ជាតិ
សង្គមជាតិ
ភាពយន្ត​ខ្លី​របស់​យុវតី​កម្ពុជា ទទួល​ជ័យលាភី​លេខ​១ ថ្នាក់​អាស៊ាន​
02, Dec 2017 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាពយន្ត​ខ្លី​ចំណងជើង​ថា «​សុបិន​អាក្រក់​» ទទួលបាន​ជ័យលាភី​លេខ​១  ពី​ការប្រកួតប្រជែង​វីដេអូ ក្នុង​តំបន់​អាស៊ាន​ក្រោម​ប្រធានបទ​«​អាស៊ាន​ប្រឆាំងនឹង​ការជួញដូរ​៖ មនុស្ស​មិនមែន​សម្រាប់​លក់​»​។ ជ័យលាភី​នេះ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​កន្លងទៅ​។



​កញ្ញា ឈន សុខ​លីន តំណាង​ជ័យលាភី​លេខ​១ ថ្លែង​នៅក្នុង​ពិធី​អបអរ​ស្នាដៃ​វីដេអូ​ខ្លី​ដែល​ទទួល​ជ័យលាភី​ថ្នាក់​តំបន់​នេះ​ថា ដំបូង​ឡើយ​នាង​គ្រាន់តែ​ចង់​សាកល្បង​កម្រិត​សមត្ថភាព​របស់ខ្លួន ធៀប​នឹង​យុវជន​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ ហើយ​ការផលិត​វីដេអូ ក៏​មិនមែន​ធ្វើ​តែម្នាក់ឯង​ដែរ​។ បើតាម កញ្ញា ឈន សុខ​លីន ការផលិត​វីដេអូ​រយៈពេល​ជាង​៤​នាទី​នេះ ទទួល​បានការ​ជ្រោមជ្រែង​ពី​មិត្តភក្តិ ទាំង​ផ្នែក​បច្ចេកទេស​ថត ការសម្ដែង និង​ការស្រាវជ្រាវ​ពី​ច្បាប់​មួយចំនួន​ទាក់ទង​នឹង​អាស៊ាន​។​



​តំណាង​កម្ពុជា​ប្រចាំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន អ្នកស្រី ហ៊ាន ប៉ូ​លី​ណេ បាន​មានប្រសាសន៍ថា ការប្រកួត​វីដេអូ​នេះ ផ្ដោត​សំខាន់​លើ​ការលើកកម្ពស់​ការយល់​ដឹង​របស់​សាធារណជន និង​យុវជន​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ លើ​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​។ ម្យ៉ាងទៀត ក៏​ជាការ​លើកទឹកចិត្ត​ដល់​ប្រទេស​អាស៊ាន​ទាំង​១០ ឲ្យ​ចូលរួម​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ដែរ​។ នេះ​ការបន្ថែម​របស់​អ្នកស្រី ប៉ូ​លី​ណេ ដែល​បន្តទៀតថា ការប្រកួត​វីដេអូ​នេះ ចែកចេញជា​ពីរ​ប្រភេទ​ធំៗ គឺ​ប្រកួតប្រជែង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ហើយ​ជ័យលាភី​លេខ​មួយ​ថ្នាក់ជាតិ ទទួលបាន​ទឹកប្រាក់​លើកទឹកចិត្ត​ចំនួន​៥០០​ដុល្លារ និង​ថ្នាក់​តំបន់​អាស៊ាន ទទួលបាន​ទឹកប្រាក់​លើកទឹកចិត្ត​ចំនួន​២​ពាន់​ដុល្លារ​អាមេរិក​។​

«​សុបិន​អាក្រក់​» ជា​ភាពយន្ត​ខ្លី និយាយ​ពីបទ​ពិសោធន៍​របស់​យុវតី​ម្នាក់​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស​។ នាង​បាន​ទៅធ្វើ​ការ​នៅតាម​ផ្ទះ​នៅឯ​បរទេស ហើយ​ម្ចាស់ផ្ទះ​បាន​ដកហូត​លិខិតឆ្លងដែន​ទុក ប្រើប្រាស់​អំពើហិង្សា និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​រូបនាង​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យុវតី​នៅក្នុង​ភាពយន្ត​ខ្លី​ដដែល​នេះ ក៏​រងគ្រោះ​ពី​ការជួញដូរ​ផ្លូវភេទ​ពី​ម្ចាស់ផ្ទះ​ដដែល​នេះដែរ​។ ចុងក្រោយ យុវតី​រងគ្រោះ ត្រូវបាន​សង្គ្រោះ និង​ត្រឡប់មក​ស្រុកកំណើត​ជួបជុំ​គ្រួសារ​វិញ ប៉ុន្តែ​ជា​អកុសល​ឪពុក​នាង​បាន​ស្លាប់​ដោយសារ​ជំងឺ នៅពេល​នាង​ត្រឡប់មកវិញ​។

សូម​ទស្សនា​ភាពយន្ត​ខ្លី​«​សុបិន​អាក្រក់​» ដែល​ទទួល​ជ័យលាភី​លេខ​១ ថ្នាក់​តំបន់​ខាងក្រោម​៖



​សូមបញ្ជាក់ថា ការប្រកួតប្រជែង​វីដេអូ​ទាំង​១០ មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន ត្រូវ​បញ្ចូនទៅ​កាន់​រដ្ឋលេខាធិកា​រអា​ស៊ាន ហើយ​រដ្ឋលេខាធិការ​អា​ស៊ាន មាន​គណៈកម្មការ​វាយរ​តម្លៃ ពី​គុណភាព​រឿង​។ គណៈកម្មការ​វាយតម្លៃ ត្រូវបាន​ជ្រើសរើស​អ្នកជំនាញ​ផ្នែក​ជួយ​ដូរ​មនុស្ស  អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស  អ្នកជំនាញ​ផ្នែក​យុវជន និង​អ្នកជំនាញ​ផ្នែក   ផលិត​វីដេអូ និង​កាត់ត​វីដេអូ​៕


Tag:
 ភាពយន្ត​
 ​ យុវជន​
 ​ អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com