ជាតិ
សិង្ហ​បុរី សន្យា​ជួយ​ពង្រឹង​វិស័យ​កីឡា​នៅ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត SEA GAMES នៅ​ឆ្នាំ​២០២៣
30, Nov 2017 , 7:59 am        
រូបភាព
ហ្វេសប៊ុក៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន (កណ្ដាល)
ហ្វេសប៊ុក៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន (កណ្ដាល)
​ភ្នំពេញ​៖ សិង្ហ​បុរី​សន្យា​ជួយ​ពង្រឹង​វិស័យ​កីឡា​នៅ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​( SEA GAMES) នៅ​ឆ្នាំ​២០២៣​។ កម្ពុជា និង​សិង្ហ​បុរី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ផ្ដោតលើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ការងារ​កីឡា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ។​



​តាមរយៈ​ខ្លឹមសារ​ក្នុង​អនុស្សរណៈ​នេះ សិង្ហ​បុរី នឹង​ជួយ​ហ្វឹកហាត់​កីឡា​ថ្នាល និង​កម្រិត​ខ្ពស់ ,​ចែករំលែក​លើ​វិទ្យាសាស្ត្រ និង​ពេទ្យ​កីឡា ,​ការ​ប្រឆាំងនឹង​ការប្រើ​សារធាតុ Doping និង​ផ្តល់នូវ​បទពិសោធន៍​រៀបចំ​ការប្រកួត​កីឡា​ធំៗ ក្នុងការ​ពង្រឹងសមត្ថភាព​មន្ត្រី​កីឡា រួមទាំង​កីឡាករ​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈ​ប្រកួត​កីឡា SEA GAMES​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣​។ នេះ​ជា​ខ្លឹមសារ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក TAN CHUON JIN ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​សិង្ហ​បុរី​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បន្ថែម​ដូច្នេះ​ថា​៖«​អនុស្សរណៈ​នេះ​មាន​សារៈសំខាន់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​កីឡា និង​កីឡាករ​កម្ពុជា ឆ្ពោះទៅ​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​រៀបចំ​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣»​។​

​រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួចហើយ ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣ ដោយបាន​អនុម័ត​ផែនការមេ តាំងពី​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៦​មកម្ល៉េះ​។ សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍ SEA GAMES ខាងមុខនេះ រដ្ឋាភិបាល បាន​ចាត់តាំង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ជា​ប្រធាន ។ ចំណែក​ក្រសួង​អប់រំ យុវជន និង​កីឡា​,​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​រាជធានី​ភ្នំពេញ​ជា​អនុប្រធាន ដោយមាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជា​អនុប្រធាន​អចិន្ដ្រៃយ៍​។​

​កន្លងមក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​លើកឡើងថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ នឹង​ជួយ​ឲ្យ​កម្ពុជា​អាច​ផ្សព្វផ្សាយ​ពី​វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និង​កេរ្តិ៍ឈ្មោះ បង្ហាញ​ឲ្យ​ពិភពលោក​ឲ្យ​ដឹង​ពី​ភាពរុងរឿង​ថ្កើងថ្កាន​របស់​កម្ពុជា ក្រោម​ពាក្យស្លោក​ថា​៖ «​គ្មានអ្វី​ប្រសើរ​ជាង​កីឡា គ្មានអ្វី​ថ្លៃថ្លា​ជាង​កិត្តិយស គ្មានអ្វី​ខ្ពង់​ខ្ពស់ជាង​ជាតិ​រុងរឿង​ថ្កុំថ្កើង​ឡើយ​»៕


Tag:
 សិង្ហ​បុរី​
 ​កម្ពុជា​
  SEA GAMES
© រក្សាសិទ្ធិដោយ thmeythmey.com