ពីនេះ ពីនោះ
ទោះ​ធ្វើបុណ្យ​ប៉ុន​សមុទ្រ ក៏​មិនអាច​យកទៅ​លាងបាបប៉ុន​ល្អងធូលី​
03, Dec 2017 , 5:59 pm        
រូបភាព
​បុណ្យ​និង​បាប គឺជា​រឿង​ពីរ​ផ្សេងគ្នា​។ បុណ្យ មិនអាច​លុបលាង​បាប​បានទេ ហើយ​បុណ្យ​ក៏​មិនអាច​សាបសូន្យ​ដោយសារ​ការ​សាង​បាប​បានដែរ​។ ទោះបី​សាង​បុណ្យ​ប៉ុន​ផ្ទៃ​មហាសាគរ​ក៏ដោយ ក៏​អ្នក​មិនអាច​យកទៅ​លាងជម្រះ​បាប​បានដែរ សូម្បីតែ ប៉ុន​ល្អងធូលី​។​



​បុណ្យ​និង​បាប គឺជា​សភាវៈ​ពីរ​ដាច់ដោយឡែក​ពីគ្នា​។ បុណ្យ​និង​បាប មិនអាច​យកមក​ស៊ីសង​គ្នា​បានទេ​។ អ្នក​មិនអាច​ធ្វើបាប ហើយក៏​ត្រឡប់មក​ធ្វើបុណ្យ ដើម្បី​លាងជម្រះ​បាប​នោះឡើយ​។ ធ្វើអំពើ​អាក្រក់ ត្រូវតែ​ទទួលផល​បាប ធ្វើអំពើ​ល្អ ត្រូវតែ​ទទួលផល​បុណ្យ​។ នេះ​ជា​ច្បាប់ធម្មជាតិ​។​
 
​បុណ្យ​និង​បាប ប្រៀបដូចជា​ទឹក​និង​ប្រេង​។ បើទោះបីជា​ទឹក​និង​ប្រេង ស្ថិតក្នុង​កែវ​តែមួយ​ក៏ពិតមែន តែ​វត្ថុ​ទាំងពីរ​នេះ មិនអាច​ក្លាយជា​វត្ថុ​តែមួយ​ជាដាច់ខាត​។ សារធាតុ​ទឹក​នៅតែ​ជា​ទឹក សារធាតុ​ប្រេង​នៅតែ​ជា​ប្រេង​។​
 
​បុណ្យ​និង​បាប ក៏​អាច​ប្រៀបដូចជា​ដើម​ស្វាយ​និង​ដើម​បញ្ញើក្អែក​ដូច្នេះ​ដែរ​។ កុំថាឡើយ​ដើមឈើ​ដទៃ ដែល​ដុះ​ឆ្ងាយ​ពី​ដើម​ស្វាយ សូម្បីតែ​ដើម​បញ្ញើក្អែក ដែល​ដុះ​ជាប់​នឹង​ដើម​ស្វាយ​ក៏ដោយ ក៏​មិនអាច​ក្លាយទៅជា​ដើម​ស្វាយ​បានដែរ​។ ស្វាយ នៅតែ​ជា​ស្វាយ បញ្ញើក្អែក នៅតែ​ជា​បញ្ញើក្អែក​។ វ​ល្លិ៍ ដែល​ដុះ​ហ៊ុមព័ទ្ធ​ស្ទើរ​ពេញ​ដើម​ស្វាយ តែ​វ​ល្លិ៍ នៅតែ​ជាវ​ល្លិ៍ ហើយ​ស្វាយ​នៅតែ​ជា​ស្វាយ​។ វ​ល្លិ៍​មិនអាច​ក្លាយជា​ស្វាយ​បានទេ ហើយ​ស្វាយ​ក៏​មិនអាច​ក្លាយ​ជាវ​ល្លិ៍​បានដែរ​។​
 
​ឧបមា​យ៉ាងណា សេចក្តី​ពិត​នៃ​ច្បាប់ធម្មជាតិ​ក៏​ដូច្នេះ​ដែរ​។ បើ​អ្នក​ធ្វើបុណ្យ អ្នកនឹង​ទទួល​អំពើ​ជា​កុសល តែបើ​អ្នក​ធ្វើបាប អ្នក​ក៏​ត្រូវតែ​ទទួល​អំពើ​ជា​អកុសល​ដែរ​។ បាប មិនអាច​យកបុណ្យ​មក​លាងជម្រះ​បាន​បានឡើយ ហើយ​បុណ្យ ដែល​អ្នក​បានធ្វើ ក៏​មិន​រលាយ​សាបសូន្យ ដោយសារតែ​អ្នកប្រព្រឹត្ត​អំពើ​បាប​ដែរ​។ សភាវ​ទាំងពីរ​នេះ ឲ្យ​ផល​ពីរ​ផ្សេងគ្នា​ជា​ដរាប​។ នេះ​ជា​សច្ចធម៌ និង​ក្រឹត្យក្រម​ធម្មជាតិ​។
 
​សម្រាប់​ជីវិត​រស់នៅ​ជាក់ស្តែង បើ​អ្នក​កាប់​ផ្លាញ​ព្រៃឈើ កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ ប្រព្រឹត្ត​អំពើពុករលួយ ឆក់យក​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង ដីស្រែ​ចម្ការ ជិះជាន់ បៀតបៀន​ជីវិត​អ្នកដទៃ ដើម្បី​ផលប្រយោជន៍​ខ្លួន និង​ផលប្រយោជន៍​គ្រួសារ បក្សពួក ដូច្នេះ​អ្នក​ក៏​ត្រូវតែ​ទទួលរង​នូវ​ផល​នៃ​អំពើ​បាប​នេះដែរ​។ អ្នក​មិនអាច​សាង​បាប​ទាំងនេះហើយ រួច​ទៅធ្វើ​បុណ្យ ដើម្បី​លាងបាប​នោះទេ​។ បើទោះបីជា​អ្នកធ្វើ​បុណ្យកឋិន ចំណាយ​ទ្រព្យ​កសាង​ព្រះពុទ្ធ​ប្បដិមា​គ្រប់​ព្រះវិហារ ឬ​កសាង​ព្រះវិហារ​គ្រប់​វត្ត​អារាម​ក៏ដោយ ក៏​អ្នក​មិនអាច​យកមក ដោះដូរ​ជាមួយនឹង​អំពើ​បាប ដែល​អ្នក​បាន​ប្រព្រឹត្ត​ដែរ​។ បាប​គឺ​បាប បុណ្យ​គឺ​បុណ្យ​។ សាង​បាប​ប៉ុនណា អ្នក​ត្រូវតែ​ទទួល​បាប​ប៉ុណ្ណឹង​។ សាង​បុណ្យ​ប៉ុនណា អ្នក​ក៏​ត្រូវតែ​ទទួល​បុណ្យ​ប៉ុណ្ណឹង​ដូចគ្នា​ដែរ​។
 
​ដរាបណា​ផល​បាប​មិនទាន់​ឲ្យ​ផល ជន​អវិជ្ជា​ទាំងឡាយ តែងតែ​ត្រេកអរ​នឹង​អំពើ​លាមក​ដែល​ខ្លួន​សាង ហើយ​តែងតែ​គិតថា​ខ្លួន​រួច​ផុតពី​អំពើ​បាប ឬក៏​យល់ថា​ក្នុង​លោក​នេះ​គ្មាន​អំពើ​បុណ្យ​បាប​នោះទេ​។ លុះ​ពេល​ផល​នៃ​អំពើ​បាប​ទាំងនោះ​ហុច​ផល​ឲ្យ ទើប​ជនពាល​ភ្ញាក់ខ្លួន តែ​វា​ហួសពេល​ទៅហើយ​។​
 
​បុណ្យ​បាប ប្រាកដជា​ឲ្យ​ផល តែ​គ្រាន់តែ​យើង​មិនអាច​ដឹងថា​នឹង​ឲ្យ​ផល​ពេលណា ឬក៏​ឲ្យ​ផល​យ៉ាងដូចម្តេច​ឲ្យ​ពិតប្រាកដ​។ ការដឹង​លទ្ធផល​នៃ​អំពើ​បុណ្យ​បាប គឺ​នៅពេលដែល​កម្ម​នៃ​អំពើ​ទាំងពីរ​នេះ ហុច​ផល​ឲ្យ​។​

​ផល​នៃ​អំពើ​បុណ្យ​បាប ប្រៀបដូចជា ផល​នៃ​ផ្លែស្វាយ​អ៊ីចឹង​ដែរ​។ បើ​យើង​កំពុងតែ​ដាំ​ដើម​ស្វាយ យើង​មិនអាច​សួរថា តើ​ដើម​ស្វាយ​នឹង​ផលិត​ចេញ​នូវ​ផ្លែស្វាយ​ប៉ុន្មាន​? ហើយ​ផ្លែស្វាយ​ទាំងនោះ នឹង​ដុះ​ចេញពី​មែក​ណាខ្លះ​? ហើយ​ផ្លែស្វាយ​ទាំងនោះ នឹងមាន​ទំហំ​ប៉ុនណា​ទៅ​? ធម្មជាតិ​ទាំងនេះ យើង​មិនអាច​ឆ្លើយ​បានទេ​។ អ្វីដែល​យើង​អាច​ដឹងបាន គឺ​នៅពេលដែល​ផ្លែស្វាយ​ទាំងនោះ​ដុះ​ចេញ​ជាក់ស្តែង​។​

​ទោះបីជា​ផល​នៃ​អំពើ​បាប​មិនទាន់​ឲ្យ​ផល​ជាក់ស្តែង ក្នុង​បច្ចុប្បន្នភាព​ក៏ដោយ ក៏​បុគ្គល​គ្រប់រូប​គួរតែ​ចៀសវាង​ឲ្យ​ផុតពី​ការប្រព្រឹត្ត​អំពើ​បាប​ទាំងពួង ហើយ​ងាក​មក​សាង​តែ​អំពើ​ល្អ​ទាំងពួង​វិញ ដើម្បី​ជាហេតុ​បច្ច័យ​នាំមក​នូវ​សេចក្តីសុខ​ផ្ទាល់ខ្លួន និង​សុខសន្តិភាព​ដល់​សង្គម ព្រមទាំង​ពិភពលោក​ទាំងមូល​៕


Tag:
 ធម៌​
  បុណ្យ​
  បាប​
© រក្សាសិទ្ធិដោយ thmeythmey.com