ជាតិ
សេដ្ឋកិច្ច
លោក ឈួម ពិសិដ្ឋ ពីក្រុមហ៊ុន DirexPlay ចែករំលែកបទពិសោធ«ការបើកអាជីវកម្មថ្មី» រូបពី Global Alumni Convention
× ភ្នំពេញ៖ ដោយការស្រឡាញ់ក្នុងផ្នែកហ្គេម លោក ឈួម ពិសិដ្ឋ និងដៃគូបីនាក់ផ្សេងទៀតរបស់លោក បានបង្កើតអាជីវកម្មផលិតហ្គេមកម្សាន្ត តាំងពីពេលនៅសិក្សាមកម្លេះ។ ចំណុចសំខាន់នៃដំណើរការអាជីវកម្មមួយនេះមកដល់បច្ចុប្បន្ន គឺដោយសារតែមានក្រុមការងារដែលមានចំណូលចិត្ត និងចក្ខុវិស័យដូចគ្នា បើទោះជាអាជីវកម្មនេះជួបបញ្ហាខ្វះខាតថវិកាក៏ដោយ។ លោក ឈួម ពិសិដ្ឋ ដែលជាសហស្ថាបនិក និងអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតហ្គេមកម្សាន្ត DirexPlay បានចែករំលែកបទពិសោធជុំវិញការបើកអាជីវកម្មថ្មី ឬ startup business នេះ។
ដើម្បីជ្រាបច្បាស់ សូមអានបទសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និង លោក ឈួម ពិសិដ្ឋ ដូចតទៅ៖
លោក ញ៉ុង ហេង៖ តើលោកចេះសំឡឹងឱកាសទីផ្សារដោយដូចម្ដេច ទាំងដែលលោកមិនដែលប្រឡូកក្នុងអាជីវកម្មផងនោះ?
លោក ឈួម ពិសិដ្ឋ៖ យើងមើលឃើញសន្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា ក៏ដូចនៅលើពិភពលោកដែរ ហើយម្យ៉ាងដោយក្រុមយើងមានជំនាញពាក់ព័ន្ធផង ដូចនេះយើងអាចផ្ដុំគ្នាដើម្បីបង្កើតផលិតផលហ្គេម ដាក់ឲ្យគេប្រើប្រាស់នៅលើស្មាតហ្វូន។ យើងធ្វើហ្គេម ព្រោះនរណាក៏គេលេងដែរ ទោះចាស់ ឬក្មេង។
លោក ញ៉ុង ហេង៖ លោកស្រឡាញ់អាជីវកម្មនេះទេ បើលោកសិក្សាផ្នែកវិស្វកម្មសំណង់ឯណោះទេ? ហើយតើលោកបានជំនាញពីណាដើម្បីធ្វើវា?
លោក ឈួម ពិសិដ្ឋ៖ ចំណុចទី១ ដែលយើងសម្រេចបង្កើតអាជីវកម្មនេះ ព្រោះយើងស្រឡាញ់វា។ វាមិនចាំបាច់ថាយើងរៀនវិស្វកម្ម ហើយត្រូវចងជើងយើងជាប់នឹងជំនាញនេះទេ។ សំខាន់យើងស្រឡាញ់លើផ្នែកហ្គេមនេះ។ ហើយជំនាញ ចំណេះដឹងថ្មី យើងអាចទទួលបានវា ឲ្យតែយើងស្រឡាញ់វា គឺយើងអាចស្រាវជ្រាវ។
លោក ញ៉ុង ហេង៖ តើលោកមានទំនុកចិត្តយ៉ាងដូចម្ដេច ថាបើកអាជីវកម្មនេះអាចដំណើរការទៅបាន? ហើយនរណាជាគូប្រជែងក្នុងទីផ្សារហ្គេម?
លោក ឈួម ពិសិដ្ឋ៖ ទីផ្សារហ្គេម គឺទូលំទូលាយណាស់ ពិសេសក្រុមហ៊ុនធំៗពីអឺរ៉ុប និងអាមេរិក ដែលគេចំណាយលុយច្រើនដើម្បីចូលទីផ្សារនៅអាស៊ី។ ហើយយើងបើកអាជីវកម្មនេះ ដោយយើងសម្លឹងឃើញឱកាសទីផ្សារអាស៊ីនេះដែរ ហើយយើងនៅអាស៊ីនេះស្រាប់ ដូចនេះយើងប្រកួតជាមួយទាំងក្រុមហ៊ុនធំ និងតូច។ ដោយឡែកនៅកម្ពុជាវិញ ទីផ្សារផលិតហ្គេមនៅមានតិចតួចណាស់។
លោក ញ៉ុង ហេង៖ ពេលដំណើរការអាជីវកម្ម តើលោកជួបប្រទះបញ្ហាអ្វីខ្លះ និងដោះស្រាយដូចម្ដេច?
លោក ឈួម ពិសិដ្ឋ៖ បញ្ហាធនធានមនុស្សជារឿងសំខាន់បំផុត។ មកដល់សព្វថ្ងៃពួកយើងទាំងបួននាក់ធ្វើការដោយគុណជាបីជាបួននៃទំហំការងារឯណោះ។ យើងមិនអាចនៅតូចដូចនេះរហូតទេ យើងត្រូវការពង្រីកខ្លួន។ យើងត្រូវការមនុស្សថែម តែយើងខ្វះថវិកា និងពិបាករកមនុស្សឲ្យត្រូវនឹងជំនាញនេះណាស់។
មួយទៀត គឺរឿងថវិកា យើងព្យាយាមចំណាយត្បិតត្បៀត។ យើងធ្វើការនៅផ្ទះ ដោយមិនជួលការិយាល័យផ្សេងនោះទេ។ ឧបករណ៍ដែលយើងយកមកធ្វើ មិនដែលបានថ្មី លឿនដូចគេ គឺយើងប្រមូលយកមកផ្គុំនូវរបស់ចាស់ៗ។ ចំណូលអាជីវកម្ម យើងរកបានតាំងពីឆ្នាំដំបូង តែគ្រាន់សម្រាប់ទប់ចំណាយថ្លៃប្រតិបត្តិការ ដូចជាថ្លៃទឹក ថ្លៃអគ្គិសនីជាដើមប៉ុណ្ណោះ។ រីឯចំណូលផ្ទាល់ខ្លួន ពួកយើងអត់ទទួលបានរយៈពេល៤ឆ្នាំ។ យើងរៀនផង និងបង្កើតផលិតផលផង។ ទើបមកដល់មួយឆ្នាំកន្លះចុងក្រោយ ដែលយើងបង្កើតហ្គេមមួយល្បី ទើបយើងអាចរកចំណូលបានសម្រាប់ទប់ដំណើរការអាជីវកម្មបានគ្រាន់បើជាងមុន។
លោក ញ៉ុង ហេង៖ អ្នកបើកអាជីវកម្មថ្មី តែងជួបបញ្ហាលក់ផលិតផលថ្មី។ តើលោកដោះស្រាយរឿងនេះដោយរបៀបណា?
លោក ឈួម ពិសិដ្ឋ៖ នេះជារឿងទូទៅក្នុងការបើកអាជីវកម្ម។ ផលិតផលរបស់យើងគឺដូចគ្នា។ យើងចង់ឲ្យគេស្គាល់លុះណាយើងប្រើលុយ តែយើងអត់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារនោះទេ ដូចនេះយើងត្រូវចាប់ដៃគូ ដែលអាចផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក គឺយើងភ្ជាប់ផលិតផលនឹងគ្នា។
លោក ញ៉ុង ហេង៖ តើលោកអាចបង្កើតក្រុមការងារ ដែលមានឆន្ទៈ ចក្ខុវិស័យដូចគ្នា ដោយវិធីណា?
លោក ឈួម ពិសិដ្ឋ៖ យើងអាចថាជាសំណាងក៏ថាបាន ដោយពួកយើងជាបងប្អូននឹងគ្នា។ ហើយយើងមានជំនាញរៀងៗខ្លួន ដែលអាចផ្គុំគ្នាទៅមុខបាន។ រឿងនេះពិកបាកដែរ ដែលយើងអាចរកគ្នាបាន ហើយត្រូវតាមជំនាញតាមផ្នែកនីមួយៗ។
លោក ញ៉ុង ហេង៖ តើលោកជឿជាក់ថា អាជីវកម្មរបស់លោកដំណើរការបានច្រើនឆ្នាំដែរ ឬទេ? ហើយអ្វីជាស្នូលដែលរុញដំណើការនេះ?
លោក ឈួម ពិសិដ្ឋ៖ យើងមិនមែនផ្ដោតលើរឿងប្រាក់នោះទេ។ អ្វីដែលយើងផ្ដោតសំខាន់ គឺស្នាដៃ។ យើងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព។ ហើយក្រុមយើងយល់បែបនេះដូចគ្នា ដែលធ្វើឲ្យយើងស៊ីចង្វាក់គ្នាធ្វើកិច្ចការនេះ។ រឿងលុយ គឺមកតាមក្រោយនោះទេ។
លោក ញ៉ុង ហេង៖ ការបើកអាជីវកម្មថ្មីមួយចំនួន ដែលបើកហើយបិទទៅវិញ តើលោកថាមកពីកត្តាអ្វីដែរ?
លោក ឈួម ពិសិដ្ឋ៖ ក្រុមហ៊ុនខ្លះជួបបញ្ហាបែកបាក់សាមគ្គី និងកង្វះថវិកា។ ពេលខ្លះ ពួកគេចេញផលិតផលអ្វីមួយ តែទទួលលទ្ធផលមិនសូវល្អ ហើយពួកគេបាត់បង់ទំនុកចិត្តរៀងៗខ្លួន ដែលធ្វើឲ្យបែកបាក់សាមគ្គី។ ពេលខ្លះថវិកាស្ដួចស្ដើង ក៏ពួកគេមិនបន្តទៅមុខទៀត៕
Tag:
startup business
ឈួម ពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com