ជាតិ
លោក កឹម សុខា ស្ងៀមស្ងាត់ ខណៈ​កៅអីទាំងអស់របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ ធ្លាក់លើ​បក្ស​ដទៃ​
02, Dec 2017 , 6:20 pm        
រូបភាព
រូបភាព៖ លោក សំ សុគង់ មេធាវីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីកន្លងទៅ
រូបភាព៖ លោក សំ សុគង់ មេធាវីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីកន្លងទៅ
​ភ្នំពេញ​៖ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំក្នុងពន្ធនាគារ ដូចជាស្ងៀមស្ងាត់ ដោយគេពុំបានឃើញប្រតិកម្មរបស់លោក ទៅនឹងការបែងចែកអាសនៈ​​នៅ​គ្រប់លំដាប់​ថ្នាក់ទាំងអស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ទៅឲ្យ​គណបក្ស​ដទៃ នោះទេ។ ជាញឹកញាប់ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិរូបនេះ តែងសួរមេធាវី អំពីសំណុំរឿងផ្ទាល់ខ្លួនប៉ុណ្ណោះ។



កឹម សុខា មាន​ឥ​រិ​យាបថ​ធម្មតា ដោយ​មិនបញ្ចេញ​ប្រតិកម្ម ឬ​និយាយ​អ្វី​ទាក់ទង​នឹង​ការដកហូត​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​នានា​នោះទេ​។ លោក សំ សុ​គង់ មេធាវី​មួយរូប ដែល​តែងតែ​ទៅ​ជួប​លោក កឹម សុខា ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧​។

​លោក​មេធាវី បាន​និយាយ​បែបនេះ​ថា​៖«​គាត់ ប្រហែលជា​គិតថា គាត់ មិនអាច​ធ្វើ​អ្វី​បាន ព្រោះ​គាត់​កំពុង​ជាប់ពន្ធនាគារ​។ អ៊ីចឹង​ហើយ បានជា​គាត់ ដូចជា​ធម្មតា មិន​ប្រតិកម្ម​អ្វី​ទេ​»​។

​លោក សំ សុ​គង់ បន្តថា ពេល​ជួបគ្នា លោក កឹម សុខា យកចិត្តទុកដាក់ និង​សួរ​ពី​នីតិវិធី ក៏ដូចជា​បញ្ហា​ផ្លូវច្បាប់​ផ្សេងៗ ដែល​ទាក់ទង​នឹង​សំណុំរឿង​ផ្ទាល់ខ្លួន​របស់លោក តែប៉ុណ្ណោះ​។ ចំណែក​រឿង​ផ្សេង លោក​មេធាវី អះអាងថា លោក កឹម សុខា មិនសូវ​ផ្តោតអារម្មណ៍​ឡើយ​។ 

ឥរិយាបទលោក កឹម សុខា នៅពេលនេះ មិនខុសពីពេលដែលអតីតគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងចំណាត់របស់តុលាការកំពូល កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧នោះទេ។ កាលនោះ លោក កឹម សុខា បានរក្សាភាពស្ងៀមស្ងាត់ ដូចពេលនេះដែរ ដោយលោក ពុំបានពឹងពាក់មេធាវី ឬដាក់ឯកសារទៅតុលាការកំពូល ដើម្បីតតាំងតាមផ្លូវច្បាប់អ្វីឡើយ។ 

​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងតំណាក់កាល​នៃ​ការ​ស៊ើបសួរ ដោយ​មិនទាន់​ឆ្លង​ទៅដល់​ការជំនុំជម្រះ​នោះទេ​។ ប៉ុន្មាន​ថ្ងៃមុន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​សួរចម្លើយ​លោក កឹម សុខា ដល់​ពន្ធនាគារ​ម្តង​រួចមកហើយ​។ បើតាម​លោក​មេធាវី សំ សុ​គង់ ចៅក្រម​ស៊ើបសួរ នឹង​ទៅ​សួរ​លោក កឹម សុខា សាជាថ្មី នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២0១៧ ខាងមុខនេះ​។​

​ព្រោះតែ​សង្ស័យថា លោក កឹម សុខា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ទើបបានជា​តុលាការ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ចាប់ខ្លួន​ដល់​គេហដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ តុលាការ យក​វីដេអូ​ឃ្លី​ប​មួយ ដែលលោក កឹម សុខា បាន​និយាយ​តាំង​ប៉ុន្មាន​ឆ្នាំមុន ទៅធ្វើជា​អង្គហេតុ​ក្នុងការ​ចាប់ខ្លួន និង​ដាក់លោក កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការសង្ស័យថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា ខ្លួន​មាន​អ្នកជំនាញ​ជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជួយ​ជ្រោមជ្រែង ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​កនៅ​កម្ពុជា​។ ក្តី​សង្ស័យ​លើ​លោក កឹម សុខា ជុំវិញ​អំពើ​ក្បត់ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ យកទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ 

​ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​លោក កឹម សុខា ដែរ ហើយក៏​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយចោល​។ នៅ​ទីបំផុត តុលាការ​កំពូល បាន​បើកសវនាការ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ហើយក៏​សម្រេច​រំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចោល និង​ហាម​ថ្នាក់ដឹកនាំ​១១៨​រូប នៃ​គណបក្ស​នេះ ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។​

​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​រួចហើយ អាសនៈ​និង​ភាពជា​តំណាង​ទាំងអស់​របស់​គណបក្ស​នេះ ក៏​ត្រូវអស់​សុពលភាព​។ មកដល់ពេលនេះ អាសនៈ​នៅ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​របស់​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកទៅ​ឲ្យ​គណបក្ស​ដទៃ​អស់ហើយ​៕


Tag:
 CNRP
  កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com