ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈទាំង​នេះហើយ​បញ្ជាក់ថា ជាតិ​ស្ករ​ក្នុង​ឈាម​កំពុងតែ​លើស​ខ្លាំង​
15, Sep 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា​ប្លែក​ក្នុង​ខ្លួន​ដែរ​ទេ ប៉ុន្តែ​មិន​ប្រាកដថា​មាន​អ្វី​កំពុងតែ​កើតឡើង​។ នៅពេល​រាងកាយ​មាន​អ្វីមួយ​ខុស​ប្រក្រតី យើង​ច្រើន​តែមាន​អាកា​រៈ​ជាច្រើន​បង្ហាញ​ចេញ​។ នៅ​ផ្នែក​ខាងក្រៅ ការ​ស្របាំង​ភ្នែក របួស​ក្រ​ជា និង​ឃ្លាន​ជាប់​រហូត​មិនមែន​ហាក់បីដូច​ជាមាន​អ្វី​ជាប់ទាក់ទង​គ្នា​ទេ​។ ប៉ុន្តែ​កាលណា​អាកា​រៈទាំង​នេះ​កើតឡើង​ជាមួយគ្នា អ្នក​អាច​នឹង​រកឃើញថា​មាន​អ្វី​កំពុងតែ​កើតឡើង​ខុស​ប្រក្រតី​ហើយ ព្រោះ​វា​ជា​សញ្ញា​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​កំពុងតែ​ឡើង​ខ្ពស់​។​



​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក វា​ចាប់ផ្តើម​បង្កើតជា​បញ្ហា​ជាច្រើន​។ រយៈពេល​យូរ​ទៅៗ សរសៃឈាម​នឹង​ទៅជា​ខូចខាត ដែល​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ជាច្រើន​ថែមទៀត​។ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាចធ្វើ​ឲ្យ​កើតជា​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​តម្រងនោម ឬ​ខ្សោយតម្រងនោម និង​ខូច​ភ្នែក​ថែម​ទៀតផង​។​

​យក​ល្អ​គួរតែ​ព្យាយាម​ស្វែងយល់​អំពី​អា​ការៈដែល​បញ្ជាក់ថា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​សិន​ដើម្បី​អាច​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​ដូចខាងលើ​កើតឡើង​ទាន់​៖

​ឈឺ​ឈៀបៗ ក្រហាយៗ ឬ​ស្ពឹកៗ​
​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បណ្តាល​ឲ្យ​ស្ពឹក ក្រហាយ ឬ​ឈឺ​ឈៀបៗ​ក្នុង​ប្រអប់ដៃ ជើង និង​ប្រអប់ជើង​។ រឿងនេះ​បង្កឡើង​ដោយ​ជំងឺ​ទឹកនោមផ្អែម​សរសៃប្រសាទ (Diabetic Neuropathy) ដែល​វា​ជា​ផលវិបាក​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​។​

​ឃ្លាន​ជាប់​រហូត​
​កាលណា​ក្នុង​ឈាម​មិនមាន​ជាតិ​ស្ករ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ថាមពល​ដល់​រាងកាយ អ្នក​ប្រហែលជា​ត្រូវមាន​អារម្មណ៍​ឃ្លាន​រហូត ដោយសារតែ​រាងកាយ​មិនអាច​បង្កើត​ថាមពល​បាន ខណៈពេលដែល​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ច្រើន​ស្រាប់តែ​មិនអាច​ប្រើប្រាស់​បាន​។​

​នោម​ញឹក​
​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ច្រើន​អាចធ្វើ​ឲ្យ​តម្រងនោម​ធ្វើការ​កាន់តែច្រើន និង​ត្រូវការ​នោម​ញឹក​ទៀតផង​។ រឿងនេះ​នឹងធ្វើ​ឲ្យ​អ្នកជំងឺ​ឧស្សាហ៍​នោម​ខ្លាំងណាស់​។​

​ស្រេកទឹក​
​ជាមួយគ្នា​នឹង​ការ​នោម​ញឹក ជាតិ​ស្ករ​ក្នុង​តម្រងនោម និង​ទឹកនោម​អាច​នឹងធ្វើ​ឲ្យ​ស្រេកទឹក​កាន់តែខ្លាំង​។​

​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​

​នៅពេល​កោសិកា​រាងកាយ​មិនមាន​ជាតិ​ស្ករ​គ្រប់គ្រាន់​តាមតែ​ពួកគេ​ត្រូវការ​ទេ រាងកាយ​នឹងត្រូវ​រំលាយ​សាច់ដុំ និង​ខ្លាញ់​ដើម្បី​បង្កើតជា​ថាមពលជំនួស​វិញ​។ រឿងនេះ​អាចធ្វើ​ឲ្យ​ស្រក​ទម្ងន់​ភ្លាមៗ ឬ​ដោយ​មិនដឹង​មូលហេតុ​។ រឿង​ដូចគ្នានេះ​ក៏​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​បានដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​តាមដាន​ទៅលើ​ទម្ងន់​របស់ខ្លួន​ឯង​ផង​។​

​អស់កម្លាំង​
​នៅពេល​កោសិកា​របស់​រាងកាយ​មិនអាច​រក​ជាតិ​ស្ករ​ដើម្បី​បង្កើតជា​ថាមពល​បាន អ្នកជំងឺ​អាច​នឹងមាន​អារម្មណ៍​អស់កម្លាំង​ជាប់​រហូត​។​

​ពិបាក​ផ្ចង់អារម្មណ៍
​នៅពេល​រាងកាយ​មាន​លក្ខណៈ​អតុល្យភាព ចិត្តគំនិត​ក៏​រង​ការប៉ះពាល់​ដែរ​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាចធ្វើ​ឲ្យ​ពិបាក​ដល់​ការ​ផ្ចង់អារម្មណ៍ និង​បញ្ហា​ជាច្រើន​ដល់​ការចងចាំ​។​

​បន្ថយ​ការ​ជា​សះ​របួស​
​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាចធ្វើ​ឲ្យ​ខូចខាត​ដល់​សរសៃប្រសាទ​។ បើសិនជា​អ្នក​សម្គាល់​ឃើញថា របួស​ដែល​អ្នកមាន​ហាក់បីដូចជា​ក្រ​ជា យក​ល្អ​គួរតែ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មើលទៅ​។​

​វិលមុខ ឬ​ស្របាំង​ភ្នែក​
​ការវិល​មុខ និង​ស្របាំង​ភ្នែក ជាពិសេស​កើតឡើង​ភ្លាមៗ ចូរ​កុំ​ប្រ​ងើយ​ក​ន្ទើ​យ​នឹង​វា​ឲ្យ​សោះ​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក៏​អាចជា​មូលហេតុ​នៃ​អាកា​រៈទាំង​នេះដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com