កីឡាអន្តរជាតិ
អន្តរជាតិ
Pardew នឹង​ទៅ​ដឹកនាំ West Brom ស្របពេល Big Sam ត្រៀម​ទៅ Everton
29, Nov 2017 , 3:27 pm        
រូបភាព
​លោក Alan Pardew នឹងត្រូវ​បានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ក្រុម West Bromwich Albion ខណៈដែល​លោក Sam Allardyce ឬ Big Sam ក៏​នឹង​ត្រៀមខ្លួន​ដើម្បី​ឡើង​ដឹកនាំ​ក្រុម Everton ដែល​កំពុងតែ​ដុនដាប​ខ្លាំង​នោះដែរ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។



West Brom កំពុង​ខិតជិត​ដើម្បី​យក​អតីត​អ្នកចាត់ការ​ក្រុម Newcastle United និង Crystal Palace ទៅ​ដឹកនាំ​ពួកគេ​។ ក្រុម​រហស្សនាម Baggies បានបញ្ចប់​តំណែង​លោក Tony Pulis កាលពី​ថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពី​នាំ​ក្រុម​នេះ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League ឈ្នះ​តែ​២​ប្រកួត​ប៉ុណ្ណោះ ហើយ​១០​ប្រកួត​ចុងក្រោយ​ទទួលបាន​ត្រឹម​ស្មើនឹង​ចាញ់ ស្ថិត​នៅក្បែ​តំបន់​ត្រូវ​កាត់ចោល​។​



Pardew ដែល​នៅ​ទំនេរ​ពី​ការងារ​ចាប់តាំងពី​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​កាលពី​ខែធ្នូ​ឆ្នាំ ២០១៦ ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ចុះ​កិច្ចព្រមព្រៀង​រហូតដល់​ឆ្នាំ ២០២០​។ អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៥៦​ឆ្នាំ​រូបនេះ នឹង​ក្លាយជា​អ្នកចាត់ការ​អចិន្ត្រៃយ៍​ទី​៦ របស់​ក្លិប Albion បើ​គិត​ត្រឹម​ឆ្នាំ ២០១១​មក​។​

​ចំណែក​លោក Sam Allardyce នឹង​ត្រៀមខ្លួន​ក្លាយជា​អ្នកដឹកនាំ Everton ផងដែរ ស្របពេល​ការចរចា​រវាង​អ្នកតំណាង​របស់ Big Sam ជាមួយ​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លិប​នេះ​គឺ​លោក Farhad Moshiri កាលពី​ថ្ងៃ​អង្គារ ជិត​សម្រេច​ជោគជ័យ​១០០​ភាគរយ​ជាមួយនឹង​ប្រាក់​ឈ្នួល ៦​លាន​ផោន [​ប្រហែល ៨​លាន​ដុល្លារ​អាមេរិក​] ក្នុង​មួយឆ្នាំ​។​



​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៦៣​ឆ្នាំនេះ បាន​ត្រលប់​មកពី​សម្រាកលំហែ​កាយ​ជាមួយ​ប្រពន្ធ​របស់លោក​គឺ​អ្នកស្រី Lynne នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​មកជួប​លោក Moshiri ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​តែម្តង​។​

Everton បានដាក់​លោក David Unsworth ឲ្យ​ដឹកនាំ​បណ្តោះអាសន្ន ក្រោយ​បញ្ឈប់​តំណែង​លោក Ronal Koeman កាលពី​ថ្ងៃទី ២៣ ខែតុលា បន្ទាប់ពី​ក្រុម​នេះ​ខ្ទាត​ទៅ​តំបន់​ត្រូវ​កាត់ចោល​ពី​លី​ក​កំពូល​អង់គ្លេស និង​ធ្លាក់​ចេញពី​ក្របខណ្ឌ Europa League វគ្គ​សន្សំ​ពិន្ទុ​ដោយ​មិន​ស្គាល់​ឈ្នះ​១​ប្រកួត​សោះ​។​

​បើសិន Allardyce ឡើង​ដឹកនាំ​ពិតមែន អតីត​អ្នកចាត់ការ Leicester City លោក Craig Shakespeare ដែល​ទំនេរ​មិនទាន់មាន​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ពី​តំណែង​នោះ អាច​នឹងត្រូវ​ក្លាយជា​ជំនួយការ​ផ្ទាល់​របស់លោក​ផងដែរ​៕


Tag:
 ​បាល់ទាត់​
  Alan Pardew
  Sam Allardyce
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com