ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ជនជាតិភាគតិច ផ្ដើមជំរុញការអប់រំ និងបញ្ហាសុខភាពដល់កុមារតូចក្នុងសហគមន៍
02, Dec 2017 ,
2:19 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
រតនគិរី៖ ក្រោយគម្រោង «ធានាអនាគតភ្លឺស្វាងដល់កុមារងាយរងគ្រោះ» មានរយៈពេល៣ឆ្នាំ (២០១៥-២០១៨) ដែលនឹងត្រូវបញ្ចប់ក្នុងខែកុម្ភៈខាងមុខនេះ ជនជាតិដើមភាគតិច បានប្ដេជ្ញាជំរុញការអប់រំ និងបញ្ហាសុខភាពដល់កុមារតូចៗនៅក្នុងសហគមន៍បន្តទៀត។ គម្រោងនេះ គាំទ្រថវិកាដោយសហភាពអឺរ៉ុប តាមរយៈអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់ និងភ្លែនអន្តរជាតិកម្ពុជា ដោយបានបង្កើតសាលាមត្តេយ្យមួយខ្នង ក្នុងសហគមន៍ណាយ។
ជនជាតិដើមភាគតិច និងក្រុមប្រឹក្សាឃុំ ក្នុងសហគមន៍ណាយ នៃស្រុកអណ្ដូងមាស ខេត្តរតនគិរី បានប្ដេជ្ញាជំរុញការអប់រំ និងបញ្ហាសុខភាពដល់កុមារក្នុងសហគមន៍។ ក្នុងសហគមន៍នេះ មានសាលាមត្តេយ្យសហគមន៍មួយខ្នង ដែលជាកន្លែងបណ្ដុះចំណេះដឹង និងបញ្ហាសុខភាពអនាម័យដល់កុមារក្រោមអាយុ៦ឆ្នាំ។ សាលាមត្តេយ្យសហគមន៍ណាយ ជាផ្នែកមួយ នៃគម្រោង «ធានាអនាគតភ្លឺស្វាងដល់កុមារងាយរងគ្រោះ» ដែលរួមចំណែក ក្នុងការអភិវឌ្ឍលើវិស័យអប់រំ និងបញ្ហាសុខភាព ដល់កុមារជនជាតិដើមភាគតិច ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល។
គម្រោងខាងលើ មានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៨ ហើយគម្រោងនេះ នឹងត្រូវប្រគល់ឲ្យមន្ទីរអប់រំខេត្ត ក្រុមប្រឹក្សាឃុំ និងក្រុមឪពុកម្ដាយ ដើម្បីបន្តអនុវត្ត និងមើលខុសត្រូវចាប់ពី ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រធានឃុំតាឡាវ នៃសហគមន៍ណាយ លោក ថា ប៊ុនឡុត បានលើកឡើងជុំវិញការបញ្ចប់គម្រោងនេះថា ក្រុមប្រឹក្សាឃុំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តបន្តឲ្យកាន់តែរីកចម្រើន។ ប្រធានឃុំរូបនេះ បញ្ជាក់ទៀតថា ក្រុមប្រឹក្សាឃុំ ក៏បានត្រៀមថវិកាមួយចំនួន ដែលឧបត្ថម្ភដល់គ្រូមត្តេយ្យសហគមន៍ និងក្រុមឪពុកម្ដាយផងដែរ។ លោក ថា ប៊ុនឡុត ជឿជាក់ថា សាលាមត្តេយ្យសហគមន៍ក្នុងតំបន់នេះ នឹងមាននិរន្តរភាពបន្តទៀត។
អ្នកស្រី រម៉ាម ផ្យម ជាជនជាតិភាគតិចកាចក់ បាននិយាយថា សាលាមត្តេយ្យសហគមន៍ បានជួយដល់កូនរបស់អ្នកស្រីរីកចម្រើនបានច្រើន ដោយមានការផ្លាស់ប្ដូរទាំងអនាម័យ និងការអប់រំ។ អ្នកស្រី រម៉ាម ផ្យម បញ្ជាក់ថា ក្រោយពីបញ្ចប់គម្រោងនេះ ចង់ឲ្យសាលាមានវត្តមានក្នុងសហគមន៍នេះបន្តទៀត។ ជាជនជាតិភាគតិចកាចក់ អ្នកស្រី រម៉ាម ផ្យម នឹងចូលរួមលើកកម្ពស់ការអប់រំដល់ក្មេងៗក្នុងសហគមន៍។
តាមគម្រោងខាងលើ លោក ផែន ប៊ុនធឿន ប្រធានកម្មវិធីប្រចាំខេត្តរតនគិរីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា គម្រោងនេះ បានផ្លាស់ប្ដូរឥរិយាបថរបស់ឪពុកម្ដាយទៅលើការអប់រំ និងបញ្ហាសុខភាពអនាម័យដល់កុមារតូចៗ។ ប្រធានកម្មវិធីរូបនេះ បន្តថា ពិសេសកុមារតូចៗក្រោមអាយុ៦ឆ្នាំ មានឱកាសចូលរៀនក្នុងសាលាមត្តេយ្យ ដែលជំរុញឲ្យកុមារមានភាពក្លាហាន និងមានភាពវ័យឆ្លាត។ លោក ផែន ប៊ុនធឿន បញ្ជាក់ថា បន្ទាប់ពីគម្រោងនេះបញ្ចប់ នឹងប្រគល់ជូនក្រុមប្រឹក្សាឃុំ សម្រាប់អនុវត្តបន្ត ក្រោមថវិការបស់ក្រុមប្រឹក្សាឃុំ។
សូមបញ្ជាក់ថា គម្រោង «ធានាអនាគតភ្លឺស្វាងដល់កុមារងាយរងគ្រោះ» បានជួយដល់កុមារប្រមាណ ១ពាន់នាក់ ក្នុងភូមិចំនួន ២៥ នៃស្រុកអណ្ដូកមាស និងស្រុកតាវែង ក្នុងខេត្តរតនគិរី លើបញ្ហាសុខភាព និងការអប់រំ។ គម្រោងនេះ បានជួយពង្រឹងសមត្ថភាពដល់ក្រុមឪពុកម្ដាយ ក្នុងការមើលថែទាំ និងអប់រំកុមារ និងផ្សព្វផ្សាយដល់សហគមន៍ពីសារៈសំខាន់នៃការអប់រំកុមារតូច រួមទាំងធ្វើឲ្យក្រុមប្រឹក្សាឃុំ ផ្តោតការយកចិត្តទុកដាក់លើផ្នែកគាំពារ និងអភិវឌ្ឍកុមារតូចៗផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ដើមភាគតិច
កាចក់
សហគមន៍ណាយ
កុមារ
ការអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម