ជាតិ
សង្គមជាតិ
មហោស្រពបណ្ណាល័យ នឹងបង្ហាញពីសារសំខាន់ រួមទាំងសេវាកម្មជាច្រើនរបស់បណ្ណាល័យ
× ភ្នំពេញ៖ មហោស្រពបណ្ណាល័យ ជាកម្មវិធីថ្មីមួយ ដែលរៀបចំឡើងជាលើកទី១នៅកម្ពុជា។ មហោស្រពបណ្ណាល័យ នឹងបង្ហាញខ្លួនក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ចាប់ពីថ្ងៃទី ៨-១០ ខែធ្នូខាងមុខ នាបណ្ណាល័យជាតិ។ មហោស្រពបណ្ណាល័យ ជាកម្មវិធីដែលខុសប្លែកពីកម្មវិធីពិព័រណ៍សៀវភៅ ដោយក្នុងនោះ មហោស្រពបណ្ណាល័យ នឹងបង្ហាញដល់សាធារណជន ពីសារសំខាន់ រួមទាំងសេវាកម្មមួយចំនួនរបស់បណ្ណាល័យផងដែរ។
នាកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែធ្នូខាងមុខនេះ នឹងព្រឹត្តិការណ៍ថ្មីមួយទៀត គឺមហោស្រពបណ្ណាល័យលើកទី១។ មហោស្រពបណ្ណាល័យលើកទី១ ជាកម្មវិធីមួយដែលបង្ហាញសាធារណជនទូទៅឲ្យបានស្គាល់ច្បាស់ពីបណ្ណាល័យ និងសេវាកម្មរបស់បណ្ណាល័យ។
មហោស្រពបណ្ណាល័យ ប្រារព្ធឡើងក្រោមប្រធានបទ «គិតគូរបណ្ណាល័យ គិតការអភិវឌ្ឍដោយចីរភាព»។ ក្នុងមហោស្រពបណ្ណាល័យនេះ មានបណ្ណាល័យចំនួន ១០ ជាដែលអ្នករៀបចំ និងសហការបណ្ណាល័យជាតិ និងសមាគមបណ្ណារក្សនិងឯកសារវិទូកម្ពុជា។ មហោស្រពនេះ នឹងមានការដូរជាសៀវភៅពីសំណាក់សាធារណជនដែលចូលរួមផងដែរ។
លោក គឹម ច័ន្ទត្រាបុត្រ គណៈកម្មការរៀបចំមហោស្រពបណ្ណាល័យកម្ពុជា និងជាអ្នកបច្ចេកទេសបណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រាប់សារព័ត៌មានឲ្យដឹងថា៖ «ការរៀបចំមហោស្រពបណ្ណាល័យនេះ ក្នុងបំណងចង់បង្ហាញឲ្យសាធារណជនទូទៅបានឃើញ និងយល់ពីបណ្ណាល័យ។ ព្រោះបណ្ណាល័យ មិនត្រឹមតែជាកន្លែងអានសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែបណ្ណាល័យមានផ្ដល់សេវាកម្ម និងអត្ថប្រយោជន៍ជាច្រើន»។
គណៈកម្មការរៀបចំមហោស្រពបណ្ណាល័យកម្ពុជារូបនេះ បន្ថែមថា មហោស្រពបណ្ណាល័យ នឹងបង្ហាញពីសេវាកម្មជាច្រើន ដែលមនុស្សមួយចំនួន មិនធ្លាប់បានដឹងពីសេវាកម្មក្នុងបណ្ណាល័យមានអ្វីខ្លះ។ លោក គឹម ច័ន្ទត្រាបុត្រ បន្តថា មហោស្រពបណ្ណាល័យ ក៏ជាកន្លែងមួយ ជួយសម្រួលដល់សិស្សានុសិស្ស អាចស្វែងយល់ និងស្រាវជ្រាវឯកសារនានាក្នុងបណ្ណាល័យ ដោយប្រើប្រាស់ឲ្យអស់លទ្ធភាពផងដែរ។
លោក គឹម ច័ន្ទត្រាបុត្រ រំពឹងថា មហោស្រពបណ្ណាល័យនេះ នឹងធ្វើឲ្យសាធារណជនយល់ពីសារៈប្រយោជន៍របស់បណ្ណាល័យកាន់តែច្រើន។ បន្ថែមលើនេះ កម្មវិធីមហោស្រពបណ្ណាល័យលើកទី១ នឹងជំរុញឲ្យសាធារណជនទូទៅ យល់ពីតម្លៃ និងការលើកតម្លៃនៃបណ្ណាល័យ ដែលជាកន្លែងផ្ដល់នូវចំណេះដឹង និងព័ត៌មានជាច្រើនផងដែរ៕
Tag:
អប់រំ
មហោស្រពបណ្ណាល័យ
ពិព័រណ៍សៀវភៅ
គឹម ច័ន្ទត្រាបុត្រ
© រក្សាសិទ្ធិដោយ thmeythmey.com