ជាតិ
នយោបាយជាតិ
អាសនៈអតីត CNRP៖ ៤១សម្រាប់ហ្វ៊ុនស៊ិនប៉ិច ហើយ CPP អាចបានបន្ថែមទៀត សម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
× ភ្នំពេញ៖ អាសនៈទាំង៥៥ ក្នុងរដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចែកឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៤១ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលចំនួន៦ គណបក្សខ្មែរឈប់ក្រ ចំនួន៥ គណបក្សសញ្ជាតិកម្ពុជា ចំនួន២ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ចំនួន១។ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានលើកឡើងយ៉ាងដូច្នេះ ហើយអះអាងថា នេះ ជាលទ្ធផលផ្លូវការ នៃការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សខាងលើ ដែលបានចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៣។
លោក សោម សូរីដា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ មិនទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលគ.ជ.ប បែងចែកឲ្យនោះទេ។ លោក បន្តថា តាមច្បាប់ អាសនៈទាំង១១ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បោះបង់ចោល នឹងត្រូវបែងចែកបន្តទៀត ទៅឲ្យគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា។
អគ្គលេខាធិការរង គ.ជ.ប ពន្យល់ថា គណបក្សប្រជាជនកម្ពុជា ដែលមានអាសនៈ៦៨ស្រាប់ក្នុងរដ្ឋសភា និងកំពុងដឹកនាំរដ្ឋាភិបាល នឹងទទួលបានអាសនៈបន្ថែម ក្នុងចំណោមអាសនៈទាំង១១ខាងលើ ដែលនៅទំនេរ។ លោក បន្តថា ពេលណា រដ្ឋសភា ប្រកាសទទួលស្គាល់សុពលភាពនៃគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ពេលនោះ គណបក្សទាំង៣នេះ នឹងក្លាយជាគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ដូចគណបក្សប្រជាជនកម្ពុជា ដែរ។ លោក បកស្រាយថា ហេតុផលត្រង់នេះហើយ ដែលអាចឲ្យគណបក្សទាំង៣ មានបំណែកជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការទទួលបានអាសនៈទាំង១១នោះ។
ប៉ុន្តែ លទ្ធផលចុងក្រោយ ដែលគណបក្សនីមួយៗ ត្រូវទទួលបានអាសនៈចំនួនប៉ុន្មាននោះ គឺត្រូវសម្រេចដោយរដ្ឋសភា។ នេះជាការអះអាងរបស់លោក សោម សូរីដា ដដែល ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះ៖«អ្វីដែលខ្ញុំលើកឡើង មិនប្រាកដថា ត្រូវតែអ៊ីចឹងទេ។ អាចនឹង ប្រែប្រួល ពេលរដ្ឋសភា សម្រេច»។ លោក ប្រាប់ថា ចំនួនអាសនៈ ដែលគណបក្សនីមួយៗ ទទួលបានពីការបែងចែក ត្រូវបានគ.ជ.ប បញ្ជូនទៅកាន់រដ្ឋសភាហើយ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ។
ជានីតិវិធី រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីប្រកាសសុពលភាពនៃតំណាងរាស្ត្រ ដែលមកពីគណបក្សទាំងនោះ។ យ៉ាងណា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋសភា មិនទាន់កំណត់កាលបរិច្ឆេទ ដើម្បីបើកកិច្ចប្រជុំ ពីបញ្ហាខាងលើនោះទេ។
ក្នុងដំណាក់កាលនេះ គ.ជ.ប បែងចែកអាសនៈក្នុងរដ្ឋសភា តែប៉ុណ្ណោះ។ ចំពោះអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ប្រមាណជា៥ពាន់ គ.ជ.ប នឹងបែងចែកនៅពេលក្រោយ។
ភាពជាតំណាង ក្នុងរដ្ឋសភា និងភាពជាតំណាង នៅតាមឃុំ-សង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ ត្រូវអស់សុពលភាព ក្រោយតុលាការកំពូល រំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ហើយអ្នកដែលស្នើឲ្យក្រសួងមហាផ្ទៃ ប្តឹងទៅតុលាការកំពូល គឺគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់។
ការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនានា គឺធ្វើឡើងតាមច្បាប់ទាំងបួន ស្តីពីការបោះឆ្នោត ដែលត្រូវបានកែប្រែដោយក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ ច្បាប់ចំនួន៤ មានខ្លឹមសារជារួមថា «បើគណបក្សណាមួយ ត្រូវបានរំលាយ រាល់អាសនៈនៃគណបក្សនោះ ត្រូវបែងចែកទៅឲ្យគណបក្សដទៃ»។
ច្បាប់ទាំងបួននោះ រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំពិភាក្សារួចហើយ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com