កីឡាជាតិ
ជាតិ
Hun Sen Cup៖ ណាហ្គាមានប្រៀបលើបឹងកេត រីឯស្វាយរៀង និងអគ្គិសនី មានឱកាសដូចគ្នា
× ក្រុមណាហ្គាវើលបានបង្កើនភាគរយកាន់តែខ្ពស់សម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមបឹងកេត ១-០ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១កាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។ តែឱកាសឡើងវគ្គផ្តាច់ព្រ័ត្រសម្រាប់ព្រះខ័នរាជស្វាយរៀងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយបន្ទាប់ពីក្រុមនេះបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយអគ្គិសនីកម្ពុជាក្នុងជើងទី១នៅលើទឹកដីរបស់ខ្លួន។
កីឡាករ ញឹម សុវណ្ណារ៉ា បានតែតបាល់បញ្ចូលទីនាំមុខ ១-០ ដើម្បីនាំភាពសប្បាយរីករាយសម្រាប់ណាហ្គាវើលនៅ៣នាទីដំបូងក្នុងវគ្គទី១ក្រោមការបញ្ជូនបាល់ចេញពីជ្រុងរបស់កីឡាករ សួង វីរៈ ខណៈកីឡាករបឹងកេតបានត្រឹមឈរមើលជាមួយការបង្ហាញអារម្មណ៍សម្តែងការហួសចិត្តប៉ុណ្ណោះ។ ការនាំមុននេះបានធ្វើឲ្យបឹងកេតបង្កើនការវាយសម្រុកយ៉ាងខ្លាំងមកលើណាហ្គាវើល តែក្រុមនេះនៅតែមិនអាចសម្រេចទីបាននោះទេ។ ទោះបីក្រុមទាំងពីរបានបង្កើនការវាយបកនិងបង្កើតឱកាសមាសទៅវិញទៅមករៀងៗខ្លួនក៏ដោយ តែក្រុមទាំងពីរបានរក្សាលទ្ធផល ១-០ រហូតចប់វគ្គទី២។
ជ័យជម្នះ ១-០ ក្នុងជើងទី១នេះបានជួយបង្កើនឱកាសកាន់តែខ្ពស់សម្រាប់ណាហ្គាវើលក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ពោលគឺណាហ្គាវើលត្រូវការត្រឹមស្មើនាការប្រកួតជើងទី២ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែធ្នូ ដើម្បីឡើងទៅវគ្គបន្ត។ ចំណែកបឹងកេតទាមទារយកឈ្នះណាហ្គាវើលលើសពីមួយគ្រាប់ ដើម្បីបានកៅអីឡើងទៅវគ្គបន្ត។
សម្រាប់ការប្រកួតជើងទី១ដូចគ្នានៅកីឡដ្ឋានខេត្តស្វាយរៀងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយក្រុមអគ្គសនីកម្ពុជា។ កីឡាករ ម៉ាត់ នូរុន បានរកគ្រាប់នាំមុខ ១-០ សម្រាប់អគ្គិសនីកម្ពុជានៅនាទីទី៧ មុនរូបគេសម្រេចគ្រាប់ទី២ ដើម្បីបង្កើនការនាំមុខ ២-០ នៅនាទីទី១៧។ កីឡាករ សុក សំណាង បានរកគ្រាប់បាល់តាមពីក្រោយ ២-១ សម្រាប់ស្វាយរៀងនៅនាទីទី៥៨ មុន លី សារ័ត្ន សម្រេចគ្រាប់បាល់តាមស្មើ ២-២ នៅនាទីទី៨៧។
លទ្ធផលស្មើ ២-២ ក្នុងជើងទី១នេះបានធ្វើឲ្យឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្ររបស់ម្ចាស់ជើងឯករងព្រះខ័នរាជស្វាយរៀងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ពោលគឺក្រុមនេះត្រូវការឈ្នះអគ្គិសនីកម្ពុជាដាច់ខាតក្នុងជំនួបជើងទី២ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧៕
Tag:
បាល់ទាត់
Hun Sen Cup
ណាហ្គាវើល
បឹងកេត
ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com