ជាតិ
សេដ្ឋកិច្ច
លោក ឈួ​ម ពិសិដ្ឋ ពី​ក្រុមហ៊ុន DirexPlay ចែករំលែក​បទពិសោធ​«​ការបើក​អាជីវកម្ម​ថ្មី​»
03, Dec 2017 , 9:59 pm         994
រូបភាព
រូបពី Global Alumni Convention
រូបពី Global Alumni Convention
​ភ្នំពេញ​៖ ដោយ​ការស្រឡាញ់​ក្នុង​ផ្នែក​ហ្គេម លោក ឈួ​ម ពិសិដ្ឋ និង​ដៃគូ​បីនាក់​ផ្សេងទៀត​របស់លោក បាន​បង្កើត​អាជីវកម្ម​ផលិត​ហ្គេម​កម្សាន្ត តាំងពី​ពេល​នៅ​សិក្សា​មក​ម្លេះ​។ ចំណុច​សំខាន់​នៃ​ដំណើរការ​អាជីវកម្ម​មួយ​នេះ​មកដល់​បច្ចុប្បន្ន គឺ​ដោយសារ​តែមាន​ក្រុមការងារ​ដែលមាន​ចំណូលចិត្ត និង​ចក្ខុវិស័យ​ដូចគ្នា បើទោះជា​អាជីវ​កម្មនេះ​ជួប​បញ្ហា​ខ្វះខាត​ថវិកា​ក៏ដោយ​។ លោក ឈួ​ម ពិសិដ្ឋ ដែលជា​សហ​ស្ថាបនិក និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ផលិត​ហ្គេម​កម្សាន្ត DirexPlay បាន​ចែករំលែក​បទពិសោធ​ជុំវិញ​ការបើក​អាជីវកម្ម​ថ្មី ឬ startup business នេះ​។​


​ដើម្បី​ជ្រាប​ច្បាស់ សូម​អាន​បទ​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង លោក ឈួ​ម ពិសិដ្ឋ ដូចតទៅ​៖




​លោក ញ៉ុ​ង ហេង​៖ តើ​លោក​ចេះ​សំឡឹង​ឱកាស​ទីផ្សារ​ដោយ​ដូចម្ដេច ទាំង​ដែល​លោក​មិនដែល​ប្រឡូក​ក្នុង​អាជីវកម្ម​ផង​នោះ​?
​លោក ឈួ​ម ពិសិដ្ឋ​៖ យើង​មើលឃើញ​សន្ទុះ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា ក៏​ដូច​នៅលើ​ពិភពលោក​ដែរ ហើយ​ម្យ៉ាង​ដោយ​ក្រុម​យើង​មាន​ជំនាញ​ពាក់ព័ន្ធ​ផង ដូចនេះ​យើង​អាច​ផ្ដុំគ្នា​ដើម្បី​បង្កើត​ផលិតផល​ហ្គេម ដាក់​ឲ្យ​គេ​ប្រើប្រាស់​នៅលើ​ស្មា​ត​ហ្វូ​ន​។ យើង​ធ្វើ​ហ្គេម ព្រោះ​នរណា​ក៏​គេ​លេង​ដែរ ទោះ​ចាស់ ឬ​ក្មេង​។​

​លោក ញ៉ុ​ង ហេង​៖ លោក​ស្រឡាញ់​អាជីវកម្ម​នេះ​ទេ បើ​លោក​សិក្សា​ផ្នែក​វិស្វកម្ម​សំណង់​ឯណោះ​ទេ​? ហើយ​តើ​លោក​បាន​ជំនាញ​ពី​ណា​ដើម្បី​ធ្វើ​វា​?
​លោក ឈួ​ម ពិសិដ្ឋ​៖ ចំណុច​ទី​១ ដែល​យើង​សម្រេច​បង្កើត​អាជីវ​កម្មនេះ ព្រោះ​យើង​ស្រឡាញ់​វា​។ វា​មិនចាំបាច់​ថា​យើង​រៀន​វិស្វកម្ម ហើយ​ត្រូវ​ចងជើង​យើង​ជាប់​នឹង​ជំនាញ​នេះ​ទេ​។ សំខាន់​យើង​ស្រឡាញ់​លើ​ផ្នែក​ហ្គេម​នេះ​។ ហើយ​ជំនាញ ចំណេះដឹង​ថ្មី យើង​អាច​ទទួលបាន​វា ឲ្យ​តែ​យើង​ស្រឡាញ់​វា គឺ​យើង​អាច​ស្រាវជ្រាវ​។

​លោក ញ៉ុ​ង ហេង​៖ តើ​លោក​មាន​ទំនុកចិត្ត​យ៉ាងដូចម្ដេច ថា​បើក​អាជីវ​កម្មនេះ​អាច​ដំណើរការ​ទៅបាន​? ហើយ​នរណា​ជា​គូប្រជែង​ក្នុង​ទីផ្សារ​ហ្គេម​?
​លោក ឈួ​ម ពិសិដ្ឋ​៖ ទីផ្សារ​ហ្គេម គឺ​ទូលំទូលាយ​ណាស់ ពិសេស​ក្រុមហ៊ុន​ធំៗ​ពី​អឺរ៉ុប និង​អាមេរិក ដែល​គេ​ចំណាយលុយ​ច្រើន​ដើម្បី​ចូល​ទីផ្សារ​នៅ​អាស៊ី​។ ហើយ​យើង​បើក​អាជីវ​កម្មនេះ ដោយ​យើង​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​អាស៊ី​នេះដែរ ហើយ​យើង​នៅ​អាស៊ី​នេះ​ស្រាប់ ដូចនេះ​យើង​ប្រកួត​ជាមួយ​ទាំង​ក្រុមហ៊ុន​ធំ និង​តូច​។ ដោយឡែក​នៅ​កម្ពុជា​វិញ ទីផ្សារ​ផលិត​ហ្គេម​នៅមាន​តិចតួច​ណាស់​។​

​លោក ញ៉ុ​ង ហេង​៖ ពេល​ដំណើរការ​អាជីវកម្ម តើ​លោក​ជួបប្រទះ​បញ្ហា​អ្វីខ្លះ និង​ដោះស្រាយ​ដូចម្ដេច​?
​លោក ឈួ​ម ពិសិដ្ឋ​៖ បញ្ហា​ធនធានមនុស្ស​ជា​រឿង​សំខាន់បំផុត​។ មកដល់​សព្វថ្ងៃ​ពួកយើង​ទាំង​បួន​នាក់​ធ្វើការ​ដោយ​គុណ​ជា​បី​ជា​បួន​នៃ​ទំហំ​ការងារ​ឯណោះ​។ យើង​មិនអាច​នៅ​តូច​ដូចនេះ​រហូត​ទេ យើង​ត្រូវ​ការពង្រីក​ខ្លួន​។ យើង​ត្រូវការ​មនុស្ស​ថែម តែ​យើង​ខ្វះ​ថវិកា និង​ពិបាក​រកម​នុស្ស​ឲ្យ​ត្រូវ​នឹង​ជំនាញ​នេះ​ណាស់​។
​មួយទៀត គឺ​រឿង​ថវិកា យើង​ព្យាយាម​ចំណាយ​ត្បិតត្បៀត​។ យើង​ធ្វើការ​នៅផ្ទះ ដោយ​មិន​ជួល​ការិយាល័យ​ផ្សេង​នោះទេ​។ ឧបករណ៍​ដែល​យើង​យកមក​ធ្វើ មិនដែល​បាន​ថ្មី លឿន​ដូច​គេ គឺ​យើង​ប្រមូល​យកមក​ផ្គុំ​នូវ​របស់​ចាស់ៗ​។ ចំណូល​អាជីវកម្ម យើង​រកបាន​តាំងពី​ឆ្នាំ​ដំបូង តែ​គ្រាន់​សម្រាប់​ទប់​ចំណាយ​ថ្លៃ​ប្រតិបត្តិការ ដូចជា​ថ្លៃ​ទឹក ថ្លៃ​អគ្គិសនី​ជាដើម​ប៉ុណ្ណោះ​។ រីឯ​ចំណូល​ផ្ទាល់ខ្លួន ពួកយើង​អត់​ទទួលបាន​រយៈពេល​៤​ឆ្នាំ​។ យើង​រៀន​ផង និង​បង្កើត​ផលិតផល​ផង​។ ទើប​មកដល់​មួយឆ្នាំ​កន្លះ​ចុងក្រោយ ដែល​យើង​បង្កើត​ហ្គេម​មួយ​ល្បី ទើប​យើង​អាច​រកចំណូលបាន​សម្រាប់​ទប់​ដំណើរការ​អាជីវ​កម្មបាន​គ្រាន់បើ​ជាង​មុន​។​

​លោក ញ៉ុ​ង ហេង​៖ អ្នកបើក​អាជីវកម្ម​ថ្មី តែង​ជួប​បញ្ហា​លក់​ផលិតផល​ថ្មី​។ តើ​លោក​ដោះស្រាយ​រឿងនេះ​ដោយ​របៀប​ណា​?
លោក ឈួ​ម ពិសិដ្ឋ​៖ នេះ​ជា​រឿង​ទូទៅ​ក្នុង​ការបើក​អាជីវកម្ម​។ ផលិតផល​របស់​យើង​គឺ​ដូចគ្នា​។ យើង​ចង់​ឲ្យ​គេ​ស្គាល់​លុះ​ណា​យើង​ប្រើ​លុយ តែ​យើង​អត់លុយ​រាប់ពាន់ រាប់ម៉ឺន​ដុល្លារ​នោះទេ ដូចនេះ​យើង​ត្រូវ​ចាប់​ដៃគូ ដែល​អាច​ផ្ដល់​ប្រយោជន៍​គ្នា​ទៅវិញទៅមក គឺ​យើង​ភ្ជាប់​ផលិតផល​នឹង​គ្នា​។​

​លោក ញ៉ុ​ង ហេង​៖ តើ​លោក​អាចបង្កើត​ក្រុមការងារ ដែលមាន​ឆន្ទៈ ចក្ខុវិស័យ​ដូចគ្នា ដោយ​វិធី​ណា​?
​លោក ឈួ​ម ពិសិដ្ឋ​៖ យើង​អាច​ថា​ជា​សំណាង​ក៏​ថា​បាន ដោយ​ពួកយើង​ជា​បងប្អូន​នឹង​គ្នា​។ ហើយ​យើង​មាន​ជំនាញ​រៀងៗ​ខ្លួន ដែល​អាច​ផ្គុំ​គ្នា​ទៅមុខ​បាន​។ រឿងនេះ​ពិ​កបាក​ដែរ ដែល​យើង​អាច​រកគ្នា​បាន ហើយ​ត្រូវ​តាម​ជំនាញ​តាម​ផ្នែក​នីមួយៗ​។​

​លោក ញ៉ុ​ង ហេង​៖ តើ​លោក​ជឿជាក់ថា អាជីវកម្ម​របស់លោក​ដំណើរការបាន​ច្រើន​ឆ្នាំ​ដែរ ឬទេ​? ហើយ​អ្វី​ជា​ស្នូល​ដែល​រុញ​ដំណើការ​នេះ​?
​លោក ឈួ​ម ពិសិដ្ឋ​៖ យើង​មិនមែន​ផ្ដោតលើ​រឿង​ប្រាក់​នោះទេ​។ អ្វីដែល​យើង​ផ្ដោត​សំខាន់ គឺ​ស្នាដៃ​។ យើង​ព្យាយាម​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព​។ ហើយ​ក្រុម​យើង​យល់​បែបនេះ​ដូចគ្នា ដែល​ធ្វើ​ឲ្យ​យើង​ស៊ីចង្វាក់​គ្នា​ធ្វើ​កិច្ចការ​នេះ​។ រឿង​លុយ គឺ​មក​តាម​ក្រោយ​នោះទេ​។​

​លោក ញ៉ុ​ង ហេង​៖ ការបើក​អាជីវកម្ម​ថ្មី​មួយចំនួន ដែល​បើក​ហើយ​បិទ​ទៅវិញ តើ​លោ​កថា​មកពី​កត្តា​អ្វី​ដែរ​?
​លោក ឈួ​ម ពិសិដ្ឋ​៖  ក្រុមហ៊ុន​ខ្លះ​ជួប​បញ្ហា​បែកបាក់​សាមគ្គី និង​កង្វះ​ថវិកា​។ ពេលខ្លះ ពួកគេ​ចេញ​ផលិតផល​អ្វីមួយ តែ​ទទួលលទ្ធផល​មិនសូវ​ល្អ ហើយ​ពួកគេ​បាត់បង់​ទំនុកចិត្ត​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​។ ពេលខ្លះ​ថវិកា​ស្ដួចស្ដើង ក៏​ពួកគេ​មិន​បន្ត​ទៅមុខទៀត​៕

Tag:
 startup business
  ឈួ​ម ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next