កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់បោះ​ឥណ្ឌូណេស៊ី កំណត់​លទ្ធផល​ទុក​មុន ដោយ​សារបាន​ប្រាក់ខែ​មិន​គ្រប់​
24, Nov 2017 , 7:39 pm        
រូបភាព
​កីឡាករ​បាល់បោះ​ឥណ្ឌូណេស៊ី ៨​នាក់ រួមទាំង​មន្ត្រី​ក្រុម​ម្នាក់​ត្រូវបាន​ហាមឃាត់​ចូល​ទីលាន​អស់​មួយជីវិត ដោយសារ​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល​ទុក​មុន​។ ជុំវិញ​ករណី​នេះដែរ លី​ក​បាល់បោះ​ប្រទេស​នេះ ថា​ពួកគេ​ប្រព្រឹត្តិ​ដូច​ច្នេះ​គឺ​ដើម្បី​បាន​ប្រាក់​យកទៅ​បើក​ឲ្យ​កីឡាករ​ផ្សេងទៀត ដែល​ទទួលបាន​ប្រាក់ខែ​មិន​គ្រប់គ្រាន់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​



​សមាជិក​ក្រុម Siliwangi Bandung ដែលជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ជាច្រើន​ក្នុង​លី​ក​បាល់បោះ​ឥណ្ឌូណេស៊ី ត្រូវបាន​បញ្ចប់​អាជីព ក្រោយពី​រកឃើញថា​បានកំណត់​លទ្ធផល​ទុក​មុន​ចំនួន​៤​ប្រកួត​កាលពី​រដូវ​កាល​មុន​។​

​នេះ​ជា​ករណី​លើកដំបូង​ហើយ​ដែល​គេ​បានដឹង​ពី​ការប្រកួត​បាល់បោះ​ក្នុងប្រទេស​ដែល​ពោរពេញ​ទៅដោយ​អំពើពុករលួយ ទោះបី​ជាមាន​ករណី​ក្លែងបន្លំ​ស្រដៀង​គ្នា​នេះ​ជាច្រើន​នៅក្នុង​វិស័យ​កីឡាបាល់ទាត់ និង​កីឡា​វាយ​សី​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​របស់​ឥណ្ឌូនេស៊ី​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងថា កីឡាករ​ដែល​មិន​បានទទួល​ប្រាក់ខែ​គ្រប់គ្រាន់​ទើប​ពួកគេ​ប្រព្រឹត្តិ​អំពើ​បែបនេះ ខណៈ អ្នក​ភ្នាល់​អាច​ភ្នាល់​លើ​លទ្ធផល​នៃ​ការប្រកួត​ជាមួយ​ការកាត់បន្ថយ​ប្រាក់រង្វាន់​។​

​អតីត​ម្ចាស់​ក្លិប​នេះ គឺ​លោក Dennis Depriadi ក៏បាន​ទទួលស្គាល់ថា​ក្រុម​នេះ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ដែរ​។​
​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​៖«​ការ​បង្វិល​សាច់ប្រាក់​របស់​ក្លិប​នៅមាន​បញ្ហា ពីព្រោះ​ការទូទាត់​ជាច្រើន​ដូចជា [​ម្ចាស់​ឧបត្ថម្ភ​] មិនត្រូវ​បានធ្វើ​ឲ្យ​ទាន់ពេល​តាម​កាលវិភាគ​នោះទេ​»​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក Hasan Gozali ស្នងការ​សម្ព័ន្ធ​បាល់បោះ​ឥណ្ឌូណេស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣ ខែវិច្ឆិកា​ថា​៖«​អ្វីដែល​ពួកគេ​បានធ្វើ​គឺ​មិនអាច​ទទួលយក​បានឡើយ​»​។​

​សូមបញ្ជាក់ថា ក្រុម​បាល់បោះ​Siliwangi Bandung ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Bandung ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី ទទួល​ជ័យជម្នះ​ត្រឹមតែ ៤​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​ទាំង ១៤​លើក​កាលពី​រដូវ​កាល​មុន ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​ក្លាយជា​ក្រុម​ដែល​បង្ហាញខ្លួន​អាក្រក់​បំផុត​ក្នុង​លី​ក​៕


Tag:
 បាល់បោះ​
  កំណត់​លទ្ធផល​ទុក​មុន​
  ឥណ្ឌូនេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com