ជាតិ
សម្ដេច ហ៊ុន សែន ចង់បានអ្នកជំនាញអាមេរិកលោក Jonh E.Rice ជាទីប្រឹក្សារដ្ឋាភិបាល
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងស្នើព្រះមហាក្សត្រ សុំតែងតាំងលោក Jonh E. Rice អនុប្រធានក្រុមហ៊ុន General Electric (GE) ជាទីប្រឹក្សារដ្ឋាភិបាល។ ក្រុមហ៊ុន General Electric (GE) របស់សហរដ្ឋអាមេរិក ដែលកំពុងវិនិយោគនៅកម្ពុជា គឺផ្ដោតទៅលើវិស័យអេឡិចត្រូនិច។
លោក Jonh E. Rice អនុប្រធានក្រុមហ៊ុន General Electric (GE) របស់សហរដ្ឋអាមេរិករូបនេះ នឹងត្រូវចូលនិវត្ត នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ។ ក្នុងជំនួបសំណេះសំណាលគ្នា នៅថ្ងៃទី២៣ វិច្ឆិកា សម្ដេច ហ៊ុន សែន ចាត់ទុកលោក Jonh E. Rice ជាមនុស្សម្នាក់ដែលមានបទពិសោធន៌ច្រើនក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា។ តាមរយៈការចូលរួមអភិវឌ្ឍកម្ពុជានេះ សម្ដេច ហ៊ុន សែន សន្យាថា សម្ដេចនឹងស្នើព្រះមហាក្សត្រ សុំតែងតាំងលោក Jonh E. Rice ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា នៅពេលដែលអនុប្រធានក្រុមហ៊ុន GE រូបនេះចូលនិវត្ត។
ជាការឆ្លើយតប លោក Jonh E. Rice យល់ព្រមទទួលយកតួនាទីនេះ ដោយសន្យាថា លោកនឹងខិតខំបំរើដល់ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យសំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាលដែលទាក់ទងនឹងឧបករណ៌ពេទ្យ។ ក្រុមហ៊ុន GE កំពុងសិក្សាលើការផលិតថាមពលអគ្គសនីដើរដោយធ្យូងថ្ម ក្នុងខេត្តព្រះសីហនុ។ ជាពិសេសការសិក្សាលើបណ្តាញអគ្គិសនី និងការបែងចែកអគ្គសនី ទៅកាន់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ដែលគ្រោងបញ្ចប់នាចុងឆ្នាំ២០១៧នេះ។ នេះបើតាមអនុប្រធានក្រុមហ៊ុន GE លោក Jonh E. Rice។
ក្រៅពីនេះក្រុមហ៊ុន GE ក៏បានជួយដំណើការប្រើប្រាស់ទឹកស្អាត នៅតាមមន្ទីរពេទ្យចំនួន១២រួចមកហើយ ក្នុងជំហានទី១ ។ ក្រុមហ៊ុន GE ក៏បន្តជំរុញការប្រើប្រាស់ទឹកស្អាតនេះ នៅតាមមន្ទីរពេទ្យចំនួន១២ ផ្សេងទៀតនៅកម្ពុជា ក្នុងជំហានទី២ ផងដែរ។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន៕
Tag:
ហ៊ុន សែន
អាមេរិក
GE
© រក្សាសិទ្ធិដោយ thmeythmey.com