អន្តរជាតិ
រដ្ឋអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
× រដ្ឋសមាជិកអាស៊ានទាំង១០ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបញ្ហាប្រឈមមុខធំមួយសម្រាប់តំបន់។ អន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរមនុស្ស និងគ្រឿងញៀន គឺជាបញ្ហាដែលសមាជិកទាំងអស់ប្ដេជ្ញាចិត្តដោះស្រាយក្នុងគោលដៅប្រែក្លាយសហគមន៍អន្តោប្រវេសន៍អាស៊ានឲ្យកាន់តែរឹងមាំ។
មន្ត្រីថ្នាក់អគ្គនាយកទទួលកិច្ចការអន្តោប្រវេសន៍នៃប្រទេសសមាជិកអាស៊ានទាំង១០ បានជួបជុំគ្នានៅរដ្ឋធានីវៀងចន្ទន៍ ឡាវ ក្នុងកិច្ចប្រជុំលើកទី២១ របស់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា។ តាមរយៈកិច្ចប្រជុំនេះ រដ្ឋសមាជិកទាំងអស់ព្រមព្រៀងបង្កើនកិច្ចសហការរួមគ្នាក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនមានការរត់ពន្ធគ្រឿងញៀន មនុស្ស និងការឆ្លងដែនខុសច្បាប់ជាដើម។ មិនត្រឹមតែបញ្ហាថ្នាក់តំបន់ឡើយ សមាជិកទាំង១០ នឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានៅថ្នាក់អន្តរជាតិផង។
លោក Saysaming Sivilay អគ្គនាយកអន្តោប្រវេសន៍ឡាវ ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំនិយាយថា តំបន់អាស៊ានកំពុងជម្នះបញ្ហាដែលលំបាក និងស្មុគស្មាញលើវិស័យអន្តោប្រវេសន៍នេះ ស្របពេលដែលឧក្រិដ្ឋជនឆ្លងដែនប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបដើម្បីធ្វើសកម្មភាព។ ជាមួយនឹងបញ្ហាប្រឈមចំពោះមុខសន្តិសុខតំបន់អាស៊ាន មន្ត្រីឡាវរូបនេះបានស្នើឲ្យរដ្ឋសមាជិកទាំងអស់រួមដៃដើម្បីដោះស្រាយបញ្ហាឲ្យបាន។
បើតាមសារព័ត៌មានថៃ The Nation លោក Saysaming ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការមានស្រាប់ក្នុងចំណោមសមាជិកទាំងអស់ តាមរយៈការបង្កើតបណ្ដាញទំនាក់ទំនងគ្នា និងការចែករំលែកព័ត៌មានទៅវិញទៅមកដើម្បីដោះស្រាយបញ្ហារួមគ្នាដែលកើតឡើងថ្មីៗ ក៏ដូចជាបញ្ហាទាំងឡាយដែលជាប់ទាក់ទងនឹងអន្តោប្រវេសន៍។ កិច្ចសហប្រតិបត្តិការនេះ បានជួយឲ្យកម្លាំងអន្តោប្រវេសន៍អាស៊ានអាចដោះស្រាយបញ្ហាឆ្លងដែនបានច្រើនផងដែរ។
ជាការពិត ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបញ្ហាចំពោះមុខដ៏ស្មុគស្មាញសម្រាប់តំបន់អាស៊ាន ជាការជួញដូរមនុស្ស និងគ្រឿងញៀនតែម្ដង។ គេប្រហែលចាំមិនភ្លេចឡើយ ការរកឃើញរណ្ដៅសាកសពរួមគ្នានៅតាមបណ្ដោយព្រំដែនថៃ និងម៉ាឡេស៊ី ដែលជនរងគ្រោះត្រូវបានសម្លាប់ដោយពួករត់ពន្ធមនុស្សខុសច្បាប់នោះ ហើយមានជាប់ពាក់ព័ន្ធមន្ត្រីទៅទៀត។ ដោយសារបញ្ហានេះ ម៉ាឡេស៊ីប្រុងសាងសង់ជញ្ជាំងព្រំដែនដើម្បីទប់ស្កាត់សកម្មភាពផង៕
© រក្សាសិទ្ធិដោយ thmeythmey.com