អន្តរជាតិ
គុយបា កូរ៉េខាងជើងពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈទំនាក់ទំនងជាមួយអាមេរិកតានតឹងខ្លាំង
× គុយបា និងកូរ៉េខាងជើងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីស្របពេល ទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយអាមេរិកតានតឹង និងល្អក់កករខ្លាំងនោះ។ គុយបាបានជំទាស់ការដាក់ទណ្ឌកម្មកូរ៉េខាងជើងជាលក្ខណៈឯកតោភាគី និងដាក់ប្រទេសនេះចូលក្នុងបញ្ជីគាំទ្រភេរវកម្មផងដែរពីសំណាក់អាមេរិក។
ស្របពេលដែលទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោនកាន់តែតានតឹងខ្លាំង ក្រុងហាវ៉ាណា និងក្រុងព្យុងយ៉ាងប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតបន្តទៅមុខទៀត។នេះបើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua។
ការប្រកាសនេះកើតឡើងក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong Ho បំពេញទស្សនកិច្ចនៅប្រទេសគុយបា និងជួបពិភាក្សាជាមួយសមភាគីគុយបាលោក Bruno Rodriguez។ ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនទៅមុខគួរឲ្យពេញចិត្ត ដោយឈរលើមិត្តភាពដែលមានជាប្រពៃណីយូរអង្វែងមកហើយនោះ។
ក្នុងជំនួបដដែលនោះតំណាងរដ្ឋាភិបាលគុយបា បានបង្ហាញជំហររឹងមាំមួយប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីរបស់ក្រុងវ៉ាស៊ីនតោនលើកូរ៉េខាងជើង និងដាក់កូរ៉េខាងជើងក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្មផងនោះ។
ប្រមុខការទូតគុយបាបានលើកឡើងដូច្នេះ៖ «យើងគាំទ្រដាច់ខាតការគោរពអធិបតេយ្យរបស់រដ្ឋ និងឯករាជ្យ រួមជាមួយសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនយើងផង។ បន្ថែមពីនេះយើងប្រឆាំងរាល់ការប្រើប្រាស់កម្លាំងប្រឆាំងប្រជាជាតិដទៃផងដែរ»។
គុយបាក៏បង្ហាញទស្សនកិច្ចយល់ឃើញផងដែរថា ការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េអាចធ្វើទៅបានតាមរយៈការសន្ទនាឬការចរចាគ្នា មិនមែនការប្រើប្រាស់កម្លាំងឡើយ។ ចំណែកតំណាងក្រុងព្យុងយ៉ាងឯណោះវិញបានលើកឡើងក្នុងជំនួបនេះដែរថាស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ដោយសារតែការបង្កើនកម្លាំងយោធាគំរាមកំហែងប្រទេសដទៃរបស់ក្រុមប្រទេសចក្រពត្តិ (សំដៅលើអាមេរិក)។
តាមពិតទៅជំនួបរវាងភាគីទាំងពីរកើតឡើងចំពេលដែលទំនាក់ទំនងរវាងគុយបា និងអាមេរិក ក៏ដូចជាកូរ៉េខាងជើងនិងអាមេរិកតានតឹងនិងល្អក់កករខ្លាំងដែរ។ អាមេរិកចោទប្រកាន់ថា គុយបាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពមន្ត្រីទូតខ្លួន និងគំរាមលុបចោលគោលនយោបាយដែលជាមរតកការទូតរបស់លោក អូបាម៉ា ចំពោះគុយបាថែមទៀត។ កាលពីខែតុលាអាមេរិកទាមទារឲ្យគុយបាបន្ថយមន្ត្រីទូត និងកម្រិតការធ្វើជំនួញ និងការហោះហើរទៅគុយបាថែមទៀត។
ចំណែកកូរ៉េខាងជើងឯណោះវិញ ត្រូវបានលោក ដូណាល់ ត្រាំ ដាក់បញ្ចូលឈ្មោះក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្ម ដោយសារកូរ៉េខាងជើងមិនព្រមឈមបាញ់សាកល្បងនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន។ កន្លងមក លោក ត្រាំ និងលោក គីម ជុងអ៊ុន បានបង្កសង្គ្រាមពាក្យសម្តីជាមួយគ្នា ជាបន្តបន្ទាប់ផងដែរ ដោយលោក ត្រាំ គំរាមប្រើកម្លាំងកម្ទេចរបបដឹកនាំកូរ៉េខាង ខណៈដែល លោក គីម ជុងអ៊ុន គំរាមបាញ់ផ្លោងនុយក្លេអ៊ែលើទឹកដីអាមេរិកផង៕
Tag:
គុយបា
កូរ៉េខាងជើង
Bruno Rodriguez
Ri Yong Ho
© រក្សាសិទ្ធិដោយ thmeythmey.com