ជាតិ
កម្ពុជា​ជាប់​ជា​ប្រធាន​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ផ្នែក​ការពារ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ
03, Dec 2017 , 10:53 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​មិន​ត្រឹមតែ​បន្ត​ធ្វើជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល នៃ​ពិធីសារ​ទី​ពីរ​ឆ្នាំ​១៩៩៩ របស់​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ ស្ដីពី​ការ​កា​ពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ សម្រាប់​អាណត្តិ​៤​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​នេះ​ទៀតផង​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​១​ខែធ្នូ​។​



​តាមរយៈ​ការបោះឆ្នោត​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៧​នៃ​រដ្ឋ​ភាគី​នៃ​ពិធីសារ​ទី​ពីរ ឆ្នាំ​១៩៩៩ របស់​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ ស្ដីពី​ការ​កា​ពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង កម្ពុជា​បាន​បន្ត​ជាប់ឆ្នោត​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល នៃ​ពិធីសារ​ទី​ពីរ​ឆ្នាំ​១៩៩៩ របស់​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៧-២០២១​។ លើសពីនេះ កម្ពុជា​ត្រូវបាន​អង្គប្រជុំ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​នេះ​ទៀតផង​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើកឡើងថា ជោគជ័យ​ទាំងនេះ គឺ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ការទទួលស្គាល់​របស់​ស​ហគ​មន៍​អន្តរជាតិ ចំពោះ​គោលនយោបាយ​វប្បធម៌​ជាតិ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​ក្រសួង​បន្ថែមថា កម្ពុជា​នឹង​ប្ដេជ្ញា​បេសកកម្ម​របស់ខ្លួន​យ៉ាង​ជិតស្និត​ថែមទៀត ជាមួយ​គណៈកម្មាធិការ​នានា ក៏ដូចជា​រដ្ឋ​ភាគី​ទាំងអស់ សំដៅ​លើកកម្ពស់​ការអនុវត្ត​អនុសញ្ញា​ដ៏​មាន​សារៈសំខាន់​នេះ និង​ដើម្បី​រួមចំណែក​ថែរក្សា ការពារ​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​សម្រាប់​អនុ​ជន​ជំនាន់​ក្រោយ​៕



Tag:
 វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com