ជាតិ
សភា ទាមទារឲ្យអតីតតំណាងរាស្ត្រ CNRP ប្រកាសទ្រព្យសម្បត្តិ
× ភ្នំពេញ៖ ទោះលែងមានឈ្មោះជាតំណាងរាស្ត្រក៏ដោយ ប៉ុន្តែអតីតតំណាងរាស្ត្រទាំង៥៥រូប នៃគណបក្សសង្គ្រោះជាតិ (CNRP) មិនទាន់រួចផុតពីកាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះទេ។ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា បានចេញសេចក្តីជូនដំណឹងមួយ ទៅកាន់អតីតតំណាងរាស្ត្រទាំងនោះ ដើម្បីស្នើឲ្យប្រកាសទ្រព្យសម្បត្តិនិងបំណុល។
សេចក្តីជួនដំណឹង ដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិនិងបំណុលនេះ ត្រូវធ្វើឡើងក្រោយរយៈពេល៣0ថ្ងៃយ៉ាងយូរ បន្ទាប់ពីពួកគាត់ទាំង៥៥រូប អស់តំណែងជាតំណាងរាស្ត្រ។ សេចក្តីជូនដំណឹងនោះ ប្រាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យ៉ាងដូច្នេះថា៖«សូមមេត្តាបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ»។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧។ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា លោក ឡេង ប៉េងឡុង បានប្រាប់ថា រដ្ឋសភា សម្រេចលុបឈ្មោះអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាផ្លូវការ៕
© រក្សាសិទ្ធិដោយ thmeythmey.com