អន្តរជាតិ
កូរ៉េខាងត្បូងចង់លុបចោលសមយុទ្ធជាមួយអាមេរិក ព្រោះជាន់ព្រឹត្តិការណ៍អូឡាំពិក២០១៨ សមយុទ្ធរួមគ្នារវាងទាហានកូរ៉េខាងត្បូងនិងអាមេរិកនាពេលកន្លងមក (រូបភាព៖ AP)
× រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណាលុបចោលសមយុទ្ធប្រចាំឆ្នាំជាមួយអាមេរិក ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ២០១៨ ដើម្បីកាត់បន្ថយការគំរាមកំហែងពីកូរ៉េខាងជើងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ និងប៉ារ៉ាឡាំពិករដូវរងារឆ្នាំ២០១៨ ។ យ៉ាងណាមិញ គេមិនឃើញមានការពិភាក្សាណាមួយលើបញ្ហានេះឡើយ ដោយក្រុងសេអ៊ូលនឹងនិយាយជាមួយក្រុងវ៉ាស៊ិនតោនលើបញ្ហានេះក្នុងពេលឆាប់ៗ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានស្រង់សម្ដីមន្ត្រីវិមានប្រធានាធិបតីម្នាក់ថា កូរ៉េខាងត្បូងចង់ផ្អាកសមយុទ្ធរួមគ្នាជាមួយអាមេរិកនៅឆ្នាំក្រោយ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារ ឆ្នាំ២០១៨ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។ មន្ត្រីដដែលបន្តថា ផែនការនេះត្រូវបានគិតគូរជាយូរមកហើយ ប៉ុន្តែមិនទាន់មានការចរចាជាមួយអាមេរិកលើបញ្ហានេះឡើយ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០១៨ នឹងត្រូវរៀបចំនៅទីក្រុងព្យុងឆាង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ ចំណែកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងារវិញ នឹងចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមីនា។ យោងតាមកាលបរិច្ឆេទនេះ កម្មវិធីកីឡាអន្តរជាតិដ៏ធំនេះនឹងត្រូវរៀបចំជាន់គ្នាលំហាត់យោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងអាមេរិក ដែលតែងតែងធ្វើឡើងអំឡុងខែមីនា និងមេសារៀងរាល់ឆ្នាំ។
សមយុទ្ធយោធា Key Resolve និង Foal Eagle មានការចូលរួមពីទាហានអាមេរិកជិតពីរម៉ឺននាក់ និងទាហានកូរ៉េខាងត្បូងជាង៣០ម៉ឺននាក់ទៀត។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធរួមគ្នានេះ ជាការប្រុងប្រៀបឈ្លានពានខ្លួន ហើយតែងធ្វើសកម្មភាពឆ្លើយតបវិញដែរ។ ជារឿយៗ កូរ៉េខាងជើងបានបាញ់មីស៊ីល ឬសាកល្បងគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ដើម្បីកំញើញសមយុទ្ធទ្វេភាគី ដែលបញ្ហានេះធ្វើឲ្យកូរ៉េខាងត្បូងបារម្ភថា អាចបង្កផលប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក។
ជុំវិញបញ្ហាកីឡានេះដែរ ក្រុងសេអ៊ូលសង្ឃឹមថា ក្រុងព្យុងយ៉ាងនឹងបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមព្រឹត្តិការណ៍នេះ ក្នុងន័យសម្រួលទំនាក់ទំនងទ្វេភាគីផង និងបន្ថយកម្ដៅតានតឹងនៅឧបទ្វីបកូរ៉េតាមរយៈកីឡាផង។ កូរ៉េខាងជើងមានអត្តពលិកពីររូបដែលមានសិទ្ធិចូលរួមបាន ប៉ុន្តែមិនទាន់បញ្ជាក់ថា នឹងមកចូលរួមឬយ៉ាងណាទេ។ ប៉ុន្តែក្រុងសេអ៊ូលនឹងស្វាគមន៍កីឡារបស់កូរ៉េខាងជើងដែលមានសិទ្ធិប្រកួតប្រជែងលើទឹកដីរបស់ខ្លួន។
ការចរចាលើបញ្ហាទំនងចាប់ផ្ដើមនៅពេលឆាប់ៗនេះ ព្រោះកូរ៉េខាងត្បូងមិនចង់បាក់មុខក្នុងនាមជាម្ចាស់ផ្ទះឡើយ។ សន្តិសុខអំឡុងពេលព្រឹត្តិការណ៍អូឡាំពិកនេះ គឺជាបញ្ហាធំ ខណៈកន្លងមកមានប្រទេសខ្លះចង់ដកខ្លួនពីការប្រកួតដោយសារបារម្ភពីសុវត្ថិភាពកីឡាកររបស់ខ្លួន។ ប៉ុន្តែក៏មានប្រទេសខ្លះនៅតែប្រកាសចូលរួមព្រឹត្តិការណ៍ដដែល ទោះជាស្ថានការណ៍នៅឧបទ្វីបកូរ៉េបន្តឡើងកម្ដៅ មិនចុះត្រជាក់ក៏ដោយ៕
Tag:
កូរ៉េខាងត្បូង
អាមេរិក
សមយុទ្ធ
Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com