សិល្បៈអន្តរជាតិ
អន្តរជាតិ
Selena Gomez ជាប់​ជា​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​ពិភព​តន្ត្រី ខណៈ VanderWaal ជា​តារា​លេចធ្លោ​
03, Dec 2017 , 3:54 pm        
រូបភាព
ដោយ: ធីតា
Billboard ដែលជា​ក្រុមហ៊ុន​ព័ត៌មាន​តន្ត្រី​ដ៏​ធំ​បំផុត​របស់​អាមេរិក កាលពី​ចុងខែ​វិច្ឆិកា កន្លងមក បានប្រកាស​ជ័យលាភី​ស្ត្រី​ឆ្នើម​ក្នុង​ពិភព​តន្ត្រី «Billboard Women in Music 2017» ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល Hollywood & Highland Center ក្រុង​ហូលីវូត រដ្ឋកា​លី​ហ្វ​នីញ៉ា​។ តារាចម្រៀង Selena Gomez បាន​ជាប់​ជា​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​ពិភព​តន្ត្រី ខណៈ Grace VanderWaal បាន​ពាន​ក្នុងនាម​ជា​តារាចម្រៀង​លេចធ្លោ​ប្រចាំឆ្នាំ​ផងដែរ​។​



Selena Gomez អាយុ​២៥​ឆ្នាំ បានឈ្នះ​ពាន​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ (Women of the Year Award) របស់ Billboard និង​ជា​តារាចម្រៀង​ទី​១១ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ តារាចម្រៀង​ដែលមាន​ភាពលេច​ធ្លោ​ក្នុង​ឧស្សាហកម្ម​តន្ត្រី និង​សកម្មភាព​សង្គម​ដែល​ធ្លាប់​ឈ្នះ​ពាន​កន្លងមក​រួមមាន Reba McEntire (២០០៧), Ciara (២០០៨), Beyonce (២០០៩) Fergie (២០១០) Taylor Swift (២០១១ និង​២០១៤) Katy Perry (២០១២) Pink (២០១៣) Lady Gaga (២០១៥) និង Madonna (២០១៦)​។​



Gomez បាន​ឡើង​ទទួល​ពានរង្វាន់ ជាមួយនឹង​ការ​ថ្លែង​ទាំង​ទឹកភ្នែក​។ នាង​បាន​និយាយ​ភ្លាមៗ​ថា ពានរង្វាន់ Women of the Year Award នេះ គួរតែ​បាន​ទៅលើ Francia Raisa ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​នាង​។ Raisa ដែលមាន​វត្ត​មាននៅ​ទីនោះ​ផងដែរ គឺជា​អ្នក​បរិច្ចាគ​ក្រលៀន​ដល់ Gomez ដើម្បី​ព្យាបាល​ជំងឺ​។​

«​គាត់​បាន​ជួយ​ជីវិត​របស់ខ្ញុំ​»​។ Gomez បាន​ទាំង​ទឹកភ្នែក ដោយ​ងាក​សំដៅទៅ Raisa ព្រមទាំង​សម្តែង​ការ​អរគុណ​នៅ​រាល់​ការគាំទ្រ​ទាំងអស់​សម្រាប់​រូបនាង​។​

Grace VanderWaal ក៏បានផ្តល់​ភាព​ភ្ញាក់ផ្អើល​ផងដែរ​ក្នុង​កម្មវិធី «Billboard Women in Music 2017» ដោយ​ម្ចាស់​ជ័យលាភី America’s Got Talent ឆ្នាំ​២០១៦ រូបនេះ បានឈ្នះ​ពាន «Rising Star Award» ក្នុងនាម​ជា​តារាចម្រៀង​លេចធ្លោ​ប្រចាំឆ្នាំ​។​



VanderWaal អាយុ​១៣​ឆ្នាំ បានបង្ហាញ​ក្តីរំភើប​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់​ជ័យលាភី​ដ៏​វ័យក្មេង​ម្នាក់​។ នាង​បាន​ឧទ្ទិស​ពាន Rising Star Award នេះ​ដល់​គ្រប់​មនុស្ស​ដែល​បាន​ជួយ​ជ្រោមជ្រែង​រូបនាង ជាពិសេស​នាង Heidi Klum​។​

​ពាន Rising Star Award ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយ​ជ័យលាភី​ដែល​ទទួលបាន​៩​លើក​មុន​រួមមាន Colbie Caillat, Lady Gaga, Jazmine Sullivan, Nicki Minaj, Carly Rae Jepsen, Janelle Monáe, Ariana Grande, Kelsea Ballerini និង Halsey​។​

​ពានរង្វាន់​ផ្សេងៗ​ទៀត​រួមមាន ពាន Rulebreaker Award ដែល​បាន​ទៅលើ Kehlani, ពាន Icon of the Year (Mary J.Blige), ពាន Impact Award (Solange Knowles) ពាន Breakthrough (Camila Cabello) ពាន Powerhouse (Kelly Clarkson) និង​ពាន Executive of the Year Award បាន​ទៅលើ Julie Greenwald ៕




Tag:
 Selena Gomez
  Grace VanderWaal
  Billboard
  តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com