជា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍​អ៊ែរ តេ អ៊ែរ (RTR) បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទេសចរណ៍​កម្សាន្ត​ទៅក្នុង និង​ក្រៅប្រទេស​។​

​អ្នកនាង Outhanvatey By បាន​និយាយថា​៖ «​កុំ​បោះបង់ចោល​ឲ្យ​សោះ​។ គឺ​មិន​ថា​ទោះបី​បរាជ័យ ងើប បរាជ័យ ងើប​»​។ អ្នកនាង Outhanvatey By ក៏​ជា​ស្ថាបនិក​ក្រុមហ៊ុន Interexim Co., Ltd ដែលជា​ក្រុមហ៊ុន​ជំនួញ​ផលិតផល​គ្រឿងសម្អាង និង ក្រុមហ៊ុន NA Brimex Co., Ltd ដែលជា​ក្រុមហ៊ុន​ចែកចាយ​ក្នុងស្រុក បាន​ចែករំលែក​ផ្លូវ​ទៅរក​ភាពជោគជ័យ​របស់​អ្នកនាង​តាមរយៈ​វីដេអូ​មួយ​ដែល​បានដាក់​នៅលើ​គេហទំព័រ Facebook របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​។​

​កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក ដែល​រៀបចំឡើង​ដោយ​សហរដ្ឋអាមេរិក និង ប្រទេស​ឥណ្ឌា នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៨ រហូតដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ​ទីក្រុង Hyderabad ប្រទេស​ឥណ្ឌា​។​

​នេះ​គឺជា​កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​ប្រចាំឆ្នាំ​លើក​ទី ៨ ដែល​ធ្វើឡើង​ដើម្បី​អបអរ​ស្មារតី និង ភាព​ចម្រុះ​របស់​សហគ្រិន​នៅ​ជុំវិញ​ពិភពលោក ក្រោម​ប្រធានបទ​ឆ្នាំនេះ​គឺ «​ស្ត្រី​ជា​ចម្បង ដើម្បី​វិបុលភាព​ទាំងអស់គ្នា​» ។ កិច្ចប្រជុំ​កំពូល​នេះ​នឹង​ចាប់ផ្តើម​ដោយ​ការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា លោក Narendra Modi និង លោកស្រី Ivanka Trump ដែលជា​អ្នក​ប្រឹក្សា​យោបល់​លោក​ប្រធានាធិបតី​ស​.​រ​.​អា និង ជា​កូនស្រី​ច្បង​របស់លោក​ត្រាំ​។​

​អ្នកចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​ប្រចាំឆ្នាំ​២០១៧​នេះ តំណាង​ឲ្យ​វិស័យ​សំខាន់ៗ​ចំនួន​៤ គឺ វិស័យ​ថាមពល និង ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខភាព និង វិទ្យាសាស្ត្រ​សិក្សា​ពី​ជីវិត វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​ឌីជីថល ហើយ​និង​វិស័យ​ផ្សព្វផ្សាយ និង​កម្សាន្ត​។​

​ក្នុងចំណោម​អ្នក ដែល​ត្រូវបាន​គេ​ជ្រើសរើស​ទាំង ១.៥០០ នាក់ ដែល​មកពី ១៥០ ប្រទេស និង ដែនដី​លើ​ពិភពលោក ១​ភាគ​៣​នឹង​មកពី​សហរដ្ឋអាមេរិក ១​ភាគ​៣​ទៀត​មកពី​ឥណ្ឌា ហើយ​និង​១​ភាគ​៣​ទៀត​មកពី​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។​

​ស្ត្រី​ពី ១២៧ ប្រទេស នឹង​តំណាង​ឲ្យ ៥២.៥% ដែល​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ស្ត្រី​គឺជា អុ្ន​ក​ចូលរួម​ភាគច្រើន​នៅ​កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​នេះ​។ ចំពោះ​អាយុ​វិញ ៣១.៥% នៃ​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​គឺ មាន​អាយុ ៣០ ឬ ក្មេង​ជាង​៣០ ហើយ​អាយុ​ដែល​ក្មេង​បំផុត​នោះ​គឺមាន​អាយុ ១៣​ឆ្នាំ និង ចាស់​បំផុត​អាយុ ៨៤ ឆ្នាំ​។​

​អ្នកនាង Outhanvatey By ដែល​ត្រូវបាន​គេ​ជ្រើសរើស​ពី​ប្រទេស​កម្ពុជា​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​បាន​និយាយថា ប្រទេស​កម្ពុជា​ហាក់បីដូចជា​កូនក្រមុំ​មួយ ដែល​មិនទាន់​តុបតែង​ខ្លួន ដូច្នេះហើយ ឱកាស​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​គឺ​នៅមាន​ច្រើនណាស់​។ អ្នកនាង​សង្ឃឹមថានឹង​ទទួល​បានការ​ជម្រុញ​ទឹកចិត្ត​កាន់តែខ្លាំង ដោយ​ស្តាប់​ពី​ការឆ្លងកាត់​របស់​សហ​គ្រិន​ស្ត្រី​ផ្សេងទៀត​នៅ​កិច្ចប្រជុំ​កំពូល​សហគ្រិន​ពិភពលោក​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com