ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ នឹង​វាយតម្លៃ​លើ​ការអនុគ្រោះ​ពន្ធ​នាំចូល​អាមេរិក​
29, Nov 2017 , 12:15 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក កំពុង​រៀបចំ​ការពិនិត្យ​លើ​ការអនុគ្រោះ​ពន្ធ​នាំចូល​អាមេរិក ពី​សំណាក់​ប្រទេស​កំពុង​អភិវឌ្ឍ​។ សម្រាប់​ការពិនិត្យ​នេះ គឺ​អាមេរិក​នឹង​វាយតម្លៃ​លក្ខណៈសម្បត្តិ​ប្រទេស​នីមួយៗ មុន​ផ្ដល់​ការអនុគ្រោះ​ពន្ធ​សម្រាប់​ពួកគេ​។​




​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា លោក William Heidt បាន​និយាយថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ពិនិត្យ​វាយតម្លៃ​លើ​លក្ខណៈ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​អាចមាន​លទ្ធភាព​នាំ​ផលិតផល​ចូល​ទីផ្សារ​អាមេរិក តាមរយៈ​ការអនុគ្រោះ​ពន្ធ​បន្តទៀត​។​
 
​ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ក្នុង​កិច្ច​សម្ភាស​ជុំវិញ​បញ្ហា​អនុគ្រោះ​ពន្ធ​ដោយ​ភ្ជាប់​ករណី​នយោបាយ​កម្ពុជា នៅ​ថ្ងៃទី​២៩ វិច្ឆិកា​នេះ លោក William Heidt បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ​កំពុងតែ​រៀបចំ​នីតិវិធី​ថ្មី សម្រាប់​អ្នក​ដែលមាន​លក្ខណៈសម្បត្តិ​ចូលរួម​ក្នុង​កម្មវិធី​អនុគ្រោះទូទៅ ( Generalize System of Preference ) នេះ ហើយ​ក្នុងនោះ​មិនមែន​តែ​កម្ពុជា​ទេ គឺមាន​ប្រទេស​ថៃ និង​វៀតណាម​ផងដែរ​។ សម្រាប់​ការវាយតម្លៃ​លក្ខណៈសម្បត្តិ​នៃ​ការទទួលបាន​ប្រព័ន្ធ​អនុគ្រោះ GSP​នេះ គឺ​រដ្ឋបាល​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ធ្វើការ​បែងចែក​ពិភពលោក​៣​ផ្នែក​ផ្សេងគ្នា ហើយនឹង​ពិនិត្យមើល​រៀងរាល់​៣​ឆ្នាំ​ម្ដង​។ 
 
​បើតាម​លោក William Heidt ប្រទេស​ដែល​ត្រូវ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​បន្តទៀត គឺ​ត្រូវ​ពឹង​ផ្អែកលើ​ការវាយតម្លៃ​លក្ខណៈ​២​ចំណុច រួមមាន​សិទ្ធិ​និយោជិត និង​កម្មសិទ្ធិបញ្ញា​។​«​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​អាស៊ី ដែល​ត្រូវ​វាយតម្លៃ​ការទទួលបាន ស្របតាម​លក្ខណៈសម្បត្តិ GSP​នេះ ។​សម្រាប់​ខ្ញុំ​មើលឃើញថា កម្រិត​នៃ​សិទ្ធិ​កម្មករនិយោជិត​នេះ គឺ​កំពុងដំណើរការ​ត្រឹមត្រូវ​ល្អ ប៉ុន្តែ​មិនមែន​មានន័យថា គ្មាន​បញ្ហា​ទាំងស្រុង​នោះទេ​»​។​
 
​តែ​យ៉ាងណា​អគ្គរដ្ឋទូត​អាមេរិក​រូបនេះ បាន​លើកឡើងថា បញ្ហានយោបាយ​កម្ពុជា កំពុង​ស្ថិតនៅ​ក្នុងការ​ពិភាក្សា​នៅក្នុង​សេត​វិមាន​អាមេរិក​។ ហើយ​អាមេរិក​កំពុង​តាមដាន​នយោបាយ​ការបរទេស​រវាង​កម្ពុ​ជា និង​អាមេរិក​ផងដែរ​។ 
 
​កន្លងមក​រដ្ឋាភិបាល ហាក់​មិន​ព្រួយបារម្ភ​ពី​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​ឈប់​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ពី​សំណាក់​អាមេរិក​នេះឡើយ​។ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន មើលមិនឃើញ​ចំណុច​ណា​ដែល​ធ្វើ​ឲ្យ​អាមេរិក ឈានដល់​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មកលើ​ប្រទេស​កម្ពុជា​ទេ បើទោះជា​អាមេរិក​ចាត់ទុក​បញ្ហានយោបាយ​នៅ​កម្ពុជា​អាក្រក់​ក្តី​។ បើតាម​លោក ផៃ ស៊ី​ផាន រាល់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​លើ​ប្រទេស​ណាមួយ​នោះ វា​អាស្រ័យ​លើ​អ្នកជំនួញ​អាមេរិក​(Lobby Group) ព្រោះ​ការអនុគ្រោះ​ពន្ធ​ទាប​លើ​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា វា​ផ្ដល់​ផលចំណេញ​ច្រើន​ដល់​អ្នកវិនិយោគ​អាមេរិក ដែល​ទទួលបាន​ផលិតផល​តម្លៃ​ទាប ហើយ​លក់បាន​ថ្លៃ​។​
 
​កម្ពុជា ត្រូវបាន​គេ​ដឹងថា បាន​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក តាមរយៈ​ការអនុគ្រោះ​ពន្ធ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ បើ​សរុប​តួលេខ​នាំចូល​ទំនិញ​អនុគ្រោះ​ពន្ធ ក្នុង​ទីផ្សារ​អាមេរិក និង​សហគមន៍​អឺរ៉ុប​វិញ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៧០០០​លាន​ដុល្លារ​អាមេរិក​៕ 
 
 
 
 

Tag:
 Hiedt
 ​ដូ​ណា​ល់​ត្រាំ​
 ​អាមេរិក​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com