អន្តរជាតិ
អាមេរិក គំរាម​ដាក់ទណ្ឌកម្ម​ប្រឆាំង​បុគ្គល​ដែល​នៅ​ពីក្រោយ​ការធ្វើ​ទុក្ខបុក​ម្នេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
23, Nov 2017 , 10:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ហៅ​ប្រតិបត្តិការ​របស់​យោធា​មី​យ៉ាន់​ម៉ា​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ថា​ជាការ​បោសសម្អាត​ឬ​បំបាត់​ជាតិ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា ។ ក្រុង​វ៉ាស៊ីនតោន ក៏​ថែមទាំង​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​បុគ្គល​ទាំងឡាយណា ដែល​នៅ​ពីក្រោយ​នៃ​ហេតុការណ៍ និង​វិបត្តិ​ជនភៀសខ្លួន​ដ៏​ធំ​មួយ​នេះ​ផងដែរ ។



​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson បាន​ថ្កោលទោស​ជាថ្មី​លើ​ការវាយប្រហារ​នៅ​ថ្ងៃ​២៥ សីហា នៅ​រដ្ឋ​Rakhine របស់​មី​យ៉ាន់​ម៉ា ដែល​បាន​បណ្តាល​ឲ្យ​មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស និង​រស់នៅ​ដោយ​លំបាក​វេទនា ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក ចុះ​ថ្ងៃ​២២ វិច្ឆិកា ។

​សេចក្តីថ្លែងការណ៍​ដែល​សង្ខេប​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​អាមេរិក​ទៅកាន់​មី​យ៉ាន់​ម៉ា​ដដែល បាន​បន្តទៀតថា លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ការ​ប្រវាយ​ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​យោធា​មី​យ៉ាន់​ម៉ា កម្លាំង​សន្តិសុខ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​នោះ បាន​បង្ក​ឲ្យ​មានការ​ឈឺចាប់ និង​បាន​បង្ខំ​ឲ្យ​មនុស្ស​ជាច្រើន​ម៉ឹ​ន​នាក់ បាន​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​នៅ​មី​យ៉ាន់​ម៉ា​ដើម្បី​ស្វែងរក​ជម្រក​នៅ​បង់​ក្លា​ដែ​ស ។

​លោក​ប្រមុខ​ការទូត ក៏បាន​សង្កត់​ដែរ​ថា​៖« តាមរយៈ​ការវិភាគ​ដោយ​ផ្អែកលើ​អង្គហេតុ ស្ថានភាព​ដែល​បានកើត ឡើង​នៅក្នុង​រដ្ឋ Rakhine អាច​ចាត់ទុកជា​ការបំបាត់​ជាតិ​សាសន៍​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ .... សហរដ្ឋអាមេរិក នឹង​បន្ត​ចូលរួម​ទទួលខុសត្រូវ​លើ​វិបត្តិ​នេះ តាមរយៈ​អំណាចច្បាប់​របស់​អាមេរិក ដែល​រាប់បញ្ចូល​ទាំង​ការដាក់ទណ្ឌកម្ម ទៅលើ​បុគ្គល​ទាំងឡាយណា ដែល​នៅ​ពី​ក្រោយពី​ហេតុការណ៍​នេះ​។ »

​យ៉ាងណាក៏ដោយ លោក​ប្រមុខ​ការទូត ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​ក្នុងការ​បង្កើត​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ជនភៀសខ្លួន ក៏ដូចជា​ស្វាគមន៍​ចំពោះ​ការផ្លាស់ប្តូរ​យោបល់​គ្នា​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​ក្នុង​ការបញ្ជូន​ជនភៀសខ្លួន​មក​កន្លែង​ដើម​វិញ ។

​បើតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ គិត​ចាប់ពី​ការប៉ះទង្គិច​នៅ​ខែសីហា​មក មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ជាង​៦០​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ដោយ​ពួកគេ បាន​អះអាងថា ពួកគេ រង​ការគំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ ៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាមេរិក​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com