ពីនេះ ពីនោះ
×
កំណាព្យ លិខិតមិត្តអ្នកអាន ( បទពាក្យប្រាំពីរ )
១. ខ្ញុំសូមសម្តែងថ្លែងពាក្យពេចន៍ សេចក្តីរំលេចក្នុងប្រធាន
ពីសុរាគ្រឿងអវិជ្ជមាន នឹងរកវិធានមកទប់ស្កាត់។
២. បញ្ហាសុរាមានរាល់ថ្ងៃ គួរតែសំចៃគិតចែងចាត់
យុវជនប្រុសស្រីត្រូវម៉ឺងម៉ាត់ ពួតដៃបំបាត់ទាំងអស់គ្នា។
៣. សុរាជាទឹកប្តូរនិស្ស័យ គួរជនប្រុសស្រីគិតម្នីម្នា
យល់ច្បាស់ឲ្យបានគ្រប់វេលា ទើបបានសុខជាផុតគ្រោះថ្នាក់។
៤. សុរាជាគ្រឿងប្រើហិង្សា ពេលសេពកាលណាមិនដឹងប្រាណ
វាយកូនប្រពន្ធញាតិសន្តាន នៅគ្រប់ទីឋានគ្មានប្រណី។
៥. មួយទៀតសុរាអាចធ្វើឲ្យ ខួរក្បាលចុះខ្សោយផ្នែកស្មារតី
វង្វេងវង្វាន់ឥតដឹងអី សេពលើសមេត្រីខាតបង់ការណ៍។
៦. គ្រោះចរាចរណ៍ខ្វាត់ខ្វែងពិត ឆក់យកជីវិតឥតមេត្តា
ស្រាជាចំណោទចោទបញ្ហា ព្រោះតែសុរាគ្រឿងអប្រិយ។
៧. ក្នុងនាមជាខ្មែរពូជខេមរា សាមគ្គីហានក្លាឃ្មាតលកលៃ
គិតគូរពីរឿងស្រាអប្រិយ ឲ្យអស់សេចក្តីបានថ្លៃថ្លា។
៨. បដាតាមផ្លូវត្រូវរុះរើ ដោយមិនស្ទាក់ស្ទើរទើបបានការ
តាំងចិត្តធ្វើអស់ពីចិន្តា រួមទាំងបណ្តាពាណិជ្ជកម្ម។
៩.តូចធំជុំជិតគ្រប់ទិសទី ទូទាំងរមណីយ៍ត្រូវចងចាំ
អនុសាសន៍ថ្លាថ្លៃបានផ្តែផ្តាំ បានកត់ចំណាំតាមសម្តី។
១០. សម្តេច ហ៊ុន សែនថ្លែងសុក្រិត លើកពាក្យភាសិតបង្កប់ន័យ
ថ្ងៃនេះថ្ងៃស្អែកគួរគប្បី កុំឲ្យមានភ័យដោយសារស្រា។
១១. រីឯការផ្សាយតាមទូរទស្សន៍ ត្រូវឥតមានមោះតាមតម្រា
ឲ្យជនគ្រប់រូបចៀសវាងណា ពេលសេពសុរាកុំបើកបរ។
១២. ចំណែលតន្ត្រីផ្នែកស្រាបៀរ គឺជាយុទ្ធនាការបង្ក
ឲ្យញាតិគ្រប់វ័យផ្អើលឈូឆរ ចង់សេពសាក លតាមតារា។
១៣.យើងត្រូវមានចិត្តគិតទុកដាក់ ឲ្យឃើញពិតជាក់គ្រប់ហេតុការណ៍
ដែលបណ្តាលពីគ្រឿងឫស្សា គ្រឿងអត់បានការនាំទុកភ័យ។
១៤. នេះផលប៉ះពាល់នៃសុរា គួរពិចារណាគ្រប់ៗវ័យ
កុំសេពស្រាក្រោមដប់ប្រាំបី ឆ្នាំនៅក្មេងខ្ចីខ្លីវិជ្ជា។
១៥. ត្រូវខិតខំរៀនយកចំណេះ វិជ្ជាដែលចេះធ្វើកិច្ចការ
ចូលរួមបម្រើរាជរដ្ឋា ឲ្យបានមុខការតកូនចៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com