ជាតិ
វីដេអូ
ឈុត​អលង្ការ​មាស​សម័យអង្គ​រ ត្រូវបាន​ដង្ហែ​ទៅ​រក្សា​នៅ​សារមន្ទីរ​ជាតិ​
02, Dec 2017 , 3:12 pm        
រូបភាព
​អលង្ការ​មាស​សម័យអង្គ​រ ត្រូវបាន​ដង្ហែ​ពី​ចក្រភព​អង់គ្លេស មកដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព នៅ​ថ្ងៃទី​២ ខែធ្នូ និង​ត្រូវបាន​យកទៅ​រក្សាទុក​ក្នុង​សារមន្ទីរ​ជាតិ​។ កម្ពុជា ចាត់ទុក​ការ​ត្រឡប់មកវិញ​នូវ​កេរ​មរតក​ដូនតា​ខ្មែរ​នេះ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​អង់គ្លេស ក៏ដូចជា​ការសហការ​ពី​ក្រុមហ៊ុន​ឯកជន​ផង​។



​ឈុត​អលង្ការ​មាស​សម័យអង្គ​រ ដែលមាន​ចំនួន​១០ គ្រឿង ត្រូវបាន​ដង្ហែ​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា បន្ទាប់ពី​ការប្រឹងប្រែង​ទាមទារ​មកវិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​ការសហការ​ពី​រាជរដ្ឋាភិបាល​អង់គ្លេស និង​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ផង​។



​លោក ហ៊ុន មា​នី ប្រតិភូ​កម្ពុជា​ម្នាក់​ក្នុងចំណោម​៦​នាក់​ដែល​បាន​ទៅ​ដង្ហែ​ឈុត​អលង្ការ​មាស​នេះ ពី​អង់គ្លេស បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ការទទួល​ត្រឡប់មកវិញ​នូវ​ឈុត​អលង្ការ​ដ៏​មានតម្លៃ​មហាសាល​នេះ គឺ​ដោយសារតែ​ការប្រឹងប្រែង និង​ការសហការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អង់គ្លេស ក៏ដូចជា​ការសហការ​ពី​ភា្ន​ក់​ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker AntoniaTozer Asian Art ។​

​លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​ដូច្នេះ​៖««​បេសកកម្ម​នេះ​គឺ​ទៅ​ទទួល អម​ដង្ហែ​ដោយ​រលូន និង​សុវត្ថិភាព អ្វី​ដែលជា​កេរ​មរតក​របស់​ដូនតា​របស់​យើង វិវត្តន៍​មក​មាតុភូមិ​កម្ពុជា​វិញ ហើយ​ទាំងអស់នេះ​ពិតជា​ផ្តល់នូវ​កិត្តិយស ដោយសារ​ខ្ញុំ​គិតថា​មានកូន​ខ្មែរ​ជាច្រើន អាចបំពេញ​បាន​នូវ​បេសកកម្ម​នេះ តែ​យើងខ្ញុំ​បានទទួល​ឱកាស​នេះ​»​។​



​ជាមួយគ្នានេះ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រូបនេះ ក៏បាន​អំពាវនាវ​ឲ្យ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ពុះពារ និង​តស៊ូ ក្នុងការ​ទាមទារ​នូវ​អ្វី​ដែលជា​កេរ​មរតក​ដូនតា​ខ្មែរ ត្រឡប់មក​កម្ពុជា​នាពេល​អនាគត​ផងដែរ​។  លោក ហ៊ុន មា​នី ថ្លែង​ដូច្នេះ​៖ «​ភារកិច្ច​នេះ គឺ​មិនមែន​ត្រឹមតែ​ចំពោះ​រាជរដ្ឋាភិបាល​ទេ ក្នុងនាម​យើង​ជា​យុវជន ក៏​យើង​ត្រូវ​ចងចាំ តាមដាន ហើយ​ធ្វើយ៉ាងណា​កុំ​ឈប់​តស៊ូ ប្រឹងប្រែង វិលត្រឡប់ និង​ទទួល​មក​បាន​នូវ​អ្វី​ដែលជា​កេរ​មរតក​ដូនតា​យើង​»

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖


​ឈុត​អលង្ការ​មាស​សម័យអង្គ​រ​ដែល​កម្ពុជា​នេះ មាន​ចំនួន​១០​គ្រឿង រួមមាន​រង្វង់​សម្រាប់​លម្អ​ព្រះ​សិរ ដើមដៃ និង​ដើមទ្រូង ក្រវិល ខ្សែក និង​ខ្សែក្រវ៉ាត់​។
​ឈុត​អលង្ការ​មាស ត្រូវបាន​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Jonathan Tucker Antonia Asian Art ស្ម័គ្រចិត្ត​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ កាលពី​អំឡុង​ខែមេសា ឆ្នាំ ២០១៧ ។ ហើយ​ការស្ម័គ្រចិត្ត​របស់​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ ដែល​សម្រេច​ប្រគល់​ឈុត​អលង្ការ​មាស​នេះ​មក​ឲ្យ​កម្ពុជា​វិញ ត្រូវបាន ក្រសួង​វប្បធម៌ ចាត់ទុកថា ជាការ​ចូលរួម​លើក​តម្លៃ​វប្បធម៌​របស់​ជាតិខ្មែរ​៕






© រក្សាសិទ្ធិដោយ thmeythmey.com