អន្តរជាតិ
UN៖ ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា កំពុង​ប្រឈម​នឹង​«​ការប្រើប្រាស់​ទឹក​ដែលមាន​ជាតិពុល​ខ្ពស់​»
23, Nov 2017 , 7:39 pm        
រូបភាព
ដោយ:
​លើសពី​ការ​ប្រថុយ​ជីវិត​ក្នុងការ​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា កំពុងតែ​ប្រឈម​នឹង​បញ្ហា​ថ្មី​ក្នុងការ​រស់នៅ​របស់​ពួកគេ​នៅ​ជំរំ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស ។ នោះ​គឺ ការប្រើប្រាស់​ទឹក ដែលមាន​សា​ធាតុ​ពុល​ខ្ពស់​។ ពេលនេះ ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​បង់​ក្លា​ដែ​ស កំពុងតែ​ដុតដៃដុតជើង​ពិនិត្យ និង​រក​ដំណោះស្រាយ ។



​អ្នកនាំពាក្យ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF) លោក Christophe Boulierac នៅ​ថ្ងៃ​២១ វិច្ឆិកា បាន​ឲ្យ​ដឹងថា អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា មាន​សារធាតុពុល​រហូតដល់​៦២​ភាគរយ​ក្នុង​ទឹក​អណ្តូង ដែល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កំពុង​ប្រើប្រាស់​នៅ​ជំរំ​ប្រទេស​បង់​ក្លា​ដែ​ស ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ ។

​អ្នកនាំពាក្យ​ដដែល​នោះ បាន​បន្ថែមថា អង្គការសហប្រជាជាតិ ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ករណីនេះ ព្រោះ​វា​អាច​បង្ក​ជា​ជំងឺ​ដល់​ជនភៀសខ្លួន ជាពិសេស​កុមា​។ កន្លងមក​ក៏មាន​របាយការណ៍​ពាក់ព័ន្ធ​មនុស្ស​ស្លាប់​ដោយសារតែ​ការ​រាគរូស​ខ្លាំង​ដែរ​។ ប៉ុន្តែ លោក Christophe ក៏បាន​បញ្ជាក់ដែរថា UNICEF និង​អាជ្ញាធរ កំពុងតែ​បើក​ការស្រាវជ្រាវ​បន្ទាន់​ដើម្បី​ស្វែងរក​មូលហេតុ ក៏ដូចជា​វិធី​ដើម្បី​ដោះស្រាយ​សម្រាប់​ជនភៀសខ្លួន​ផងដែរ ។​
 
​លោក បាន​បញ្ជាក់ថា បច្ចុប្បន្ន UNICEF ក៏​កំពុងតែ​ផ្តល់​ថ្នាំ​ដើម្បី​ធ្វើ​ឲ្យ​ទឹកស្អាត ក៏ដូចជា​ណែនាំ​ឲ្យ​ជនភៀសខ្លួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទាំងនោះ រក្សា​អនាម័យ​ក្នុងការ​រស់នៅ ខណៈ​ជំរំ​ដែល​ពួកគេ​រស់នៅ មាន​ស្ថានភាព​មិនសូវ​ល្អ​ស្រាប់​ហើយ​នោះ ។

​សូម​ជម្រាប​ជាថ្មី​ថា តាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ គិត​ចាប់ពី​ការប៉ះទង្គិច​នៅ​ខែសីហា​មក មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ជាង​៦០​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស​។​
 
​មី​យ៉ាន់​ម៉ា បាន​រង​ការបន្ទោស និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ខ្លាំង​ដែរ​។ គួរកត់សម្គាល់​ដែរនោះ ស្ថាប័ន​ជំនាញ​របស់​អង្គ​ការសហការ​សហប្រជាជាតិ ដែល​រួមមាន មហាសន្និបាត និង​ក្រុមប្រឹក្សាសន្តិសុខ សុទ្ធសឹងតែ​បានចេញ​សេចក្តីថ្លែងការណ៍ ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បញ្ចប់​ហិង្សា និង​ធានា​ឲ្យ​បាន​ការពារ​សិទ្ធិមនុស្ស​ដល់​ជនរងគ្រោះ​នៅក្នុង​រដ្ឋ Rakhine ។

​ថ្មីៗ​នេះដែរ ភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ ក៏បាន​ព្រមាន និង​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ការ​ប្រថុយ​ជីវិត​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​បានធ្វើ​ដំណើរ​តាម​ក្បូន​ឆ្លងទន្លេ​រាប់​គីឡូ​ម៉ែត​ដើម្បី​ចាកចេញ​ពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស ខណៈ​តួលេខ​នៃ​អ្នកស្លាប់​ដោយសារតែ​លង់ទឹក​ក៏​កើនឡើង​ដែរ​៕


Tag:
 មី​យ៉ាន់​ម៉ា
  UN
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com